CamNews

តារា 

ស៊ុន ស្រីពេជ្រ សម្ងំបង្កាត់ ភ្លើងស្នេហ៍ ជាមួយមន្ត្រី ក្រសួងសេដ្ឋកិច្ច

ភ្នំពេញៈ តារាចម្រៀងស្រីរូបស្អាត កញ្ញា សុន ស្រីពេជ្រ ដែលកន្លងមក ធ្លាប់តែនិយាយពេញៗមាត់ថា មិនទាន់ចង់គិតពីរឿងស្នេហា ព្រោះចង់ទុកពេលគិតពី ការងារសិល្បៈនោះ ពេលនេះនាងបានចេញមុខ ទម្លាយការពិតហើយថា មួយរយៈពេលនេះ នាងបានសម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសវ័យស្របាលគ្នាម្នាក់ ដែលមានមុខងារជាមន្ត្រីក្រសួងសេដ្ឋកិច្ច ។

កន្លងមកតារាចម្រៀង ប្រចាំផលិតម្មហង្សមាស កញ្ញា សុន ស្រីពេជ្រ មិនធ្លាប់បានបង្ហាញ ពីទំនាក់ទំនងជាមួយបុរសណាម្នាក់ ជាសាធារណៈឡើយ ហើយជារឿយៗ នាងក៏តែងតែប្រកាសថា ខ្លួនមិនមានទំនាក់ទំនងជាមួយបុរសណាទេ ព្រោះនាងកំពុងតែមមាញឹក ជាមួយការងារសិល្បៈ គ្មានពេលគិតពីរឿងស្នេហា ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនោះ គឺនៅពេលថ្មីៗនេះ តារាចម្រៀងរូបនេះ បានយករូបថតរវាងនាងនិងបុរសម្នាក់ បង្ហាញភាពសិ្នទ្ធស្នាល បណ្តើរគ្នាចូលរួមកម្មវិធីជាច្រើនជាមួយគ្នា ប្រៀបដូចជាលលកញីឈ្មោល មើលទៅហាក់មានភាពផ្អែមល្ហែមជាមួយគ្នាខ្លាំងណាស់។

បើតាមប្រភពអ្នកនៅក្នុងសិល្បៈ បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី២ ខែធ្នូនេះថា តារាចម្រៀង ដែលមានកូនបង្កើតរបស់តារាកំប្លែង លោក សង់ស៊ីស កញ្ញា សុន ស្រីពេជ្រ បានសម្ងំបង្កាត់ភ្លើងស្នេហ៍ មើលចិត្តថ្លើមជាមួយគូស្នេហ៍ យូរគួរសម ហើយគ្រាន់តែនាងមិនអើពើ ទម្លាយជាសាធារណៈ ព្រោះគិតថានាងចង់ទុកពេល មើលចិត្តគ្នាឲ្យច្បាស់ បុរសដែលជាគូស្នេហ៍របស់ តារាចម្រៀងស្រីរូបនេះ គឺជាមន្ត្រីបម្រើការងារ នៅក្រសួងសេដ្ឋកិច្ច ហើយមានវ័យស្របាលៗនិង ស្រីពេជ្រ ដែរ ។

ពាក់ព័ន្ធទៅនឹងព័ត៌មានដ៏រសើប ទាក់ទងចំណងស្នេហ៍រវាង សុន ស្រីពេជ្រ និងគូស្នេហ៍នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាម ទាក់ទងទៅម្ចាស់សាម៉ីខ្លួន ជាច្រើនលើកច្រើនសា ប៉ុន្តែលេខទូរស័ព្ទរបស់នាង មិនអាចទាក់ទងបាន ។ ទោះជាយ៉ាងណា យើងនៅរង់ចាំស្វាគមន៍ ចំពោះការបកស្រាយរបស់នាង នៅពេលក្រោយផងដែរ ។

ចង់ដឹងថា គូស្នេហ៍របស់តារាចម្រៀងស្រីល្បីឈ្មោះ និងនិយមតុបតែងខ្លួន បែបស្រគត់ស្រគំ កញ្ញា សុន ស្រីពេជ្រ មានរូបសម្រស់ស្រស់សង្ហា យ៉ាងណា តោះទៅទស្សនាជាមួយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទាំងអស់គ្នា៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Sun sreypich Star news local news