CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះរឿងអាស្រូវ បុរស ១០០០ នាក់ វាយប្រហារ ចាប់រំលោភ និងលូកលាន់កេរ្តិ៍ខ្មាស់ យប់ថ្ងៃឆ្លងឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ ស្នងការប៉ូលីស ក្រុង Cologne ត្រូវបានបញ្ឈប់ពីមុខ តំណែង​ របស់ខ្លួន ក្នុង គោលបំណង ដើម្បីស្តារទំនុកចិត្តទៅលើមន្រ្តីប៉ូលីស ត្រលប់មកវិញ ក្រោយ មានរឿងអាស្រូវផ្ទុះ ចេញនូវការរំលោភ ក៏ដូចជា បំពានកេរ្តិ៍ខ្មាស់ទ្រង់ទ្រាយធំ នៅរាត្រី ថ្ងៃឆ្លង  ឆ្នាំ កន្លងទៅនេះ ពីសំ ណាក់ក្រុមបុរសចំណាកស្រុកច្រើនជាង ១០០០ នាក់ ។


របាយការណ៍ បញ្ជាក់ អោយ ដឹង   ថា បណ្តាមន្រ្តីប៉ូលីសដែលមានទំនួលខុសត្រូវ លើការពង្រឹង សន្តិសុខនាយប់ថ្ងៃឆ្លងឆ្នាំនោះ រងនូវការរិះគន់ជាខ្លាំង​។ ប្រភពបញ្ជាក់ អោយដឹងថា រឿងអាស្រូវ ផ្ទុះ ចេញនូវការរំលោភ ក៏ដូចជា បំពានកេរ្តិ៍ខ្មាស់ទ្រង់ទ្រាយ  ធំ  នៅ ឯ បរិវេណដ៏ល្បីឈ្មោះ មួយ របស់ទីក្រុងនេះ​ ដែលស្ថិតនៅចន្លោះស្ថានីយ៍រថភ្លើង និងវិហារ Gothic  នា យប់ថ្ងៃឆ្លងឆ្នាំ ៣១ ធ្នូ ២០១៥ នោះ  នាំ  មកនូវការដេញដោលមតិ នៅក្នុង  ប្រទេស អាល្លឹម៉ង់ ស្តីពី គោលនយោបាយ បើកចំហជើងមេឃ ដល់ជនអន្តោប្រវេសន៍ ។

ក្រុមប្រឆាំងការទទួលយកជនអន្តោប្រវេសន៍ Pegida អោយដឹងថា​ ខ្លួនគ្រោងនឹងធ្វើបាតុកម្មនៅ ក្នុងក្រុង Cologne អំឡុងថ្ងៃសៅរ៍ចុងសប្តាហ៍នេះ​។ សារព័ត៌មានក្នុងស្រុក ឲ្យដឹងថាមន្រ្តីប៉ូលីស ប្រមាណជាង ១០០០ នាក់ គ្រោងនឹងដាក់ពង្រាយ ដូចគ្នាដែរ នៅទីតាំងស្ថានីយ៍រថភ្លើងធំបំផុត កណ្តាលក្រុង ពាក់ព័ន្ធនឹងគម្រោងផែនការ បាតុកម្មខាងលើ។

គួរបញ្ជាក់ថា ក្រុមបុរសរាប់ពាន់នាក់ ដែលជាជន  អន្តោប្រវេសន៍  មក ពីបណ្តាប្រទេសតំបន់ អា ហ្វ្រិកខាងជើង និងប្រទេសអារ៉ាប់នោះ បានប្រមូល  ផ្តុំគ្នាយ៉ាងកកកុញ វាយប្រហារ ចាប់រំលោភ និងលូកលាន់កេរ្តិ៍ខ្មាស់ទ្រង់ទ្រាយធំ នាយប់ថ្ងៃឆ្លងឆ្នាំ កន្លងទៅនេះ ។ ជនរងគ្រោះយប់ថ្ងៃឆ្លងឆ្នាំ អោយដឹងថា មានភាពចលាចលបានកើតមានឡើង   ខណៈពេល ដែលក្រុមបុរស រាប់ពាន់នាក់ ប្រមូលផ្តុំគ្នា លូកលាន់កេរ្តិ៍ខ្មាស់ និង   ចាប់រំលោភទ្រង់ទ្រាយធំ  ខណៈខ្លះទៀត លួច ឆក់ ស្រប ​ពេលដែលមានការអន្តរាគមន៍តិចបំផុត ពីមន្រ្តីប៉ូលីសក្នុងស្រុក នារាត្រីនោះ។


រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ អាល្លឹម៉ង់ Ralf Jaeger អោយដឹង នៅថ្ងៃសុក្រនេះថា លោកបានសម្រេច បញ្ឈប់ការងារ ស្នងការប៉ូលីសក្រុង Cologne ពីមុខតំណែងរបស់លោក ក្រោមហេតុផល ចោទ ប្រកាន់ថា លោកបានលាក់ព័ត៌មាន ជនសង្ស័យពីការវាយប្រហារ ពោល លាក់អត្តសញ្ញាណជន សង្ស័យថា ជនជាតិដើមមកពីប្រទេសណាអោយពិតប្រាកដ។ លោក Jaeger បន្តអោយដឹងថា ការដកតំណែងស្នងការក្រុងលើកនេះ នឹងមិនមានផលប៉ះពាល់ ការស៊ើបអង្កេត ការបំពានកេរ្តិ៍ ខ្មាស់ទ្រង់ទ្រាយធំយប់ថ្ងៃ ឆ្លងឆ្នាំ នោះទេ។ ជាការពិត ពលរដ្ឋមានសិទ្ធក្នុងការដឹងឮអោយពិត ប្រាកដថាមានរឿងអ្វីបានកើតឡើងយប់ថ្ងៃឆ្លងឆ្នាំ តើឧក្រិដ្ឋជនគឺជានរណា តើការវាយប្រហារ ក្រោមរូបភាពនេះ អាចនឹងបង្ការការពារ កុំអោយកើតមានឡើងនៅពេលអនាគត ដោយវិធីណា នេះបើយោងតាមសម្តីលោក Jaeger គូសបញ្ជាក់បន្ថែម៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Cologne Germany