CamNews

តារា 

តារាកំប្លែង វ៉ាន់ សៅ ទទួលមរណភាព​ ដោយសារជំងឺ

ភ្នំពេញ៖ អតីតតារាកំប្លែងសម្បូរសាច់ ដែលធ្លាប់មានឈ្មោះបោះសំឡេង នៅចុងទសវត្សន៍ទី៨០ នាយ វ៉ាន់ សៅ ក្រោយពីបាត់វត្តមាន អស់រយៈ ពេលជាច្រើនឆ្នាំ ពីវិស័យសិល្បៈ ពេលនេះ តារាកំប្លែងរូបនេះ បានទទួលមរណភាពទៅហើយ កាលពីថ្ងៃទី៣០ខែវិច្ឆិកា ម្សិលមិញនេះ ដោយសារតែជំងឺប្រចាំកាយ របស់លោក។

បើតាមប្រភពពីអ្នកស្គាល់ នាយ វ៉ាន់ សៅ បានបង្ហើបប្រាប់ គេហទំព័រ Looking TODAY ឲ្យដឹង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៤នេះថា តារាកំប្លែង មាឌធំដែលទស្សនិកជន ធ្លាប់បានស្គាល់លោក តាមរយៈការសម្តែងរឿង “ឧកញ៉ារាមរាជតេជោយ៉ត”និង រឿងមួយចំនួនទៀត គឺនាយ វ៉ាន់ សៅ បានទទួលមរណៈភាពហើយ កាលពីម្សិលមិញនេះ ក្នុងវ័យជាង៥០ឆ្នាំ ដោយសារតែស្ថានភាពជំងឺ ប្រចាំកាយរបស់លោក ហើយដោយពេលបច្ចុប្បន្ននេះ សពកំពុងតែតម្កល់ធ្វើបុណ្យ នៅគេហដ្ឋានរបស់លោកផ្ទាល់ នៅម្តុំផ្សារទូលសង្កែ ។

ប្រភពដដែលបានបង្ហើប ឲ្យដឹងបន្តទៀតថា មួយរយៈពេលក្រោយនេះ ស្ថានភាពជំងឺរបស់នាយ វ៉ាន់ សៅ ហាក់កាន់តែដុនដាមទៅៗ ហើយខាងគ្រូពេទ្យក៏អស់សមត្ថភាព ក្នុងការព្យាបាលដែរ ព្រោះថាតារាកំប្លែងរូបនេះមានជំងឺប្រចាំកាយច្រើនមុខ ដូចជាកើត ទាចទឹក, ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម ៕


ផ្ដល់សិទ្ធិដោយ៖ lookingtoday


Tags: Star News Khmer Star Vann Sao