CamNews

តារា 

អតីត​គូ​ដណ្ដឹង​​របស់ សុន ស្រីពេជ្រ​ ​​​ប្រកាស​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ថា ​នឹង​រៀប​​​ការ​​​​ជា​​មួយ

(ភ្នំពេញ)៖ អតីតគូដណ្ដឹងរបស់កញ្ញា សុន ស្រីពេជ្រ គឺលោក ទាវ វិសាល ដែលជាមន្ត្រីរាជការក្នុងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានប្រកាសគួរឲ្យភ្ញាក់ផ្អើលថា លោកនឹងរៀបការក្នុងពេលឆាប់ៗនេះ ជាមួយនឹងគូស្នេហ៍ថ្មី ជានារីស្រស់ឆើតឆាយ បន្ទាប់ពីបានចែកចាន ចែកឆ្នាំងគ្នា ទាំងពាក់កណ្ដាលទី មិនបានក្រាបក្បាលដល់កន្ទេល ជាមួយគ្នា នឹងតារាចម្រៀងបែបស្រគត់ស្រគំ សុន ស្រីពេជ្រ រួចមក។


ជារឿងគួរឲ្យភ្ញាក់ផ្អើល ខណៈដែលនៅសុខៗ ស្រាប់តែធ្លាយដំណឹងថា តារាចម្រៀង សុន ស្រីពេជ្រ និងគូដណ្ដឹង ត្រូវបែកផ្លូវគ្នា ក្រោមហេតុផលរៀងៗខ្លួនថា មិនអាចនឹងរួមដំណើរជាមួយគ្នា ទៅមុខជាប្ដីប្រពន្ធ ពោលគឺអស់និស្ស័យ។ ម្យ៉ាងទៀត អតីតគូដណ្ដឹងរបស់ សុន ស្រីពេជ្រ ក៏បាននារីថ្មីម្នាក់ មកស្ទាក់យកដណ្ដើមស្នេហ៍ពីនាងផងដែរ ទើបស្រីពេជ្រ សម្រេចចិត្ត ជ្រើសរើសយកផ្លូវដើរចេញ។

តារាចម្រៀងស្រី សុន ស្រីពេជ្រ ហាក់រងសំពោធផ្លូវចិត្តយ៉ាងច្រើន ណាមួយឪពុករបស់នាង មិនអាចនិយាយស្ដីបាន ក្រោយពីជំងឺលើសឈាម បានធ្វើទុក្ខជាច្រើនលើកច្រើនសារ ក្នុងឆ្នាំនេះ។ អ្វីដែលសំខាន់ការងាររកប្រាក់ ជាបន្ទុករបស់នាង និងប្អូនប្រុសស្រីមួយចំនួន ខណៈដែលអ្នកចំាចាយ ច្រើនជាងអ្នករកលុយ ធ្វើឲ្យនាងកាន់តែរងទុក្ខ។ ជាការពិត រឿងបែកបាក់ដែលគ្មានអ្នកណាម្នាក់ ប្រាថ្នាចង់ជួបឡើយ។

ខុសពី សុន ស្រីពេជ្រ ដែលរងទុក្ខសោកសៅម្នាក់ឯង ងាកមកអតីតគូដណ្ដឹងរបស់នាងវិញ គឺលោក ទាវ វិសាល ដែលទើបតែឡើងតំណែងថ្មីៗនេះ បានបញ្ចេញមុខគូស្នេហ៍ថ្មី យ៉ាងបើកចំហរហើយ ព្រមទាំងប្រកាសថា ត្រៀមរៀបការនៅឆ្នាំក្រោយនេះ ទៀតផង។ កាលពីប៉ុន្មានថ្ងៃមុននេះ លោក ទាវ វិសាល បានបណ្ដើរគូដណ្ដឹង ដែលជាស្រីស្អាត ទាន់សម័យ តុបតែងខ្លួនលក្ខណៈគូស្នេហ៍ យ៉ាងស្រស់ស្អាត ទៅចូលរួមកម្មវិធីមួយ។ ក្រៅពីបង្អួតគូស្នេហ៍ ដែលជាស្រីស្អាត កាលីបហាយសូ លោកក៏បានប្រកាសថា ត្រៀមរៀបការនៅឆ្នាំក្រោយផងដែរ ដែលធ្វើឲ្យមហាជនមួយចំនួន គក់ទ្រូង អាណិត សុន ស្រីពេជ្រ ខ្លោចចិត្ត ព្រោះបែកពីនាងមិនបានប៉ុន្មានផង អតីតកូស្នេហ៍ប្រកាសរៀបការភ្លាមៗទៅហើយ។

រឿងរ៉ាវនេះ ហាក់បីដូចជាដូចទៅនឹងបទចម្រៀងរបស់នាង មានចំណងជើងថា «សង្សាររៀបការចោលខ្ញុំ» ដែលច្រៀងរៀបរាប់ពីនារីម្នាក់ ត្រូវសង្សារការចោល ពេលនេះធ្លាក់មកលើរូបនាងខ្លួនឯង គួរឲ្យអាសូរទឹកចិត្តស្រីម្នាក់ដែលខំស្មោះ។ រឿងរ៉ាវបែកបាក់នេះ គ្មាននរណាអាចវែកញែកបានទេ ព្រោះជារឿងមនុស្សពីរនាក់ ហើយម្នាក់ៗសុទ្ធតែ មានហេតុផលរៀងៗខ្លួន រហូតមិនអាចដើររួមផ្លូវ ជាមួយគ្នាទៀតបាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sun sreypich