CamNews

ព័ត៌មានអន្តរជាតិ 

ម៉ាឡេស៊ី ចាប់​ខ្លួន​បុរស ៣នាក់ មាន​ម្នាក់​ជា​មន្ត្រី​សន្តិសុខ​ក្រុមហ៊ុន Malaysia Airlines ដោយ​សង្ស័យ

(គូឡាឡាំពួរ)៖ ប៉ូលិសប្រឆាំងភេរវកម្មម៉ាឡេស៊ី បានចាប់ខ្លួនបុរស៣នាក់ នៅថ្ងៃអង្គារនេះ ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ ISIS ហើយក្នុងចំណោមពួកគេមានម្នាក់ ជាមន្ត្រីសន្តិសុខក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines)។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។

ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ ធ្វើឡើងនៅចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករានៅក្នុងប្រតិបត្តិការវាយឆ្មក់ដាច់ដោយឡែក ពីគ្នានៅឯរដ្ឋប៉ាហំាង (Pahang) និងទីក្រុងគូឡាឡាំពួរ។ ក៏ប៉ុន្តែអ្វីគួរឱ្យកត់សម្គាល់ក្នុងចំណោម ជនសង្ស័យទាំងនេះ មានបុរសម្នាក់អាយុ៣៧ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍ថា គឺជាមន្ត្រីសន្តិសុខរបស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង គួនតាន់ (Kuantan) នៃរដ្ឋប៉ាហំាង ខណៈមនុស្សពីរនាក់ផ្សេង ទៀតមានអាយុ៣២ឆ្នាំ និង៣៨ឆ្នាំ សុទ្ធតែជាប់សង្ស័យថា មានទំនាក់ទំនងជាមួយក្រុម ISIS និងកំពុងរៀបចំគំរោងវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងគូឡាឡាំពួរ។

សូមជំរាបថា ជុំវិញការចាប់ខ្លួនមន្ត្រីសន្តិសុខខាងលើនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ មិនបានបញ្ជាក់លម្អិតអ្វីនោះទេ គ្រាន់តែអះអាងថា ក្រុមហ៊ុននឹងចាត់វិធានការ ពង្រឹងសន្តិសុខជាបន្ទាន់ ក៏ដូចជាសហការយ៉ាងពេញទំហឹង ជាមួយអាជ្ញាធរ៕


ប្រភព ៖​ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Hot news Breaking news ISIS