CamNews

តារា 

កវី សោម ដូរ៉េ ធ្លាយរឿង​រង្គោះរង្គើ​ផ្ទៃក្នុង ត្រៀមវេចបង្វេច​ចេញពី ថោន

ភ្នំពេញ៖ អ្នកនិពន្ធបទចម្រៀង ក្នុងស្រុកខ្មែរល្បីៗខ្លាំង មានមិនច្រើនទេ ក្នុងនោះគេសង្កេត​ឃើញមានតែ កញ្ញា ស្រេង ច័ន្ទមល្លិកា លោក សុខ ចាន់ផល លោក ខេមរៈ ភារុណ លោក សុខ ជំនោរ និង សោម ដូរ៉េ ជាដើម ប៉ុន្តែកវី សោម ដូរ៉េ ជាកវីក្មេងជាងគេ ហើយបទចម្រៀង​ភាគច្រើន គឺល្បីល្បាញ ស្ថិតក្នុងការចងចាំនៃអ្នកស្ដាប់គ្រប់ៗគ្នា ពិសេសបទចម្រៀង​ចុងក្រោយ​នេះ មានចំណងជើងថា "លើលោកនេះខ្ញុំ ស្រលាញ់ម៉ាករបស់ខ្ញុំជាងគេ" អាច រុញឲ្យ មាស សុខសោភា កាន់តែល្បីល្បាញខ្លាំងជាងមុន ខណៈ បទចម្រៀងពោរពេញ ទៅដោយសេចក្ដី​ស្រឡាញ់ នឹងមនោសញ្ចេតនា ជ្រាលជ្រៅ ។

អ្នកនិពន្ធវ័យក្មេង សោម ដូរ៉េ ទើបតែបានបង្ហាញស្នាដៃថ្មីៗ ជាមួយអាល់ប៊ុម "មនុស្សស្រី" ជា​អាល់ប៊ុមមួយ មានវត្តមានតារាចម្រៀងស្រី របស់ផលិតកម្ម ថោន មករួមបញ្ចូលគ្នា ក្នុងវ៉ុល​ចម្រៀ​ងតែមួយ ។ ពេលអាល់ប៊ុមចេញលក់លើទីផ្សារ បែរជាបាត់ចម្រៀងចំនួនពីរបទ គឺ​"ស្នេហ៍ពិតមានតែក្នុងកុន" របស់ មាស សុខសោភា និង បទចម្រៀង "យល់សប្តិ" របស់កញ្ញា សាសា ធ្វើឲ្យកវីរូបនេះ យំមិនចេញ ព្រោះអ្វីៗស្ថិតក្នុងអាល់ប៊ុមនេះ ជាញើសឈាម នៃការ​ប្រឹងប្រែងរបស់លោក ទាំងស្រុង ។ អ្វីដែលលោកគិត ពិតជាមិនដូច អ្វីដែលលោក បានរំពឹង​ទុកឡើយ ។

ថ្មីៗនេះ ប្រភពពីក្នុងផលិតកម្ម ថោន បានព្រលយថា កវីនេះកំពុងតែរៀបចំ បង្វេចនឹងដើរចេញ ពី​ផលិត​កម្មនេះហើយបន្ទាប់ពីលោកដាច់កុងត្រា ក្នុងឆ្នាំនេះ ព្រោះលោកកំពុងតែ អាក់អន់ ស្រពន់ចិត្ត ជាមួយផលិតកម្ម យ៉ាងខ្លាំង ខណៈផលិតកម្មមិនសូវអើពើ ជាមួយនឹងលោកដូចមុន និងពេលខ្លះទុកលោកចោលក៏មាន។ ក្នុងជំនួបជាមួយ គេហទំព័រ LookingTODAY កវី សោម ដូរ៉េ បាននិយាយថា លោកពិតជាត្រៀមចាកចេញមែន ប្រសិនបើផលិតកម្ម នៅតែមិនអើពើ ចំពោះលោកទៀត។ ដូចនេះ ព្រោះអាល់ប៊ុមលោក ត្រូវបានជាប់គាំងជាង១ឆ្នាំ នឹង៨ខែ បើគិត ជាកូនប្រហែលចេះដើរតេសតាសបាត់ទៅហើយ។

រយៈពេលមួយដ៏យូរ បទចម្រៀងក្នុងអាល់ប៊ុម មិនត្រូវបានគេយក ទៅផ្សាព្វផ្សាយ តាមកញ្ចក់ ទូរទស្សន៍ទេ ផ្ទុយពីបទចម្រៀង អ្នកផ្សេង មិនទាន់ចេញលក់ផង ក៏ប្រម៉ូដ (ផ្សាព្វផ្សាយ) ពេញ កញ្ចក់ទូរទស្សន៍។ សោម ដូរ៉េ ក៏មានហេតុផលជាច្រើនទៀត ធ្វើឲ្យលោកពិបាក បន្តការងារ ទៀតដែរ ពិសេសភាពមិនចុះសម្រុង ក្នុងការងារ ដែលលោកសុំមិននិយាយអ្វីច្រើន ជាងនេះទេ ។ លោកបានបន្តថា លោកទ្រាំអស់ចិត្តហើយ ។

បន្ទាប់ពី សោម ដូរ៉េ ប្រកាសចាកចេញ គេសង្កេតឃើញថា លោកហាក់ពិបាកបន្ត អាជីពនេះ ទៀតណាស់ ព្រោះទើបតែចាកចេញ ហង្សមាស មិនទាន់បាត់ធុំក្លិនផង ឥឡូវក៏ត្រូវចាកចេញពី ថោន ទៀត។ បើដូចនោះមែន គួរឲ្យ សោកស្ដាយ សម្រាប់សមត្ថភាព របស់កវីមុខស្រស់ និងចិត្តសប្បុរសធម៌រូបនេះ បើសិនជាលោកមិនអាច រកទ្រនំ បានជ្រកកោន រួចក៏បញ្ចប់អាជីព ជាអ្នកតែងនិពន្ធរបស់លោកមែន ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star writer town khmer star soam dore