CamNews

តារា 

គូស្នេហ៍ ពេជ្រ អាវីហ្សា និងត្រូវជាប្អូនប្រុសឧកញ៉ាល្បីឈ្មោះម្នាក់ ព្រមសុំទោស អ៉ឹមជីវ៉ា បន្ទាប់ពីគំរាម

​(ភ្នំពេញ)៖ តារាសម្តែងប្រុសមានឈ្មោះល្បី​ និងមានចិត្តមនុស្សធម៌ លោក​ អ៉ឹម ជីវ៉ា ក្រោ​យ​​​ពី​រងនូវអំពើ​អយុត្តិធម៌ ត្រូវប្អូនប្រុសលោក​ឧកញ៉ា​ល្បីឈ្មោះម្នាក់ និងត្រូវជាសង្សារ​ តារា​សម្តែ​ង នាង ពេជ្រ អាវីហ្សា ប្រមាថគំរាមបាញ់សម្លាប់ នៅមុខក្លឹប៥៥ កាលពីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នោះ ឥឡូវត្រូវបានបញ្ចប់គ្នា​ហើយ ដោយលោកព្រមទទួលយក​ ត្រឹមពាក្យសុំទោស ពីសំណាក់បុរសចិត្ត​កំណាចម្នាក់នោះ ហើយក៏មិនមានការប្ដឹងប្ដល់ ទារសំណងជំងឺចិត្ត ​អ្វីឡើយ។

លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គម​ហ្វេសប៊ុក កាលពី​ប៉ុន្មានម៉ោ​ង មុននេះ​​ថា «រឿងរ៉ាវទាំងអស់ ត្រូវបានបញ្ចប់ត្រឹមល្ងាចនេះ ហើយដោយមានការសុំទោស និងយោគយ​ល់​គ្នារវាងខ្ញុំបាទ និងក្រុមគ្រួសារ​ប្អូនរបស់ឧកញ៉ា ដែលល្បីឈ្មោះមួយរូប អ្នកដែលគំរាមសម្លាប់ខ្ញុំបាទ ដោយខ្ញុំបាទព្រមដកពាក្យបណ្តឹង ហើយក៏មិនត្រូវការសំណង សូម្បីតែមួយរយលុយខ្មែរ ដោយទទួលយកការសុំទោស ពីអ្នកដែលគំរាមបង្ករហេតុ!»។

តារាប្រុស​លោក អ៉ឹម ជីវ៉ា បានបន្តថា «ខ្ញុំបាទក៏សូមថ្លែងអំណរគុណ ដល់​លោកមេធា​វី ស្ថាប័ននានា និង​ក្រសួងពាក់ព័ន្ធ ក៏ដូចជាអង្គការក្នុង និងក្រៅរដ្ឋាភិបាល សារពត៌មានទាំងអ​ស់ ដែលបានសរសេរជួយ​ចេញមុខការពារ និងបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំបាទ ជាពិសេសបងប្អូន​ទស្សនិកជន»។

«ខ្ញុំបាទក៏សូមសំណូមពរ ដល់លោកឧកញ៉ាមួយចំនួន ដែលមានកូន ប្អូន ឬក្មួយ ដែលមានចរឹតកោ​ងកាច ប្រើអំណាច លុយកាក់ធ្វើបាបមើលងាយអ្នកក្រ សូមអប់រំ ប្អូន កូនឬក្មួយឲ្យល្អផង កុំចេះអាងតែមានលុយ ធ្វើបាបអ្នក្រខ្សត់។ ជាពិសេសឲ្យសមនឹងពាក្យ មានលុយ មានកិត្តិ​យស ឲ្យស័ក្តិសមតាមគោរម​ងារ ដែលព្រះមហាក្សត្រ ព្រះអង្គប្រទានជូន !»។ នេះជាការថ្លែ​ងបញ្ជាក់ បន្ថែមពីលោក អ៉ឹម ជីវ៉ា​។

សូមបញ្ជាក់ថា តារាសម្ដែង និងជាពិធីករ លោក អ៉ឹម ជីវ៉ា បានជួបនូវរឿងរ៉ាវ​មិននឹកស្មានដល់មួយ នាយប់ថ្ងៃទី០៤ ខែកញ្ញា បន្ទាប់​ពីបានប៉ះពាក្យសម្ដី​គ្នាខ្លាំងៗ ជាមួយបុរសម្នាក់​ដែលគេស្គាល់ថា ជាគូស្នេហ៍របស់តារាសម្ដែង សាច់សខ្ចីសិចស៊ី នាង ពេជ្រ អាវីហ្សា និងត្រូវជាប្អូនប្រុស របស់លោកឧកញ៉ា​សម្បូរទ្រព្យ មានឈ្មោះល្បី​ខាងជំនួញម្នាក់ផងដែរ រហូតដល់បុរសជាប្អូនប្រុសលោកឧកញ៉ា បានប្រើពាក្យប្រមាថកាតទាន​ធ្ងន់ធ្ងរ និងគំរាមសម្លាប់ លោក អ៉ឹម ជីវ៉ា ទៀតផង។

ទង្វើមិនសមរម្យ អាងទ្រព្យសម្បត្តិ អាចអំណាចបងប្រុស​​ជាឧកញ៉ាបែបនេះ បានធ្វើឲ្យមហាជនធ្វើការ​រិះគន់ធ្ងន់ៗ ចំពោះកាយវិការ​មិន​អាចទទួល​យក​បាន ពីសំណាក់ប្អូនប្រុស លោកឧកញ៉ារូបនោះ ប៉ុន្តែដោយសារតែខ្លាចសំណាញ់ច្បាប់ និងមានការយោគយល់ ពីលោក អ៉ឹម ជីវ៉ា ផងនោះ ទើបលោក​ព្រមទទួលយក ការសុំទោសពីជនបង្កហេតុ ហើយស្នើកុំមានទង្វើបែបនេះ​ ជាមួយរូបលោក និងអ្នកដទៃបន្តទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Em chiva