CamNews

តារា 

គង់ ចាន់រដ្ឋា រើ​​បង្វេច​​ចាក​​ចេញ ពី​ផលិត​​កម្ម​ «Diamond»​ សង្ស័យ​​មាន​បញ្ហា

(ភ្នំពេញ)៖ តារាចម្រៀងរបស់ផលិតកម្ម Diamond ធ្លាប់ល្បីឈ្មោះគួរសម កញ្ញា គង់ ចាន់រដ្ឋា ខណៈ​ដែលសន្ទុះនៃការគាំទ្រ​​ និងប្រជាប្រិយភាពកំ​ពុងតែហក់ឡើង ជាថ្មីសម្រាប់ទីផ្សារចម្រៀងក្នុងស្រុក នាពេលបច្ចុប្បន្ន ស្រាប់តែ​ថ្មីៗនេះ បា​នលេចធ្លាយដំណឹងនៃការចាកចេញ ពីទ្រនំថ្មី Diamond បន្ទាប់ពីត្រូវបញ្ចប់កុងត្រា អស់រយៈពេល៣ឆ្នាំមកហើយនោះ។ ប៉ុន្តែពេលជាមួយគ្នា​នេះ ក៏មានប្រភពខ្លះសង្ស័យថា អាចមានហេតុផលផ្សេងពីនេះ ទើបនាងមិនបន្តកុងត្រាជាថ្មី។

ប្រភពពីរង្វង់សិល្បៈស្និទ្ធស្នាល ជាមួយតារាចម្រៀងស្រីកញ្ញា គង់ ចាន់រដ្ឋា បានបង្ហើបថា ការរើបង្វេចដើរចេញពី ផលិតកម្មថ្មី Diamond របស់តារាចម្រៀងរូបនេះ គឺដោយសារតែមានបញ្ហាអា​ក់អន់ស្រ​ពន់ចិត្តខ្លះៗ ជាមួយ​ភាគីខាងផលិតកម្ម ទើបនាងសម្រេចចាកចេញ ដោយមិនទទួ​លយក​ការចុះ​កុងត្រាបន្តជាថ្មី។ ប៉ុន្ដែកញ្ញា គង់ ចាន់រដ្ឋា ​បានប​ដិសេធន៍ ចំពោះរឿងនេះហើយបានបញ្ជាក់ថា ការចាកចេញរបស់នាងនៅពេ​លនេះ គឺមិនមែនស្ថិ​តនៅត្រង់ហេតុផលនេះឡើយ ពោលគឺដោយសារនាងត្រូវចប់កិច្ចសន្យា រយៈពេល៣ឆ្នាំជាមួយភាគី ផលិតកម្ម។

តារាចម្រៀង មានដើមកំណើតពីទឹកដីអង្គរ នៃខេត្តសៀមរាប កញ្ញា គង់ ចាន់រដ្ឋា បានថ្លែងប្រាប់ Khmertalking ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ថា «នេះ​ជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ក្នុងការ​ចាកចេញពីផលិតកម្ម Diamond ដោយគ្មានបង្កបញ្ហា ឬជម្លោះរវាងនាង ជាមួយភាគីផលិតកម្មឡើយ»។ កញ្ញា គង់ ចាន់រដ្ឋាថា ចាប់ពីពេលនេះ​តទៅនាងលែងជាប់ពាក់ព័ន្ធ កុងត្រាជាមួយផលិតកម្មថ្មីនេះទៀតហើយ ព្រោះកិច្ចសន្យារយៈពេល៣ឆ្នាំ​ ត្រូវបាន​ប​ញ្ច​​​ប់ជាស្ថាពរ។

កញ្ញា គង់ ចាន់រដ្ឋា និយាយបន្តថា «ខ្ញុំនឹងភាគីម្ចាស់ផលិតកម្ម បានបញ្ចប់កុងត្រា(កិច្ចសន្យា) រយៈពេល៣ឆ្នាំជាមួយគ្នា តាមការកំណត់។ ចាប់ពីពេលនេះតទៅទៀត ខ្ញុំលែងជាប់ពាក់ព័ន្ធមានឈ្មោះ ជាតារា​ច​ម្រៀងនៅក្នុងផលិតកម្ម Diamond ទៀតហើយ។ ដូច្នេះរាល់ការសម្រេច​ចូលច្រៀង ឬមិនច្រៀង​ឲ្យផលិតកម្មណាមួយនោះ វាជាសិទ្ធសម្រេចរបស់ខ្លួនខ្ញុំផ្ទាល់»។

ជាមួយគ្នានេះ ​គង់ ចាន់រដ្ឋា បានបន្ថែមថា បច្ចុប្បន្នមានផលិតកម្មក្នុងស្រុក​មួ​យ​ បានទាក់ទងចង់ឲ្យនាងចុះកុងត្រា ក្លាយជាតារាចម្រៀង នៅក្នុងផលិតកម្មមួយនោះ ប៉ុន្តែជាចម្លើយនាង មិនទាន់ឆ្លើយប្រាប់ថាយ៉ាងណានោះទេ ព្រោះស្ថិតនៅក្នុងការពិចារណានៅឡើយ​។ ​ម្យ៉ាងទៀតបើនាងសម្រេចចិត្ត ពេលណាច្បាស់ជាប្រកាសប្រាប់ ឲ្យមហាជនបានដឹង ជា​សា​ធា​រណៈជាមិនខាន។

នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ Khmertalking មិនអាចសុំការបញ្ជាក់បន្ថែម ពីភាគីម្ចាស់ផលិតកម្ម Diamon​d ជុំវិញការសម្រេចចិត្តចាកចេញ ពីសំណាក់តារាចម្រៀង កញ្ញា គង់ ចាន់​រ​ដ្ឋា បាននៅឡើយទេ ៕

 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង


Tags: Kong chanrotha