(ភ្នំពេញ)៖ បន្ទាប់ពីបរាជ័យរឿង ស្នេហាផ្ទួនៗគ្នាចំនួនពីរលើ រហូតធ្វើឲ្យតារាស្រីវ័យក្មេងកញ្ញា សោភ័ណ្ឌ លីដា ឈឺចាប់ស្ទើរប្រេះ ថ្មីៗនេះនាងបានប្រកាសបើកបេះដូង ជ្រើសយកស្នេហ៍ថ្មីជាមួយបុរសដែលមានភក្តីស្នេហ៍ស្មោះ ស្របពេលកំពុងមានបុរសសម្បូរទ្រព្យ ជាច្រើនទាំងក្នុងនឹងក្រៅស្រុក ប្រជែងដាក់ពាក្យសុំស្ពំបេះដូង ជំនួសស្នេហ៍ចាស់។
ការប្រកាសបើកបេះដូងពីសំណាក់ តារាអភ័ព្វស្នេហ៍នាង សោភ័ណ្ឌ លីនដា ពេលនេះបានធ្វើឡើងទន្ទឹមពេលជាមួយគ្នា ដែលមុននេះបន្តិចនាងក៏ទើបសរសេរបង្ហោះ នៅលើហ្វេសប៊ុកថា សាកល្បងបើកបេះដូងម្តងទៀតមើល…..។ តាមរយៈការបង្ហោះ សារបែបនេះត្រូវបាន គេដឹងថាស្រីស្រស់ សោភ័ណ្ឌ លីនដា បានបង្ហាញសញ្ញាភ្លើងខៀវ សម្រាប់បុរសៗដែលតាមស្រលាញ់ឲ្យសេចក្តីសង្ឃឹមឡើងវិញ បន្ទាប់ពីតារារូបនេះផ្អាកអស់មួយរយៈពេលខ្លី។
ប្រាប់គេហទំព័រ Khmertalking កញ្ញា សោភ័ណ្ឌ លីនដា បាននិយាយឲ្យដឹងថានាងពិតជាបើក បេះដូងចាំទទួលយកស្នេហ៍ស្មោះ ស័គ្រសម្រាប់ពេលអនាគត់មែន។ ប៉ុន្តែនាងក៏មិនប្រាកដថា នឹងដល់គូរពិតនៅពេលណា នៅឡើយទេព្រោះការជ្រើសរើស គូរអនាគតម្តងនេះត្រូវប្រើពេលមើលចិត្តឲ្យបានយូរ ទើបហ៊ានប្រគល់បេះដូង។
កញ្ញា សោភ័ណ្ឌ លីនដា បាននិយាយបន្តថា សព្វថ្ងៃមានបុរសជាច្រើនបានទាក់ទងលួងលោមតាមស្រលាញ់ខ្ញុំច្រើន តែមិនទាន់ទុកចិត្តលើនណាម្នាក់ទេ។ ទោះបីជាខ្ញុំត្រូវបើកបេះដូងជ្រើសយកស្នេហ៍ថ្មី ក៏ពិតមែនតែក៏ត្រូវស្វែងមើលពីទឹកចិត្ត បុគ្គលដែលស្រលាញ់ដែរដោយហេតុថា ខ្លាចប៉ះចំស្នេហ៍ហេងស៊យដូនមុនៗ នាំគ្រាំគ្រាបេះដូង។ ចំពោះបុរសដែលខ្ញុំនឹងជ្រើសធ្វើគូរអនាគត គឺសំខាន់ស្រលាញ់ឲ្យតម្លៃគ្រួសារខ្ញុំ ចេះថែក្សាគ្នាទៅវិញទៅមក មិនប្រកាន់អ្នកធ្វើការងារក្រុមហ៊ុន ឬមន្រ្តីរាជការនៅឡើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី