CamNews

ព័ត៌មានអន្តរជាតិ 

មីយ៉ាន់ម៉ា កំ​ពុង​រៀប​ចំនាំ​យក​ជន​ភៀស​ខ្លួន​ជាង ១០ម៉ឺន​នាក់ ពី​ប្រទេស​ថៃ មក​កាន់​ប្រទេស​កំណើត​វិញ

(យាំងហ្គោន)៖ រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា (ភូមា) បាននិងកំពុងតែ​ធ្វើការ ដើម្បី​ធានាសុវត្ថិភាព​ ដល់ជន​ភៀសខ្លួន ១០៥,០០០នាក់ ដែលកំពុងជ្រកកោន​ នៅក្នុងប្រទេសថៃ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ដែល​​សកម្មភាពនេះ ត្រូវបានធ្វើឡើងក្រោយពីដំណើរ​ទស្សនកិច្ចចំនួន ៣ថ្ងៃ របស់លោកស្រី អ៊ុងសាន ស៊ូជី ​រដ្ឋមន្ត្រី​ការ​​បរទេស និងជា​ទីប្រឹក្សា​រដ្ឋ មីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ ខែកក្កដា។

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការស្ម័គ្រចិត្ត សម្រាប់ការធ្វើមាតុភូមិ​និវត្តន៍ជនភៀសខ្លួន ដែលបានរៀបចំរួមគ្នា​ ដោយក្រសួងកិច្ចការព្រំដែន និងឧត្តមស្នងការនៃអង្គការសហ​ប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប្រារព្ធឡើងនៅទីក្រុងណៃពិដោ នៅថ្ងៃពុធម្សិលមិញនេះ ដើម្បីធានាសុវត្ថិភាពជន​ភៀសខ្លួន។

លោក Lt-Gen Ye Aung រដ្ឋមន្ត្រីក្រសួងកិច្ចការព្រំដែន បានឲ្យដឹងថា រដ្ឋាភិបាលបានធ្វើឲ្យការរៀបចំ ដើម្បី​នាំយក​ជនភៀសខ្លួន​មីយ៉ាន់ម៉ា ចាកចេញពីក្នុងជំរំ​នៅតាមព្រំដែន មីយ៉ាន់ម៉ា-ថៃ ចំនួន៩កន្លែង ឲ្យត្រឡប់មកវិញ។

លោករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចុះអនុស្សរណៈយោគយល់គ្នា​ជាមួយ UNHCR ដើម្បីផ្ដល់នូវជំនួយដល់ជនភៀសខ្លួន ក្នុងនោះមាន​ដូចជា​ការអប់រំ, សេវា​សុខភាព, ទឹកស្អាត, ហេដ្ឋរចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Int news Hot news Turkey ISIS