CamNews

តារា 

អីយ៉ា ថាមែនៗ ដួង វីរៈសិទ្ធ ឡើង​តម្លៃ​ខ្លួន​ទ្វេ​ដង ក្រោយ​លើក​ពាន «I am A Singer Cambodia»

(ភ្នំពេញ)៖ តារាចម្រៀងប្រុស​ ប្រចាំផលិតកម្មភ្លេងរីខដ ទើបតែលើកពាន «I am A Singer Cambodia» លោក ដួង វីរៈសិទ្ធ ​ដែលមហាជនជាច្រើន បានសាទរជាខ្លាំង​ជាមួយរូបលោក ដោយថ្មីៗនេះ ត្រូវបានប្រភពព័ត៌មាន ទម្លាយចេញពីអ្នកធ្វើការងារ ក្នុងចង្កើមសិល្បៈដូចជាថា តម្លៃខ្លួនរបស់ តារាចម្រៀង បែបយុវវ័យ ដួង វីរៈសិទ្ធ ចាប់ផ្ដើមហក់ឡើង គួរឲ្យកត់សម្គាល់ ខុសប្លែកពីពេលមុន ដែលនេះជាទម្លាប់មួយទៅហើយ សម្រាប់សិល្បករ-សិល្បការិនីដែលមានឈ្មោះល្បី និងមានការគាំទ្រច្រើន។ ​

លោក ដួង វីរៈសិទ្ធ បានក្លាយជាតារាចម្រៀង មានអ្នកគាំទ្រច្រើនជាងគេ ក្នុងផលិតកម្ម ភ្លេងរីខដ ហើយក៏មិនចាញ់ តារាចម្រៀងរៀមច្បង ក្នុងផលិតកម្មហង្សមាស​ដែរ។ ​ការលើកពានរបស់លោក ក៏ធ្វើឲ្យតារាចម្រៀងរៀមច្បង ក្នុងផលិតកម្មអន់ចង់​ មិនតិចទេ ព្រោះលោកមានវ័យក្មេង សំឡេងមិនខ្ពស់ខ្លាំង តែលោកច្រៀងបានពីរោះ និង មានអ្នកគាំទ្រច្រើនមិនធម្មតា រហូតតារាចម្រៀង ហ្សូណូ ក៏បាក់មុខមិនតិចទេ ក្រោយពីធ្លាក់ពីកម្មវិធី ម្ដងជាពីរដង​។

តារាចម្រៀង ដួង វីរៈសិទ្ធ មុនពេលចូលរួម ប្រកួតក្នុងកម្មវិធី «I am A Singer Cambodia» តម្លៃខ្លួនលោកច្រៀង សម្រាប់កម្មវិធីមង្គលផ្សេងៗ ត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ សម្រាប់ការប្រគំតន្រ្តី តាមបណ្ដាខេត្ត ពី៥០០ទៅ៧៥០ដុល្លារ តាមកម្មវិធីនីមួយៗ ដែលធំ ឬក៏តូច។ សម្រាប់ការឡើងច្រៀង តាមបណ្ដាលស្ថានីយ​ទូរទស្សន៍ផ្សេងៗ គឺពី១០០ទៅ១៥០ដុល្លារ ព្រោះការឡើង​ច្រៀងតាមទូរទស្សន៍ មិនបានតម្លៃខ្លួនខ្ពស់ឡើយ ។

ក្រោយពីបានលើកពាន ក្នុងកម្មវិធី «I am A Singer Cambodia» មកភ្លាម តម្លៃ​ខ្លួន លោក ដួង វីរៈសិទ្ធ បានឡើងក្រឺតៗស្ទើរមិនគួរឲ្យជឿ តែម្ដង​។ ប្រភពពីអ្នកអញ្ជើញតារាឡើង ទូរទស្សន៍របស់ស្ថានីយមួយ បាននិយាយប្រាប់ Khmertalking ដួង វីរៈសិទ្ធ បានឡើងថ្លៃខ្លួន ខ្ពស់ជាងមុនបន្តិច តែមិនមែនខ្ពស់ រហូតមិនអាចទទួលយកបានទេ ពោលគឺសមស្របតាមអ្វី ដែលស័ក្តិសមនឹងកេរ្តិ៍ឈ្មោះ នាពេលបច្ចុប្បន្ន​។

ចំណែកឯក្រុមហ៊ុន P enter ជាក្រុមហ៊ុនរៀបចំ កម្មវិធីកំសាន្ត និងប្រគំតន្ត្រី ​តែងតែហៅ ដួង វីរៈសិទ្ធ ច្រៀងញឹកញាប់ជាងគេ បាននិយាយថា ​វីរៈសិទ្ធ តម្លៃខ្លួនពេលនេះ គឺ​៨០០ដុល្លារ ក្នុងមួយកម្មវិធីពេលល្ងាច​ ច្រៀងពីម៉ោង៥ ទៅដល់ម៉ោង១០យប់​។ តំណាងក្រុមហ៊ុនបានបន្តថា កាលពីមុនជាប់ ក្នុងកម្មវិធី «I am A Singer Cambodia» លោក ដួង វីរៈសិទ្ធ យកតម្លៃត្រឹមតែ៥០០ប៉ុណ្ណោះ តែពេលនេះខុសគ្នា។

តំណាងក្រុងហ៊ុនខាងលើបន្តថា តារាចម្រៀង ដួង វីរៈសិទ្ធ ច្រៀងកម្មវិធីពេលល្ងាចឲ្យ​ ក្រុមហ៊ុននេះ ញឹកញាប់ជាងគេ ក្រៅពីនេះ​មិនសូវមានទេ ប៉ុន្តែដួង វីរៈសិទ្ធ ជាតារាចម្រៀងមានអត្តចរឹតល្អ ស្លូតបូត ងាយស្រួលធ្វើការងារជាមួយគ្នា ហើយលោកច្រៀងបានច្រើនបទ ច្រើនទំរង់ ធ្វើឲ្យម្ចាស់កម្មវិធីសប្បាយចិត្ត​ ពិសេសអ្នកអញ្ជើញលោក ឲ្យចូលរួមភាគច្រើន​ជាអ្នកគាំទ្រ លោកផ្ទាល់តែម្ដង ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង