CamNews

កំសាន្ត 

ក្រុមការងារក្នុងកម្មវិធី​ «ពេញចិត្តឬអត់?» ត្រៀមទៅសុំទោស Allen ដល់គេហដ្ឋាន

ភ្នំពេញៈ បន្ទាប់ពី «កម្មវិធីពេញចិត្តឬអត់?» ថ្ងៃអាទិត្យ របស់ស្ថានីយទូរទស្សន៍ MY TV បានទទួល រងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន និងអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយសារតែកម្មវិធីមួយនេះ បានធ្វើឲ្យ កុមារី Allen ខកបំណងសម្រក់ទឹកភ្នែក ក្តីសង្ឃឹមថា បានជួបមុខម្តាយ ត្រូវរលាយទៅវិញគ្មានសល់ បានធ្វើឲ្យអ្នកដឹកនាំ កម្មវិធីល្បី ឈ្មោះ លោក តាប៊ុយ និងក្រុមការងាររបស់ស្ថានីយ ទូរទស្សន៍មួយនេះ បានចេញលិខិតសុំទោសមួយ ដល់កុមារីរូបនេះ និងក្រុមគ្រួសារជាសាធារណៈ ដោយសម្តែងក្តីសោកស្តាយយ៉ាងខ្លាំង ចំពោះកំហុសអចេតនា របស់ខ្លួនផងដែរ ។

ក្នុងកម្មវិធី «ពេញចិត្តអត់?»កាលពីថ្ងៃទី១០ ខែឧសភា ក្នុងថ្ងៃទិវា “បុណ្យម្តាយ” បានចាក់ឈុតធំ ជាពិសេសសម្រាប់កុមារី Allen ដែលហាក់ធ្វើឲ្យនាងភ្ញាក់ផ្អើលថា ម្ដាយនាងនឹងមានវត្តមាន ក្នុងថ្ងៃដ៏ ពិសេសនេះ ព្រោះកម្មវិធីតែងតែបង្កើតភាពភ្ញាក់ផ្អើល ស្ទើរតែគ្រប់អ្នកសិល្បៈទាំងអស់ ។ នាងហូរ ទឹកភ្នែកពេលប្រកាសថា ម្ដាយនាងនឹងមកចូលរួមក្នុងកម្មវិធីនេះដែរ ។ នាងស្ទើរតែមិនជឿត្រចៀកខ្លួនឯង តែអ្វីដែលនាងខកចិត្តបំផុតនោះ ម្ដាយនាងបែរជាលោក រ៉ូលីន ទៅវិញ នាងក៏យំម្ដងទៀតលើវេទិការ ។ សូម្បីតែទស្សនិកកំពុងទស្សនាយ៉ាងជក់ចិត្ត ក៏ស្ទើរតែយំតាមនាងទាំងអស់ ព្រោះកម្មវិធីបែរជាយកម្ដាយនាង មកកំប្លែងសើចលេងទៅវិញ ។ ទស្សនិកជនជាច្រើនហួសចិត្ត នឹងបានរិះគន់ផង ស្ដីឲ្យផង ព្រោះគេថាការសម្ដែងនេះ វាជ្រុល និងអសុជីវធម៌បំផុត អ្នកណាក៏ចង់ឃើញម្ដាយ និងមានម្ដាយដូចមនុស្សទូទៅ តែកម្មវិធីត្រូវបានគេយល់ឃើញថា បានប្រមាថម្ដាយរបស់នាងទៅវិញ ។

តាមរយៈលិខិតមួយ របស់ស្ថានីយទូរទស្សន៍ MY TV ដែលផ្សាយជាសាធារណៈ នៅថ្ងៃទី១១ ខែឧសភា ម្សិលមិញនេះ បានសរសេរថា «ក្រុមការងារ មានការសោកស្តាយជាពន់ពេក ចំពោះកំហុសដោយអចេតនា ដែលកើតឡើងនៅក្នុងកម្មវិធី និងបានធ្វើឲ្យប្អូនស្រី Allen រន្ធត់ចិត្តរហូតដល់ស្រក់ ទឹកភ្នែក និងមានការខកចិត្ត ចំពោះក្តីរំពឹងទុកថានឹង បានជួបមុខម្តាយ ដែលបានបែកគ្នា អស់រយៈពេល ១៣ឆ្នាំ មកហើយនោះ…» ។

ក្នុងលិខិនោះ បានបានសរសេរទៀតថា «ដើម្បីបញ្ជាក់ពីសណ្តានចិត្ត ក្រុមការងារកម្មវិធី “ពេញចិត្តឫអត់?ថ្ងៃអាទិត្យ” នឹងធ្វើដំណើទៅសុំទោសកុមារី Allen និងក្រុមគ្រួសារដល់គេហដ្ឋាន ហើយព្រមទាំងសុំទោសទស្សនិក ជាសាធារណៈទាំងឡាយផងដែរ » ៕

- អាន ៖​​ កម្មវិធី​ ពេញ​ចិត្ត​អត់? ត្រូវ​ទស្ស​និកជន រិះ​គន់​យ៉ាង​ចាស់​ដៃ បន្ទាប់​ពី​យក​ម្ដាយ នាង​អេ​ឡែនមក​លេង


ផ្តល់សិទ្ធដោយ ៖ Dap


Tags: CTN MYTV Like it or not Penh chet ort Comedy