CamNews

តារា 

ផន ស្រី ខួច ខ្លាច​មា​ន​វាសនា ដូច ទេព បូព្រឹក ប្រឹង​ប្ដូរ​ស្ទីល​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ

(ភ្នំពេញ)៖ តារាចម្រៀងស្រីកញ្ញា ផន ស្រីខួច ​ដែលបានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលស្ទើរតែដាច់ផ្ញា បន្ទាប់ពីនាង​បានផ្លាស់ប្ដូរខ្លួនឯង ពីតារាចម្រៀងបែបបុរាណ ច្រៀងតែបទកន្ទ្រឹម ឬ បទកំសត់ៗ មកជាញាក់កន្ទ្រាក់អារម្មណ៍ ព្រមទាំងលេងខ្លួនបែបសិចស៊ី​លោកខាងលិច​ បង្កឲ្យមានការចាប់អារម្មណ៍ កាន់តែខ្លាំង។ បេក្ខនារីក្នុងកម្មវិធី «I AM A SINGER CAMBODIA» រូបនេះ បានបង្ហើបថា បើទៅបីជានាង បានប្ដូរស្ទើលច្រៀង និងសម្ដែងស្ទើរតែមួយរយភាគរយក្ដី ប៉ុន្តែនាងមិនដឹងថា អាចនៅបន្តក្នុងកម្មវិធីនេះ​ដល់ពេលណាទេ ព្រោះអាស្រ័យទៅលើកម្លាំងចិត្តគាំទ្ររបស់មហាជន ដែលបានមើលឃើញទៅលើ ទេពកោសល្យរបស់នាង។

​តារាចម្រៀង ផន ស្រីខួច បានផ្លាស់ប្ដូរ​ផ្នត់គំនិតថា នាងជាតារាចម្រៀងស្រីម្នាក់ ដែលមិនមានការផ្លាស់ប្ដូរស្ទីលអ្វីទាំងអស់ ព្រោះតាំងពីនាង ជ្រកកោនក្នុង ហង្សមាស ពី២០១៣ មកដល់២០១៦នេះ ទើបតែឃើញមានសកម្មភាពប្លែក ហើយគិតថា ជាឆ្នាំមាសរបស់នាង​។ ក្រោយពីប្ដូរស្ទីលច្រៀង លេងខ្លួនសាហាវៗ នឹកស្មានមិនដល់មក ​ផន ស្រីខួច តារាចម្រៀងដែល​ជាប់ជ័យលាភី តារាចម្រៀងរបស់​ផលិតកម្មរ៉ុក លេខ១ កាលពីឆ្នាំ២០០៩ ​បានចូលជំនួសតំណែង​ ទេព បូព្រឹក្ស ក្នុងកម្មវិធី​« I AM A SINGER CAMBODIA» ជាកូនសិស្សថ្មី លោក សួន ពិសិដ្ឋ។

កញ្ញា ផន ស្រីខួច ពេលបង្ហាញ​រូបភាព ក្នុងបណ្ដាញសង្គម មិនសូវមានអ្នកណាចាប់អារម្មណ៍លើរូបនាង​ច្រើនឡើយ​។ បន្ទាប់ពីនាង​បង្ហាញសមត្ថភាព ត្រឹមតែ៥នាទី ទស្សនិកជនជាច្រើន កោតសរសើរ​មិនដាច់​ពីមាត់ ព្រោះនាងច្រៀងសាហាវខ្លាំង រហូតគេមិននឹកស្មានថា ​អាចច្រៀងស្រែកតុងខ្ពស់​បានល្អឥតខ្ចោះ។ សំឡេង​ស្រែក​ មិនមែនស្រែក​ឲ្យតែបានៗទេ តែនាងស្រែកយ៉ាងមានទឹកដមបំផុត សូម្បីតែតារាចម្រៀង ចូលរួមប្រកួត គឺលាន់មាត់សរសើរនាង​គ្រប់គ្នា។

កញ្ញា ផន ស្រីខួច បាននិយាយប្រាប់ Khmertalking ថា «អរគុណច្រើន សម្រាប់ទស្សនិកជន ខ្ញុំមិនដឹងថា ទេពកោសល្យរបស់ខ្ញុំ បានល្អកម្រិតណាទេ តែខ្ញុំធ្វើតាមអ្វី ដែលក្រុមហ៊ុនបានដាក់ឲ្យ ខ្ញុំមានសមត្ថភាពប៉ុណ្ណា ធ្វើបុណ្ណឹង​។ ​ខ្ញុំមិនដឹងថា អាចនៅក្នុងកម្មវិធីបានយូរប៉ុណ្ណាទេ ព្រោះអាស្រ័យ​លើការបោះឆ្នោត និងសំឡេងគាំទ្រ ទើបខ្ញុំអាចបន្តទៅមុខទៀតបាន!»។

លោក សួន ពិសិដ្ឋ កវីនិពន្ធពានរង្វាន់អ្នកនិពន្ធពី កាណាដា និងជាអ្នកនិពន្ធឲ្យ ផន ស្រីខួច តាំងពីផលិតកម្មចាស់ រហូតដល់ផលិតកម្មថ្មី ​បានបង្ហាញអារម្មណ៍រំភើបស្ទើរតែហោះ ចេញពីក្នុងខ្លួន ពេលកូនសិស្សលោក​ធ្វើបានគ្រប់យ៉ាង តាមអ្វីដែលលោកបានដាក់ឲ្យ ព្រោះលោកក៏សោកស្ដាយមិនតិចទេ ពេលដែល ទេព បូព្រឹក្ស បានចាកចេញមុនគេ តែអ្នកចាស់មិនទៅ​ អ្នកថ្មីមិនមកមែន​។

ចំណែកលោក សុខ ចាន់ផល វិញ អ្នកនិពន្ធបទ «អស្ចារ្យណាស់មែនទេ» ដែល ផន ស្រីខួច ច្រៀងឡើងផ្អើលប្រទេស ក៏សប្បាយចិត្តមិនតិចទេ ព្រោះបទចម្រៀងលោក ហាក់ល្បីឡើងវិញ ក្រោយពេលស្រីខួចបកស្រាយ បទចម្រៀងនេះម្ដងទៀត​។ កញ្ញា ផន ស្រីខួច បានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍លើនាងខ្លាំង បន្ទាប់ពីនាង​បានកែប្រែខ្លួន មកជាតារាចម្រៀងស្រី ច្រៀងបទសម័យក៏បាន បុរាណក៏បាន ហើយនាងមិនបញ្ឈប់ការអភិវឌ្ឍន៍ខ្លួនឯងទេ ដរាបណា​ នៅតែប្រឡូក ក្នុងវិស័យសិល្បៈ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង