ភ្នំពេញៈ ម្តាយរបស់ពិធីការិនី កញ្ញា ឌួង ហ្សូរីដា កាលពីពេលថ្មីៗ កន្លងទៅនេះ បានធ្លាក់ខ្លួនឈឺ និងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យឯកជន មួយកន្លែង ក្នុងក្រុងភ្នំពេញ ប៉ុន្តែការសម្រាក ព្យាបាលជំងឺនោះ ហាក់ដូចជាមិនអន់ថយ ទើបតម្រូវឲ្យ នាងនាំម្តាយ ចេញទៅព្យាបាលជំងឺ នៅប្រទេសថៃភ្លាមៗ។
តាមរយៈរូបថតជាច្រើនសន្លឹក ដែលតារាស្រីមានទឹក ដមសំលេង ពីរោះរណ្តំចិត្ត កញ្ញា ឌួង ហ្សូរីដា បានបង្ហោះជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង បានសបញ្ជាក់ឲ្យ ឃើញថា តារាស្រីរូបនេះ បាននាំម្តាយរបស់នាង ឡើងយន្តហោះ ចេញទៅព្យាបាលជំងឺនៅប្រទេសថៃ។ បន្ទាប់ពី ឌួង ហ្សូរីដា បានចំណាយថវិកា និងពេលវេលាព្យាបាលជំងឺ ឲ្យម្តាយរបស់នាង អស់ជាច្រើនថ្ងៃ តែស្ថានភាពហាក់ មិនធូរស្រាល ទើបធ្វើឲ្យនាងត្រូវដកឃ្លា ពីការងារសិល្បៈ មួយរយៈពេលធំ ជូនម្តាយទៅព្យាបាលជំងឺ និង ថែទាំម្តាយនៅប្រទេសថៃ ។
នៅក្នុងការបង្ហោះរូបភាព ជាសាធារណៈនោះ កញ្ញា ហ្សូរីដា មិនបានបញ្ជាក់ច្បាស់ថា ម្តាយ ជាទីស្រលាញ់របស់នាង មិនដឹងមានជំងឺអ្វី និងមានស្ថានភាព បែបណាច្បាស់ទេ ដោយនាងគ្រាន់ តែឆ្លើយយ៉ាងខ្លី ក្នុងComment ថា “Thk all my dear for worry my mum..! We arrive bkk now..! I hope evth going better soon..!” ដែលមានន័យជាភាសាខ្មែរថា “អរគុណសម្រាប់ អ្នកទាំង អស់គ្នា ដែលបារម្ភពីម្តាយខ្ញុំ ពេលនេះយើងមកដល់ ទីក្រុងបាងកកហើយ ខ្ញុំសង្ឃឹមថាអ្វីៗ និងទៅ ជាល្អ ក្នុងពេលឆាប់ៗនេះ”។
LookingTODAY បានព្យាយាមទាក់ទងទៅ កញ្ញា ឌួង ហ្សូរីដា និង កញ្ញា ឌួង ហ្សូរីម៉ា ដើម្បីសាកសួរពីស្ថានភាព ជំងឺម្តាយរបស់នាង តែមិនអាចទាក់ទងបាន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤នេះ ខណៈទូរស័ព្ទមិនអាចខលចូល។ បើទោះជានៅមិនទាន់ដឹងថា ម្តាយរបស់ ឌួង ហ្សូរីដា មានជំងឺអ្វី និងមានស្ថានភាព យ៉ាងណានោះទេ ក៏ LookingTODAY ចូលរួមជូនពរ ឲ្យម្តាយ របស់ ហ្សូរីដា ឆាប់ជា សះស្បើយ ពីជំងឺក្នុងពេលឆាប់ៗ ខាងមុខនេះ ៕