ព័ត៌មានអន្តរជាតិ ៖ កងទ័ពជើងទឹក ចិន នឹិងបញ្ជូននាវារបស់ខ្លួន ៥ គ្រឿង ទៅចូលរួមសមយុទ្ធយោធា ជើងទឹកធំបំផុតដែលដឹកនាំដោយសហរដ្ឋអាមេរិក នារដូវក្តៅនេះ បើទោះបីជា ប្រជាជាតិ ទាំងពីរ ចិន អាមេរិក កំពុងតែ មានជម្លោះជាមួយនឹងគ្នា ពាក់ព័ន្ធនឹងប្រធានបទ សមុទ្រចិនខាងត្បូង យ៉ាងណាក៏ដោយចុះ ។
សមយុទ្ធយោធា The Rim of the Pacific exercise ឬ RIMPAC គឺជាសមយុទ្ធយោធាជើងទឹកអន្តរ ជាតិធំបំផុតលើលោក ដែលតែងតែប្រារព្ធឡើង រៀងរាល់ ២ឆ្នាំម្ង នៅរដ្ឋ Hawaii អំឡុង មិថុនា និង កក្កដា ។ ក្រុមអ្នករិះគន់ ពីរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា រួមទាំងសមាជិកសភា លោក John McCain ផងនោះ ឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែហាមមិនឲ្យចិនចូលរួមសមយុទ្ធយោធា ដើម្បី ជាការស្តែងឲ្យឃើញថា សហរដ្ឋអាមេរិកបានបដិសេធទៅនឹងសកម្មភាពយោធារបស់ចិន ។
ក្រសួងការពារជាតិ ប្រទេសចិន គូសបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍ខ្លី កាលពីថ្ងៃទី ២ មិថុនា កន្លងទៅនេះ ឲ្យដឹងថា នាវារបស់ខ្លួន ៥ គ្រឿង ក្នុងនោះ រួមមាននាវាចម្បាំង ២ គ្រឿងផងនោះ នឹង ចូលរួមសមយុទ្ធយោធាដ៏ធំប្រចាំឆ្នាំមួយនេះ ។ បើទោះបីជា ប្រទេសចិន មានការខឹងសម្បារ សហ រដ្ឋអាមេរិក ដែលបានប្រើប្រាស់កម្លាំងយោធារបស់ខ្លួន ល្បាតនៅជិតដែនកោះ ជម្លោះ សមុទ្រចិន ខាងត្បូង ក៏ដូចជា អាមេរិក រិះគន់ ដល់រដ្ឋាភិបាលចិន ដែលបានសាងសង់សម្បទាផ្សេងៗនៅលើ ដីកោះជម្លោះយ៉ាងណាក៏ដោយចុះ ក៏ប្រទេសទាំង ២ ចិន អាមេរិក នៅតែព្យាយាមបង្កើនចំណង មិត្តភាព ទំនាក់ទំនងរវាងប្រជាជាតិទាំង ២ ។
គួររំឮកថា សមយុទ្ធយោធា RIMPAC ក៏មានការចូលរួម ពីសំណាក់ ប្រទេស រុស្ស៊ីផងដែរ ដែលជា ប្រទេសមិនសូវជាចុះសម្រុងជាមួយនឹង សហរដ្ឋអាមេរិកនោះទេ ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យ ដឹងថា ចិនក៏បានចូលរួម សមយុទ្ធយោធា RIMPAC អំឡុងឆ្នាំ ២០១៤ ដូចគ្នាដែរ ដែលមានការចូល រួមពីសំណាក់ប្រជាជាតិ ច្រើនជាង ២០ លើលោក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA