CamNews

តារា 

គឹម លីហ្សា ​​ស្រក់​​ទឹក​​ភ្នែក ពេល​​ដឹង​​ថា ខ្លួន​​មាន​​កូន​​ជា​​លើក​​ដំបូង

(ភ្នំពេញ)៖ អតីតតារាសម្ដែង និងជាតារាចម្រៀង ស្រីស្រស់ គឹម លីហ្សា បានបង្ហាញសារគួរឲ្យភ្ញាផ្អើលមួយ កាលពីពេលថ្មីៗនេះ ដោយរូបនាង បានសម្ដែងនូវអារម្មណ៍ត្រេកអរស្ទើរហោះ រហូតស្រក់ទឹកភ្នែក ពេលដឹងថា ខ្លួនកំពុងតែមានកូនមក​ចាប់​កំណើតក្នុងផ្ទៃ ដែលជាពេលវេលាមួយ រង់ចាំយ៉ាងអន្ទះសារបំផុត សម្រាប់ការស្វាគមន៍កូនលើកដំបូង ក្នុងជីវិតគ្រួសារ​របស់នាង ដែលបានរៀបការទៅរស់នៅជាមួយស្វាមី ក្នុងប្រទេសអូស្រ្តាលី ចាកឆ្ងាយពីស្រុកកំណើត រយៈពេលជាង២ឆ្នាំមកហើយ ។

ក្នុងបណ្ដាញសង្គម Facebook របស់តារាសម្ដែង សាច់សខ្ចី សម្ដីស្រទន់ អ្នកនាង គឹម លីហ្សា បានសរសេរប្រាប់ Friend ជាសាធារណៈ អមដោយរូបភាពលើកបង្ហាញ ប្រដាប់ពិនិត្យទឹកនោម ក្នុងបណ្ដាញមួយនេះថា «លើកទីមួយ នៅក្នុងជីវិតហើយដែរ (ដែល)ខ្ញុំរំភើប រហូតដល់ស្រក់ទឹកភ្នែក សូមស្វាគមន៍ ការមកកាន់ពិភពលោកមួយនេះ ណាកូនសំឡាញ់ ប៉ាម៉ាក់រង់ចាំជួបមុខកូនណា I love u baby..!»។

តាមរយៈសារដ៏កម្រនេះ បានបង្ហាញឲ្យឃើញថា ពិតជាចង់បានកូន ដើម្បីបង្កើនសុភមង្គលគ្រួសារប្រាកដមែន ទោះបីជានាងជាប់ដៃរវល់នឹងការងាររកស៊ី យ៉ាងណាក្ដី ក៏ការមានកូន គឺអាចបញ្ជាក់ពីសេចក្ដីសុខក្នុងគ្រួសារ កាន់តែមានភាពផ្អែមល្ហែមបន្ថែមទៀត ពោលនៅពេលនេះ អ្វីៗបានសមតាមបំណងរបស់នាង និងស្វាមី ដែលកំពុងរង់ចាំមើលមុខកូន យ៉ាងអន្ទះសារបំផុត ។

គេនៅចាំបានថា តារាចម្រៀង​ និង​បាន​វិវត្តន៍ខ្លួន​ជាអ្នកសម្តែង យ៉ាង​ប៉ិនប្រសព្វ កញ្ញា​ គឹម លីហ្សា​ បានសម្រេចចិត្ត ​ចូល​រោងការ​ តាមប្រពៃណីខ្មែរ ជាមួយស្វាមីជាអានិកជនខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី គឺលោក គីវ វុទ្ធី​ កាលពី​​​ថ្ងៃទី​១៨ ធ្នូ ២០១៣ ។ ​

បន្ទាប់ពីរៀបការរួចរាល់ នាង គឹម លីហ្សា ​បាន​បញ្ជាក់ថា នាង​​នៅ​មិនទាន់​ឆាប់​ចាកចេញ​ ទៅ​ប្រទេស​អូស្ត្រាលី​ តាម​ស្វាមី​ឆាប់​ពេក​ទេ ព្រោះ​កំពុង​រត់ការ​ចេញ​ឯកសារ​ ។ នាង​ត្រូវបន្តចូល​អុក​ឡុក​សិល្បៈមួយ​រយៈសិន​ ហោចណាស់​២ទៅ​៣ខែ​​ឯណោះ ។ ចំ​ណែក​ការ​សម្តែង​នោះ​ ក៏​កាត់​បន្ថយ​ច្រើនដែរ​ នាង​ចេញ​មុខ​តែការ​ឡើង​ច្រៀង​ តាម​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុណ្ណោះ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Kim liza