CamNews

តារា 

ចា រិទ្ធី ច្រានចោល ព័ត៌មានថា ត្រៀមគ្រងតំណែង ប្រធានសមាគមន៍ បន្តពី សុះ ម៉ាច

ភ្នំពេញ៖ ថ្មីៗនេះមានព័ត៌មានលេចឮ ដោយមានអ្នកសិល្បៈ ដែលជាសមាជិក ក្នុងសមាគមសិល្បៈជាច្រើន បាននាំគ្នា ខ្សឹបខ្សៀវថា តំណែង ប្រធានសមាគម សិល្បករខ្មែរ នៅក្នុងអាណត្តិថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងធ្លាក់ទៅលើ តារាជើងចាស់រូបសង្ហា លោក ចា រិទ្ធី ជំនួស តំណែងលោក សុះ ម៉ាច ប្រធានសមាគមចាស់។ ប៉ុន្តែក្រោយពីលេចឮ ព័ត៌មានបែបនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែម្ចាស់សាម៉ីខ្លួន លោក ចា រិទ្ធី ប្រញាប់ ចេញមុខបដិសេធភ្លាមៗថា ព័ត៌មាននេះគឺជារឿងមិនពិត ហើយលោក និង លោក សុះ ម៉ាច ក៏មិនបានដឹងពីរឿងនេះដែរ វាគ្រាន់តែជា ពាក្យចចាមអារ៉ាម គ្មានការពិតប៉ុណ្ណោះ ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នេះ អ្នករៀបចំកម្មវិធីប្រគំតន្ត្រី នៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ លោក ចា រិទ្ធី បានបកស្រាយ ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា សម្រាប់តំណែងជា ប្រធានសមាគមនោះ គឺលោកមិនដែលគិត ឬក៏ស្រមៃចង់ បានតំណែង នោះមកក្តាប់ក្នុងដៃឡើយ ។ ម្យ៉ាងវិញទៀត សមាគម រាល់ថ្ងៃគឺ ដំណើរការល្អហើយ ស្ថិតនៅក្នុងការគ្រប់គ្រង របស់ លោក សុះ ម៉ាច ។ ហេតុដូចនេះ លោកគិតថា ប្រធានសមាគមមិនចាំបាច់ប្តូរក៏បានដែរ ។

លោក ចា រិទ្ធី បានប្រាប់ឲ្យដឹងទៀតថា "តាមពិតទៅ ខ្ញុំមានការងារច្រើនខ្លាំងណាស់ គ្មានពេលទេ។ ណាមួយការងារ សិល្បៈណាមួយ ការងាររកស៊ី ផ្ទាល់ខ្លួន ខ្ញុំមានពេលឯណា ទៅមើលការខុសត្រូវ គ្រប់គ្រងសមាគមទៀតនោះ ។ សម្រាប់ព័ត៌មាន ដែលលើកឡើងថា ខ្ញុំអាចក្លាយ ជាប្រធាន សមាគម បន្តពី លោក សុះ ម៉ាច នោះ គឺមិនពិតទេ ហើយខ្ញុំ និង ម៉ាច ក៏មិនដឹងរឿងនេះដែរ ខ្ញុំពិតជាមិនដឹងទេថា ព័ត៌មាននេះ លេចចេញពី ប្រភពណា "។

បើទោះបីជាយ៉ាងណា អ្នកគ្រប់គ្រង កម្មវិធីទូរទស្សន៍មានឈ្មោះល្បីរូបនេះ បានបញ្ជាក់ យ៉ាង ច្បាស់ថា លោកមិនចង់ បានតំណែង ប្រធានសមាគម អ្វីទេ ការងាររាល់ថ្ងៃ គឺរវល់គ្មានពេលទំនេ រទៅហើយ ។ ហេតុដូច្នេះលោកចង់ មានពេលខ្លះ សម្រាប់ជីវិតខ្លួនឯង លោកគិតថា សម្រាប់តំណែងនេះ សុះ ម៉ាច គេសមនឹងបន្តតំណែង នៅអាណត្តិថ្មីនេះទៀត។ ប៉ុន្តែបើសិន ជាមាន ការបោះឆ្នោត ជ្រើសរើសប្រធាន ថ្មីមែន គឺមានអ្នកសិល្បៈ ច្រើនណាស់ ដែលមានសមត្ថភាព និងអាចគ្រងតំណែងនេះ បានមិនមែនមានតែលោកទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news