CamNews

តារា 

ឱក សុគន្ធកញ្ញា ត្រូវជនអនាមិកប្រមាថ និងឲ្យទៅថតរឿង អាសអាភាស

ភ្នំពេញ៖ ពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលនៅសុខៗ ស្រាប់តែកំពូលតារា ចម្រៀងស្រីដ៏ល្បីល្បាញ ក្នុង ប្រទេសកម្ពុជា ប្រចាំក្នុងផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ស្របពេលនាងបានប្រកាសថា ចង់សម្ដែង ភាពយន្ត បែរជាត្រូវមាន ជនអគតិ ប្រមាថថា ឲ្យទៅថតភាពយន្តបែបអាសអាភាសទៅវិញ។ ទង្វើប្រមាថ ជ្រុលហួស ហេតុនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមយក្ស Facebook មើលឃើញថា ជាការរិះគន់ក្នុងន័យច្រណែនឈ្នានីស ក្នុងន័យជាន់ពន្លិច និងពេបជ្រាយដល់កិត្តិយសនាង ក្នុងនាមជាតារាល្បីម្នាក់ ទទួលបានការគាំទ្រទូទាំងប្រទេស អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ជាការពិត ក្រោយពីស្រីស្រស់ ឱក សុគន្ធកញ្ញា បានចូលក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តថ្មីមួយ នាងបានបង្ហើបពី គម្រោងចង់ ថតខ្សែភាពយន្ត ដែលជាគោលបំណង និងជាក្ដីប្រាថ្នាមួយ  ជាច្រើនឆ្នាំមកហើយ ក្រៅពីអាជីពចម្រៀង ដែលកំពុងតែជោគជ័យយ៉ាងសស្រាក់សស្រាំនេះ។ សារព័ត៌មានក្នុងស្រុកនានា ក៏បានចុះផ្សាយយ៉ាងព្រោងព្រាតថា ឱក សុគន្ធកញ្ញា ចង់ប្រឡូកក្នុងវិស័យសម្ដែងភាពយន្ត ហើយក៏មានការចែកចាយបន្ត ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាហូរហែ។ ប៉ុន្តែចំឡែកអ្វីតែយុវជនម្នាក់ បានបញ្ចេញសារនិយាយសម្ដី មិនសមរម្យដាក់នាងទៅវិញ ។

យុវជនម្នាក់ ដែលមាន Account Facebook ឈ្មោះថា «Jude Liang Liang »បាននិយាយថា ឲ្យនាងទៅថត រឿងX (រឿងអាសអាភាស) ទៅល្អជាង ដោយការបញ្ចេញសារនេះ គឺសំដៅលើការថតភាពយន្ត បែបអាសអាភាស ដែលនេះជាពាក្យសម្ដីប្រមាថ ទៅលើ ឱក សុគន្ធកញ្ញា យ៉ាងធ្ងន់ធ្ងរ ពិបាកនឹងទទួលយកណាស់សម្រាប់នាង និង អ្នកគាំទ្រ ។

អ្នកគាំទ្រតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បាននិយាយថា «ពេញចិត្ត ឬមិនពេញចិត្ត មិនគួរនិយាយសម្ដីធ្ងន់ៗ យ៉ាង នេះទេ ព្រោះ កញ្ញា ជាស្រី ជានារីខ្មែរម្នាក់ កាលបើប្រើពាក្យធ្ងន់ធ្ងរបែបនេះ ហាក់ដូចជា ប្រមាថតំលៃស្ត្រីខ្មែរឲ្យអាប់ឱន ។ ម្យ៉ាងទៀត នាងក៏ជាអ្នកសិល្បៈ តំណាងឲ្យវប្បធម៌ខ្មែរផងដែរ ហើយការនិយាយបែបនេះ ក៏កំពុងតែជាន់ឈ្លឺ តម្លៃ សិល្បៈរបស់ខ្លួនទៀតផង។

ជាការពិត សម្រាប់តារាចម្រៀងស្រីលំដាប់កំពូលរបស់ប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា ជាតារាចម្រៀងស្រីតែម្នាក់ដែល ដណ្ដើមបានតំណែង កំពូលច្រើនឆ្នាំជាប់ៗគ្មាន អ្នកណាផ្តួលបាន ទោះបីជាប្រិយភាពហាក់ថមថយជាងមុនបន្តិចក្ដី នាងនៅតែត្រូវបានមនុស្សជាច្រើន ពេញចិត្តនិងស្រឡាញ់រាប់អានដដែល ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Star News CambodiaOuk Sokunkanha