CamNews

ព័ត៌មានអន្តរជាតិ 

១៤​ នាក់ស្លាប់ ក្រោយរថយន្តក្រុង បោលចូលជ្រោះជ្រៅ ជម្រៅដល់ទៅជិត ១០០ ម៉ែត្រ

ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពីមានការដកស្រង់ពាក្យ សម្តី មន្ត្រីផ្លូវការក្នុងស្រុក គេហទំព័រសារ ព័ត៌មានបរទេសនាំមុខ ស៊ីអិនអិន បានចេញផ្សាយអត្ថបទ អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១៤ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ២៨ នាក់ផ្សេងទៀត របួស ធ្ងន់ និង ស្រាល ក្រោយពីមានករណី គ្រោះថ្នាក់ រថយន្តក្រុង បើករអិល ធ្លាក់ផ្លូវ និងបោលចូល ជ្រោះជ្រៅមួយ កន្លែង នៅក្នុង ប្រទេស ឥណ្ឌា ។

បន្ថែមពីលើនេះ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ មួយរូប បានគូសបញ្ជាក់បន្តអោយដឹងថា រថយន្តក្រុង ដឹកលើសចំណុះមួយនេះ បានបោលចូលជ្រៅ មួយកន្លែង មានជម្រៅដល់ទៅ ជិត ១០០ ម៉ែត្រ ឯណោះ ។ លោក Shant Manu ស្នងការរង មកពីស្រុក Jammu និងស្រុក Kashmir បានផ្តល់ជា កិច្ចសម្ភាសន៍ ដល់ទំព័រ ស៊ីអិនអិនអោយដឹងថា ១៤ នាក់ បានស្លាប់នៅនឹងកន្លែង ខណៈ ២៨ នាក់ផ្សេងទៀត របួស ក្នុងនោះ ភាគច្រើន របួសធ្ងន់ ។

លើសពីនេះ គាត់បន្ថែមថា ភ្លាមៗនោះ កាលទទួលបានព័ត៌មាន ថាមានសោកនាដកម្មខាងលើ យ៉ាងដូច្នេះហើយនោះ ក្រុមកងទ័ព ប្រទេស ឥណ្ឌា ក៏ដូចជា មន្រ្តីប៉ូលីស ជាច្រើនសិបនាក់ ត្រូវ បានគេដាក់ពង្រាយ នៅកន្លែងកើតហេតុ ខណៈ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានគេបញ្ជូន ទៅកាន់កន្លែងកើតហេតុ ដើម្បីជម្លៀសខ្លួនជនរងគ្រោះ ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដែលមានទីតាំង នៅជិតបំផុត ។

ប្រភពបន្តអោយដឹងថា រថយន្តក្រុង មួយគ្រឿងនេះ បានខូចខាតទាំងស្រុង ។ យ៉ាងណាមិញ សេចក្តីរាយការណ៍ បន្តអោយដឹងថា ជារឿយៗ តំបន់នេះ តែងតែកើតមានឡើងនូវគ្រោះថ្នាក់ ពី ព្រោះថា ល្បឿនហួសកំណត់ និង លក្ខខ័ណ្ឌផ្លូវ គឺជា បញ្ហាចោទជាចម្បង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Breaking news Viral video India Asia Mumbai