(ភ្នំពេញ)៖ ឱកាសនៃទីវាក្តីស្រលាញ់ថ្ងៃទី១៤ កុម្ភៈ កាលពីថ្ងៃម្សិលមិញ តារាសម្តែងវ័យក្មេងលេចធ្លោ លើសកម្មភាពការងារមនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី បានបង្ហាញក្តីស្រឡាញ់តាមរយៈ ការចែកអំណោយសម្ភារៈខ្លះៗ ដល់ជនក្រីក្រ កុមារកំព្រា និងចាស់ជរាជាដើម។ ម្យ៉ាងទៀត អ្វីដែលកាន់តែពិសេស និងមិនធ្លាប់មាននោះ គឺនារសៀលថ្ងៃដដែលនេះ កញ្ញា ហង្ស ម៉ារីនី បានដើរប្រមូលជនអនាថា កុមារ និងអ្នកដើរសុំទាន រស់នៅតាមចិញ្ចើមផ្លូវ តាមមាត់ទន្លេជាង២០០នាក់ ទៅញ៉ាំភីហ្សានៅហាង Pizza Company មាត់ទន្លេ។
តារាសម្តែងស្រីរាងតូចច្រឡឹង កញ្ញា ហង្ស ម៉ារីនី បានថ្លែងថា ដោយសារថ្ងៃ១៤កុម្ភៈ ជាឱកាសនៃទីវាក្តីស្រឡាញ់ ដូច្នោះហើយទើបនាង ចង់ចែករំលែកក្តីស្រឡាញ់ទាំងនេះ ទៅឲ្យពួកគាត់ តាមរយៈការផ្តល់អាហារ ការហូបភីហ្សា និងភ្លៅមាន់ ព្រោះក្តីស្រឡាញ់ នេះមិនមែនសម្រាប់តែលើបុគ្គលណាម្នាក់ទេ គឺយើងអាចចែករំលែកដល់មនុស្ស ទូទៅពិសេសអ្នកដែលមានជីវភាព ខ្វះខាតតែម្តង។
ស្រីស្រស់ ហង្ស ម៉ារីនី បាននិយាយទៀតថា ដំបូងឡើយ នាងមានគម្រោងហៅត្រឹមតែ៨០ឬ៩០នាក់ប៉ុណ្ណោះ។ ប៉ុន្តែដល់ពេលជាក់ស្តែង គឺមានចំនួនលើសកំណត់រហូតជាង២០០នាក់ ហើយភាគច្រើនអ្នកដែលមកហូបភីហ្សានេះ សុទ្ធសឹងជាអ្នកដើរសុំទាន រើសអេតចាយ និងកុមារៗ រស់នៅតាមចិញ្ចើមផ្លូវ ម្តុំមាត់ទន្លេ។
កញ្ញា ហង្ស ម៉ារីនី និយាយទាំងអួលដើមក រលីងរលោងទឹកភ្នែកទៀតថា «អ្វីដែលខ្ញុំបានធ្វើនេះ ព្រោះចង់ចែករំលែកក្តីស្រឡាញ់ ដល់ពួកគាត់ ហើយមិនមែនធ្វើសម្រាប់តែ មនុស្សណាម្នាក់ឡើយ ពោលគឺយើងផ្តល់ក្តីស្រឡាញ់នេះ គ្រប់មនុស្សទូទៅមិនថាតែគ្រួសារ បងប្អូន មិត្តភក្តិ ឬអ្នកដែលយើងស្រឡាញ់នោះទេ គឺអាចធ្វើបានទាំងអស់គ្នា។ ចំពោះមូលហេតុដែលខ្ញុំ ប្រមូលពួកគាត់មកហូបភីហ្សា ព្រោះគិតថា ជារៀងរាល់ថ្ងៃដូចជាបាយ ឬម្ហូបផ្សេងៗប្រហែលពួកគាត់ធ្លាប់ បានហូបហើយ តែសម្រាប់ភីហ្សា គឺពួកគាត់គ្មានលទ្ធភាពទិញទេ ដូច្នេះទើបខ្ញុំធ្វើសកម្មភាពមនុស្សធម៌បែបនេះ។ ដោយឡែករាល់ការចំណាយថវិកា ពាក់កណ្តាលបានមកពីការឧបត្ថម្ភរបស់លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការស្ថានីយទូរទស្សន៍បាយ័ន និងសល់ប៉ុន្មានទៀតជាថវិកា ដែលប្រមូលបានពីសប្បុរជននានា សម្រាប់យកមកចាយវាយ នាឱកាសនេះ »៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី