CamNews

តារា 

សុន ស្រីពេជ្រ​ ទម្លាយ​ការ​ពិត​ ក្នុង​អាថ៌​កំបាំង​​រង្គោះ​រង្គើ​​ស្នេហា​​ ជាមួយ​​គូ​ដណ្ដឹង​ រហូត​​ឈាន

(ភ្នំពេញ)៖ ស្របពេលជាមួយគ្នា នៃការបែកធ្លាយដំណឹងប្រេះឆាស្នេហ៍ រហូតឈានដល់ដំណាក់កាល នៃការផ្តាច់ពាក្យគ្នា រវាងតារាចម្រៀងស្រី កញ្ញា សុន ស្រីពេជ្រ ជាមួយគូស្នេហ៍ ដែលមានឋានៈជាមន្រ្តីបម្រើការងារ នៅស្ថាប័នរដ្ឋមួយ វ័យប្រមាណ៣០ឆ្នាំប្លាយនោះ ភ្លាមៗនេះតារាចម្រៀងកញ្ញា សុន ស្រីពេជ្រ បានដាច់ចិត្តចេញមុខទម្លាយប្រាប់ ពីការពិត និងទទួលស្គាល់ថា ពិតជាមានរឿងបែបនេះកើតឡើងមែន។

ដើម្បីជាការជម្រះមន្ទិលសង្ស័យ ពីមហាជនតារាស្រី កញ្ញា ស៊ុន ស្រីពេជ្រ កាលពីថ្មីៗនេះ បានចេញមុខប្រកាសទម្លាយប្រាប់ពីការនៃដំណឹង បែបបាក់ស្នេហានេះថា «គឺពិត១០០ភាគរយ មានហេតុ ទើបមានផល មានភ្លើងទើបមានផ្សែង មិនមែននៅសុខៗក៏បែកគ្នានោះទេ អរគុណណាស់ទេវតា ដែលមិនបំផ្លាញអនាគតខ្ញុំ អរគុណដែលឲ្យខ្ញុំដឹងរឿងទាន់ពេល អាណិតតែពុកទេ តែបើពុកដឹង ពុកនឹងឱបកូនស្រីយ៉ាងណែន ហើយនិយាយប្រាប់កូនស្រីថា មិនអីទេកូន អ្វីៗនឹងប្រសើរឡើង តែនេះពុកនិយាយមិនកើតទេ!»។

តារាចម្រៀងសម្លេងពីរោះដូចសារិកា របស់ផលិតកម្មហង្សមាស កញ្ញា សុន ស្រីពេជ្រ បាននិយាយទៀតថា «តើពុកនឹងឈឺចាប់ណែនក្នុងទ្រូងយ៉ាងណាទៅ មនុស្សដែលពុកស្រឡាញ់បំផុត តែឲ្យពុកឈឺចាប់បំផុត តែកូនឈឺណាស់ពុក កូននឹងត្រូវទៅណាមកណា ត្រូវប្រឈមមុខហត់នឹងឆ្លើយសំណួរគេគ្រប់គ្នា ពីរឿងនេះ សូមបងប្អូនកុំទម្លាក់កំហុស ទៅលើអ្នកសិល្បៈ ទាំងមិនបានដឹងរឿងច្បាស់ អ្នកសិល្បៈក៏ចង់មានគ្រួសារមួយ និងមួយប្រកបដោយសុភមង្គល ដូចគេឯងគ្រប់គ្នាដែរ!»។

ជាមួយគ្នានេះតារាចម្រៀងស្រី កញ្ញា សុន ស្រីពេជ្រ បានបញ្ជាក់បន្ថែមថា «ខ្ញុំមិនស្អប់នរណាម្នាក់ទេ ព្រោះមិនមែនគូ ចុងក្រោយសូមអរគុណបងប្អូនទាំងអស់ ដែលនៅតែគាំទ្រ និងលើកទឹកចិត្តនាងខ្ញុំ សូមជួបតែក្តីសុខ តែសូមអ្នកឯងប្រយ័ត្នផង ព្រោះអ្នកសាងអីទទួលផលនោះ ដូចគ្នា កម្មមានពិតមិនចាំជាតិក្រោយទេ!»។

សូមបញ្ជាក់ថា តារាចម្រៀងសម្លេងពីរោះដូចសារិកា របស់ផលិតកម្មហង្សមាស កញ្ញាសុន ស្រីពេជ្រ បានរៀបចំធ្វើពិធីភ្ជាប់ពាក្យជាផ្លូវការ ជាមួយនឹងលោក ទាវ វិសាល ជាមន្រ្តីនៅក្នុងក្រសួងសង្គមកិច្ច វ័យប្រមាណ៣០ឆ្នាំប្លាយ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ដែលគិតរហូតមកទល់ពេលនេះ គឺមានរយៈពេល១ឆ្នាំហើយ ខណៈចំណងស្នេហ៍មួយនេះ ក៏ត្រូវបានប្រេះឆាផងនោះ ផ្ដាច់ពាក្យគ្នាវិញ នៅពេលនេះ ដែលជារឿងមួយគួរឲ្យភ្ញាក់ផ្អើលបំផុត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sun sreypich