CamNews

ព័ត៌មានជាតិ 

បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវបានចោរ ប្រើឡាមអារក ប្លន់យកម៉ូតូ

ភ្នំពេញ៖ អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត ភ្លាមៗ នៅម៉ោងប្រមាណ៣និង០៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីត្រូវបានចោរប្លន់អារក យកម៉ូតូមិនបានសម្រេច មុនពេលមួយម៉ោង ដែលត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ ។

បើតាមសេចក្តី រាយការណ៍បានឲ្យដឹងថា ជនរងគ្រោះរបួសត្រង់ក ធ្ងន់ធ្ងរ ដោយសារស្នាមឡាម ហើយ ឥឡូវនេះក្រុមគ្រូរពេទ្យកំពុង តែជួយសង្គ្រោះអាយុជីវិត របស់គាត់ក្នុងមន្ទីរពេទ្យកាល់ម៉ែត ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នៅម៉ោង២និង៣០នាទី មានបុរសម្នាក់បានហៅ ជនរងគ្រោះ ឲ្យឌុបចេញពីម្តុំភូមិស្វាយប៉ាក ផ្លូវប៉េតុង សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ លុះធ្វើដំណើរ ចេញបានបន្តិច ដល់កន្លែងផ្លូវស្ងាត់ ជនល្មើសបានឲ្យជនរងគ្រោះបង្អង់ល្បឿនម៉ូតូ រួចខ្លួនបានធ្វើសកម្មភាពយកឡាម អាកជនរងគ្រោះ ក្នុងបំណងយកម៉ូតូសេ១២៥ ពណ៌ខ្មៅ។

អ្នកភូមិស្វាយប៉ាក ក៏បានឲ្យដឹងទៀតថា ពេលនោះជនរងគ្រោះបានផ្តួល ម៉ូតូរួចរត់ឲ្យគេឯងជួយ ភ្លាមនោះ ក្រុមប្រជាពលរដ្ឋ ក៏បាននាំគ្នាស្ទុះ ទៅជួយជនរងគ្រោះ ដែលកំពុងត្រូវ បានជនល្មើសអារក បណ្តាលឲ្យ ហូរឈាមជោក ដោយឃើញសកម្មភាព មិនស្រួលជនល្មើស ក៏បានរត់គេចខ្លួនបាត់ ដោយបរាជ័យ ក្នុង ការប្លន់យកម៉ូតូសេ១២៥ របស់ជនរងគ្រោះ។

ជាមួយនោះដែរជនរងគ្រោះ ក៏ត្រូវបានក្រុមអ្នកភូមិទាក់ទង រថយន្តសង្គ្រោះ ដើម្បីមកដឹក យកទៅព្យាបាល នៅមន្ទីរពេទ្យ ឯជនល្មើសក្រុមប្រជាពលរដ្ឋ ក៏បានបញ្ជាក់ផងដែរថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោស៕





ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia