CamNews

តារា 

ក្រុមតារាចម្រៀង SISTAR និង TAHITI ដ៏ល្បីល្បាយនៅកូរ៉េ មកអង្រួនអារម្មណ៍ យុវវ័យកម្ពុជា

ភ្នំពេញៈ ក្រុមតារាចម្រៀងស្រី SISTAR និង TAHITI ដែលកំពុងពេញនិយមនៅសាធារណរដ្ឋកូរ៉េ
បានធ្វើដំណើរ មកដល់កម្ពុជា និងបានជួបជុំអ្នកគាំទ្រ ជាយុវវ័យយ៉ាងច្រើនកុះករ ដោយក្តីរំភើប
រីករាយ និងចូលរួមប្រគំតន្ត្រី ដ៏ធំ នៅកោះពេជ្រ។

ក្រុមតារាចម្រៀង SISTAR និង TAHITI ដ៏ល្បីល្បាញនេះ បានមកដល់អាកាសយានដ្ឋាន អន្តរជាតិ
ភ្នំពេញ នៅ ថ្ងៃសុក្រ ទី២៩ ខែមីនា ដើម្បីសម្តែងនៅក្នុងការប្រគំតន្រ្តីពិសេសមួយ ដែលរៀបចំឡើង
ដោយស្ថានីយទូរទស្សន៍ ស៊ី.ធី.អិន (CTN) នៅឯមជ្ឈមណ្ឌលកោះពេជ្រ ក្នុងទីក្រុងភ្នំពេញ នៅល្ងាច
ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៣ នេះ។

នៅក្នុងការបង្ហាញក្រុមតារាចម្រៀង Sistar និង Tihati ឯសណ្ឋាគារ Sunway នៅរសៀលថ្ងៃសៅរ៍ ទី
៣០ ខែ មីនា ឆ្នាំ២០១៣នេះ លោក លឹម ឃុនស្រ៊ុន អគ្គនាយករងបណ្តាញទូរទស្សន៍កម្ពុជា CTN
មានប្រសាសន៍ថា «CTN ជាស្ថានីយទូរទស្សន៍ឈានមុខគេក្នុងការ នាំមកនូវកម្មវិធីកម្សាន្ត លំដាប់
អន្តរជាតិ ក្នុងនោះរួមទាំងការ ប្រគំតន្ត្រីពិសេសៗ ដែលសម្តែងដោយតារាចម្រៀងល្បីៗ នៅលើ
ពិភពលោក ជូនដល់ទស្សនិកជននៅ ក្នុង ប្រទេសកម្ពុជា។ ចំណែកការប្រគំតន្ត្រីពិសេសនៅថ្ងៃនេះ
គឺជាការឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តរបស់ CTN ក្នុងការ ន្តបម្រើអារម្មណ៍របស់ទស្សនិកជន ជាមួយ
នឹងការប្រគំតន្រ្តី លំដាប់ពិភពលោក»។

លោក លឹម ឃុនស្រ៊ុន បន្តថា «ក្រុមតារាចម្រៀង Sistar និង Tahati គឺជាតារាចម្រៀងស្រីវ័យក្មេង
ដែលកំពុង ពេញនិយមជាងគេបំផុតនៅក្នុងប្រទេកូរ៉េ ក៏ដូចជានៅលើពិភពលោក។ ខ្ញុំជឿជាក់ថា
វត្តមានរបស់ពួកគេនៅក្នុង ប្រទេសកម្ពុជា នឹងរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ របស់ប្រ-
ទេសជាតិយើង ទៅកាន់សកលលោក ដោយ ឆ្លុះបញ្ចាំងឲ្យឃើញថា ប្រទេសកម្ពុជា គឺជាប្រទេស
មួយ ដែលកំពុងរីកចម្រើន និងមានសុវត្ថិភាព សម្រាប់ដំណើរ ទេសចរណ៍កម្សាន្ត»។

Sistar គឺជាក្រុមតារាចម្រៀងស្រីដ៏ល្បីល្បាយរបស់ប្រទេសកូរ៉េខាងត្បូង ដែលបានបង្កើតឡើង
ដោយផលិតកម្ម Starship Entertainment នៅឆ្នាំ២០១០។ សមាជិក៤នាក់របស់គេរួមមាន Hyorin,
Bora, Soyou និង Da som។ ចំណែកឯ Tahiti គឺជាក្រុមតារាចម្រៀងស្រី របស់ប្រទេសកូរ៉េដែរ
ដែលមានសមាជិក ៦នាក់ និងបង្កើត ឡើង ដោយផលិតកម្ម Dream Star Entertainment កាលពី
ដើមឆ្នាំ២០១២។

សូមជម្រាបថា បណ្តាញទូរទស្សន៍ ស៊ី.ធី.អិន (CTN) បានចាប់ផ្តើមដំណើរផ្សព្វផ្សាយជាផ្លូវការនៅ
ឆ្នាំ២០០៣ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ROYAL GROUP ហើយស្ថិតក្រោមការគ្រប់គ្រង
របស់ ក្រុមហ៊ុន CAMBO DIA BROADCA STING SERVICE (CBS)។

ក្នុងរយៈពេល១០ឆ្នាំនេះ CTN ដើរតួនាទីជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់មួយ ក្នុងវិស័យទូរទស្សន៍
ដោយបានធ្វើ ការផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ការនាំយកនូវខ្សែភាពយន្តល្បីៗពី
ក្រៅប្រទេស រួមនឹងការនាំយក នូវក្រុមតារាចម្រៀង អន្តរជាតិល្បីៗជាច្រើនមកសម្តែងនៅកម្ពុជា។

ចំពោះការប្រគំតន្រ្តី លំដាប់អន្តរជាតិនានាដែល CTN ធ្លាប់បានរៀបចំ ដូចជាការប្រគំតន្រ្តី Michael
Learns to Rock នៅឆ្នាំ២០០៥, ការប្រគំតន្ត្រី Ronan Keating និងការប្រគំតន្ត្រី Baby Vox នៅឆ្នាំ
២០០៧, ការប្រគំតន្រ្តី PARAN នៅឆ្នាំ២០០៨, ការប្រគំតន្រ្តី Sean Kingston នៅឆ្នាំ២០០៩, ការ
ប្រគំតន្ត្រី Shinee នៅឆ្នាំ២០១០ និងការប្រគំតន្រ្តី UKISS នៅឆ្នាំ២០១២៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sistar tahiti cambodia entertainment korean stars