CamNews

តារា 

ម៉ៅ ហាជី បង្វែ​​ពី​ការ​ជួប​ជុំជប់​លៀង ក្នុង​ថ្ងៃ​ខួបកំណើត​ទៅ​ជា​សកម្ម​ភាព​មនុស្សធម៌

(ភ្នំពេញ)៖ ខុសប្លែកពីតារាសម្តែង-ចម្រៀងប្រុសស្រីមួយចំនួន ដែលតែយកឱកាសនៃថ្ងៃពិសេស​ ខួប​កំ​ណើត គម្រប់អាយុរបស់ខ្លួន រៀបចំធ្វើពិធីជប់លៀង ជួបជុំមិត្តភក្តិបងប្អូនសប្បាយរីករាយ​ នៅតាមភោជនីយដ្ឋាននានា តារាចម្រៀងប្រុសលោក ម៉ៅ ហាជី នាឱកាសថ្ងៃកំណើររបស់​ខ្លួនថ្ងៃ​នេះ បានបង្វែ​ពីការជួបជុំសប្បាយមកជា សកម្មភាពមនុស្សធម៌ តាមរយៈការចែករំលែកអាហារ ដល់ពលរដ្ឋក្រីក្រ។

អតីតបេក្ខជនធ្លាក់ នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក ម៉ៅ ហាជី បានសរសេរ​បង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន មុននេះបន្តិចថា «ថ្ងៃនេះថ្ងៃទី០៤ ខែមេសា គឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ…..។ ខ្ញុំមានបាយប្រអប់ និងទឹកបន្តិចបន្តូចចែកជូន ដល់បងប្អូនដែលត្រូវការបាយទាំងនេះ»។

លោក ម៉ៅ ហាជី បានបញ្ជាក់ថា «វាមិនឆ្អែតរហូតនោះទេ តែសង្ឃឹមថា នឹងមានបងប្អូនដែល​មា​ន​ទឹកចិត្តល្អ ចែកជូនបន្តទៀត។ សុំទោសមិត្តភក្តិនឹង Fan នៅភ្នំពេញផង ដែលចង់រៀបចំកម្ម​វិធីឲ្យតែខ្ញុំមិនបាននៅ។ អរគុណដែលតែងតែលើកទឹកចិត្តខ្ញុំរហូត…»។

តាមរយៈសកម្មភាពខាងលើ​នេះ គេសង្កេតឃើញមានមិត្តភក្តិ នៅក្នុងហ្វេសប៊ុកជាច្រើន បានសម្តែងអារម្មណ៍គាំទ្រ និង​លើកសរសើរនូវសន្តានចិត្ត ដែលតារារូបនេះសុខចិត្ត មិនរៀបចំពិធីខួបកំណើតបែបស៊ីចុកសប្បាយរីករាយ មកធ្វើជាសកម្មភាពមនុស្សធម៌វិញ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង