CamNews

តារា 

ដួង វិរៈសិទ្ធ បញ្ជាក់ថា ការចូលរួមប្រកួតកម្មវិធី «I am A Singer Cambodia» គ្រាន់តែចង់ដឹងសមត្ថភាពខ្លួន

(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងសំឡេងពីរោះ ចេះថ្នម រូបស្រស់សង្ហា លោក ដួង វីរៈសិទ្ធ ​ត្រូវបានគេដឹងថា កំពុងតែស្ថិតក្នុងភាពជាបេក្ខជន ប្រកួត​ប្រជែង ក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព «I am A Singer Cambodia» ហើយជាតារាចម្រៀងមួយដួង មានភាពទាក់ទាញខ្លាំងជាងគេ រៀងរាល់សប្ដាហ៍ ខណៈតែងតែមានសំឡេង នាំមុខតារាចម្រៀងអាជីពដទៃ​ជានិច្ច។ នៅពេលថ្មីនេះ តារាចម្រៀង ដួង វិរៈសិទ្ធ បានបង្ហើបពីអាថកំបាំងមួយចំនួន ដែលធ្វើឲ្យលោក កំពុងតែ​សំឡឹង​ឃើញ នូវភាពជោគជ័យ នាពេលដ៏ខ្លី​ខាងមុខនេះ។

តារាចម្រៀង លេចធ្លោជាងគេប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ លោក ដួង វីរៈសិទ្ធ កម្រមានបញ្ហាជាមួយវិញ្ញាសារ ដែលអ្នករៀបចំកម្មវិធីដាក់ឲ្យណាស់ មិនថា ជាបទចម្រៀង បុរាណ,សម័យ រ៉ក់ យីកេ ឬ​ល្ខោនបាសាក់ គឺលោកអាចធ្វើបានទាំងអស់ ពិសេសសំឡេងដ៏ពីរោះ​ ទាក់ទាញអ្នកគាំទ្រ​កាន់តែច្រើន ​ភាពទន់ភ្លន់ ដែលលោកចេះគោរពចាស់ទុំ ​បានថ្លែងអំណរគុណ​អ្នកនាង ម៉េង កែវពេជ្ជតា លើវេទិការតន្ត្រី ដែលឈ្នះចិត្តមហាជន​ទូទាំងប្រទេស។

លោក ដួង វីរៈសិទ្ធ បានថ្លែង​ប្រាប់ពីអាថ៌កំបាំង ដែល​នាំឲ្យមានការគាំទ្រ ឈានមុខគេរាល់សប្ដាហ៍​ តាមពិតកាលពីមុនប្រកួត លោកមិនដែលមាន​ការជួបជុំ ជាមួយអ្នកគាំទ្រ​ណាមួយមកពីមុនទេ ហើយក៏មិនមានក្រុមអ្នកគាំទ្រ ដូចតារាចម្រៀងដទៃដែរ ។ កាលពេលលោកប្រកួត គ្រប់ការសម្ដែង លោកក៏មិនមានអ្នកគាំទ្រច្រើន ទៅចូលរួមដែរ តែលោកពិតជាភ្ញាក់ផ្អើលខ្លាំងបំផុត ពេលដែលលោកជាប់ ហើយនាំមុខគេរាល់សប្ដាហ៍ លោកគ្រាន់តែគិតថា មកប្រកួតដើម្បីបង្ហាញពីសមត្ថភាព ក្នុងការច្រៀងរបស់លោកប៉ុណ្ណោះ ថាលោកអាចច្រៀងបាន ប្រភេទបទអ្វីខ្លះ ។ លោកនៅតែអរគុណសម្រាប់ទឹកចិត្ត ពុកម៉ែបងប្អូន លោកតាលោកយាយ ដែលចំណាយថវិកាបោះឆ្នោតឲ្យលោក មានសំឡេងនាំមុខ។

ថ្វីត្បិតតែកម្មវីធី «I am A Singer Cambodia» មិនសូវល្បីល្បាញខ្លាំង ដូចកម្មវិធី ហង្សមាស ដទៃទៀត តែក៏មានអ្នកទស្សនាច្រើន មិនធម្មតាដែរ ​អ្វីដែលទស្សនិកជនមួយចំនួន សោកស្ដាយបំផុត គឺ​តារាចម្រៀងដែលល្បីៗ បានចាកចេញពីកម្មវិធីដូចជា លោក ហ្សូណូ និង កញ្ញា ឈិត សុវណ្ណបញ្ញា ដែលបង្ហាញថា អ្នកទាំងពីរមិនសូវមានអ្នកគាំទ្រច្រើនឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង