CamNews

តារា 

គង់ ចាន់រដ្ឋា បង្កាត់​ភ្លើង​ស្នេហ៍ ជា​មួយ​តារា​កូន​ភ្លោះ ស៊ិន សុភា និង​លួច​ភ្ជាប់​ពាក្យ​ស្ងាត់ៗ

(ភ្នំពេញ)៖ ចំណងស្នេហាលួចលាក់ រវាងតារាចម្រៀង និងសម្តែងស្រី-ប្រុសមួយគូ ដែល​កើតចេញ​ពីរង្វង់សិល្បៈដូចគ្នា គឺកញ្ញា គង់ ចាន់រដ្ឋា ជាមួយតារាកូនភ្លោះ លោក ស៊ិន សុភា ពេលនេះ ត្រូវ​បានបែកធ្លាយល្បីរីកសាយ ពេញពិភពសិល្បៈ ខណៈកន្លងពួកគេ តែងព្យាយាមលាកបាំង ភ្នែកមហាជនមិនឲ្យដឹងការពិត។

បន្ទាប់ពីដំណឹងសេ្នហ៍ របស់ពួកគេត្រូវបានបែកធ្លាយ ជាសាធារណៈតារាសម្តែងកញ្ញា គង់ ចា​ន់​រដ្ឋា បានថ្លែងទទួលស្គាល់ប្រាប់ ពីការពិតដល់គេហទំព័រ Khmertalkingថា «ចាស បង! ខ្ញុំ និង ភា ពិតជាស្រលាញ់គ្នាមែន ។ យើងទាំងពីរនាក់ស្គាល់គ្នាជាង២ឆ្នាំមកហើយ ក្នុងគ្រាដែលជួបគ្នា​ចៃ​​ដន្យ​ នៅ​ហាងហ៊ុប កាកា នាកោះពេជ្រ ។ ចាប់តាំងពីថ្ងៃនោះមក គាត់(ស៊ិន សុភា ) បានផ្តើម​ទា​ក់ទង រហូតសារភាពក្តីស្រឡាញ់តែម្តង..!»។

កញ្ញា គង់ ចាន់រដ្ឋា បានបន្តថា ក្រោយពីស្វែងមើលចិត្តគ្នា អស់រយៈពេលជិត២ឆ្នាំ នាងនិងតារាកូនភ្លោះ ស៊ិន សុភា ក៏បានសម្រេចចិត្តរៀបចំពិធីភ្ជាប់ កាលពីបំណាច់ឆ្នាំ២០១៥ ដោយមានការចូលរួមដឹងឭ ពីសំណាក់មេបាចាស់ទុំទាំង សងខាងប្រមាណ២០ប៉ុណ្ណោះ។ ដោយឡែកសម្រាប់មិត្តភក្តិ រួមអាជីពសិល្បៈ នាងពុំបានប្រាប់នណាដឹងឡើយ ព្រោះគិតថា ចាំដល់វេលាចូលរោងការ ទើបប្រកាសបើកចំហ ជាសាធរណៈតែម្ដង។

តារាចម្រៀងខ្មែរអង្គរ កញ្ញា គង់ ចាន់រដ្ឋា បានបន្ថែមថា បច្ចុប្បន្នសម្ព័ន្ធភាពស្នេហា រវាងនាងជា​មួយបុរសសង្ហា កូនភ្លោះ ស៊ិន សុភា មានភាពល្អប្រសើរ ពោលគឺមានការយល់ចិត្តគ្នា ទាំងសងខាង។ ម្យ៉ាងទៀងសម្រាប់ គម្រោងអាពាហ៍ពិពាហ៍ពួកគេ ក៏កំពុងតែគិតគូបណ្តើរៗផងដែរ គ្រាន់តែមិនទាន់កំណត់ពេល ណាមួយឲ្យជាក់លាក់ទេ ប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី


Tags: kong chanrotha