CamNews

តារា 

ម៉ៅ ហាជី ត្រូវគេទម្លាយថា ឡើងតម្លៃខ្លួនខ្ពស់ ខណៈផលិតកម្ម ថោន គ្រោងចេញអាល់ប៊ុមទោលឲ្យ

(ភ្នំពេញ)៖ ថ្វីត្បិតតែកម្មវិធី «Cambodian Idol» រដូវកាលទី២ ជ្រើសរើសបានជយលាភីថ្មីក៏ពិតមែន ប៉ុន្តែគេមិនទាន់ភ្លេច ពីបេក្ខជនរដូវកាលទី១នៅឡើយ ជាក់ស្ដែង ដូចជា លោក ម៉ៅ ហាជី ជាដើម ដែលលោកជាបេក្ខជនម្នាក់ មិនជាប់ជ័យលាភី គឺជាប់ក្នុងចំណោមបីនាក់ចុងក្រោយ ខណៈមហាជនជាច្រើនបាននិយាយថា លោកសមជាម្ចាស់ពានព្រោះទឹកដមសំឡេងខ្លាំង និងពីរោះក្រអួនក្រអៅជាង នី រតនា។ ថ្មីនេះ ត្រូវបានប្រភពពីអ្នកសិល្បៈ ដូចគ្នាទម្លាយថា តារាចម្រៀង លោក ម៉ៅ ហាជី ចាប់ផ្ដើមតម្លើងតម្លៃខ្លួនទ្វេដង ខណៈដែលផលិតកម្ម ថោន កំពុងតែត្រៀមចេញអាល់ប៊ុមទោល តែម្នាក់ឯងតែម្ដង។

អ្វីដែលជាការកត់សម្គាល់កន្លងមក គឺព័ត៌មានរបស់តារាចម្រៀង ម៉ៅ ហាជី ចូលមកជ្រកក្នុងផលិតកម្ម ថោន ទាំងខ្លួនកំពុងមានជាប់កុងត្រាជាមួយទូរទស្សន៍ ហង្សមាស ជាពិសេសកម្មវិធី «Cambodian Idol» ហើយរឿងរ៉ាវនេះ មិនបានបញ្ចប់ដោយសន្តិវិធីទេ ពោលធ្វើឲ្យ លោក ម៉ៅ ហាជី ឈឺក្បាលវិលមុខយ៉ាងខ្លាំង ខណៈត្រូវផលិតកម្ម ហង្សមាស គ្រោងប្ដឹងប្ដល់ ប៉ុន្តែក៏ផ្អាកទៅវិញ។ ក្រៅពីមានរឿងរញ៉េរញ៉ៃមិនចប់មិនហើយ លោក ម៉ៅ ហាជី ត្រូវរងពាក្យចចាមអារ៉ាមថា វាយឫកក្រអើតក្រទមទៀតផង ព្រោះលោកយល់ថា លោក ល្បីល្បាញហើយ គ្មានអ្នកណាល្បីដល់លោកនោះទេ។

មួយរយៈថ្មីៗនេះ លោក ម៉ៅ ហាជី ថ្វីត្បិតតែប្រឡងជាប់ដល់ជុំចុងក្រោយក៏ដោយ តែតំលៃខ្លួនរបស់លោកក៏ឡើងថ្លៃ មិនធម្មតាដែរ ពោលពីមុនច្រៀងបានតែ៥០ដុល្លារ ពេលជាប់ភ្លាមឡើងថ្លៃ ដល់ទៅ៥០០ដុល្លារ។ ក្រៅពីនេះលោកថែមបន្តឡើងតម្លៃខ្លួន ដល់ទៅជិតមួយពាន់ដុល្លារឯណោះ ក្រោយពីបានជ្រកក្នុងទ្រនំផលិតកម្ម ថោន ខណៈគេមិនបានឃើញថា លោកសម្បូរការងារច្រើន ហើយបទចម្រៀងចេញច្រើន ដូចតារាចម្រៀងរួមទ្រនំដទៃ, តែហេតុអ្វីក៏ឡើងថ្លៃខ្លួនទាំងទទឹងទិសបែបនេះ?

ប្រភពពីអ្នករៀបចំកម្មវិធីម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ Khmertalking ថា លោកបានសាកសួរពីតម្លៃ តារាចម្រៀង ម៉ៅ ហាជី ដើម្បីរៀបចំកម្មវិធីមួយ ប៉ុន្តែលោកបាននិយាយតម្លៃខ្លួន ឡើងថ្លៃមិនមែនដូចមុន ពោល គឺជាតារាចម្រៀងមានផលិតកម្ម មិនមែនជាបេក្ខជនប្រឡងធ្លាក់ដូចមុនឡើយ។ ប្រភពដដែលបានទម្លាយថា មូលហេតុដែលលោកឡើងថ្លៃខ្លួន ព្រោះផលិតកម្ម ថោន គ្រោងចេញបទចម្រៀងថ្មីឲ្យ ដែលជាអាល់ប៊ុម ទោលម្នាក់ឯងតែម្ដង។

លោក ម៉ៅ ហាជី មិនអាចសុំការបំភ្លឺបានទេ ថាលោកឡើងថ្លៃខ្លួន ព្រោះ ថោន គ្រោងចេញអាល់ប៊ុម ទោលឲ្យរូបលោកមែន ឬយ៉ាងណា?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង