CamNews

ព័ត៌មានជាតិ 

នគរបាលស្រុក ស្រុកម៉ាឡៃ ឃាត់ខ្លួនសង្ឃ ក្លែងក្លាយ៤នាក់

បន្ទាយមានជ័យ ៖កម្លាំងនគរបាល ស្រុកម៉ាឡៃ នៅវេលាម៉ោង១៦និង១៧នាទីរសៀលថ្ងែទី១៣ ខែតុលា ឆ្នាំ២០១៤ នៅចំណុច អូរច្រកព្រុំដែនកម្ពុជាថៃ ដែលស្ថិតនៅភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន ជនក្លែងជាសង្ឃ៤នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនក្លែងជាសង្ឃទាំងនោះរួមមាន១-ឈ្មោះ ថាន ទូច ភេទប្រុស អាយុ២០ឆ្នាំ ដែលមានស្រុកកំណើត ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំដំណាក់ក្រំ ស្រុកដងទង់ ខេត្តកំពត ២-ឈ្មោះ យ៉ាន់ សុបិន ភេទប្រុស អាយុ២៣ឆ្នាំ ដែលមានស្រុកកំណើត ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំដំណាក់ក្រំ ស្រុកដងទង់ ខេត្តកំពត ៣-ឈ្មោះ សួន វណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ ដែលមានស្រុកកំណើត ស្ថិត នៅភូមិត្រពាំងឬស្សី ឃុំដំណាក់ក្រំ ស្រុកដងទង់ ខេត្តកំពត និងទី៤ឈ្មោះ ប៉ាល់ សុំ ភេទប្រុស អាយុ១៩ឆ្នាំ ដែលមានស្រុកកំណើត ស្ថិតនៅភូមិឃ្ជាយខាងកើតឃុំទទុងស្រុកដងទង់ ខេត្តកំពត។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងបញ្ជាក់ថា លោកសង្ឃ ក្លែងក្លាយទាំងនេះ បានធ្វើដំណើរចូលទៅក្នុងទឹកដីថៃ រួចហើយទិញស្បងជីវរ ដើម្បីពាក់បន្លំជាព្រះសង្ឃ រួចហើយដើរបិណ្ឌបាត បោកប្រាស់ប្រជាពលរដ្ឋថៃ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ទៀតថា ខណៈដែលជនសង្ស័យទាំង៤នាក់ បានធ្វើដំណើរមក ដល់ព្រំដែន ប្រទេសកម្ពុជាវិញ ពេលនោះកម្លាំងនគរបាលស្រុកម៉ាឡៃបានធ្វើការសួរនាំទើបដឹងថា ជាសង្ឃក្លែងក្លាយ ទើបលោកបញ្ជាឲ្យឃាត់ខ្លួនជាបណ្តោះ អាសន្នបន្តការសួរនាំ និងមានវិធានការទៅតាមនីតិវិធី។

 បច្ចុប្បន្នជនក្លែងជាសង្ឃ កំពុងរៀបចំសំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕




ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news Banteay Mean Chey Cambodia