CamNews

ព័ត៌មានជាតិ 

ACU ឃាត់ខ្លួន​ជនសង្ស័យ ២នាក់ ជាប់​ពាក់ព័ន្ធ​ការ​ប្រឡង​ទុតិយភូមិ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលបាន​ប្រព្រឹត្តបទ​ល្មើសជាប់​ព័ន្ធនឹង ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬបាក់ឌុបលើកទី២ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលាឆ្នាំ ២០១៤ នេះ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃចន្ទនេះ លោក រស់ សាលីន អ្នកនាំពាក្យក្រសួង អប់រំថ្លែងថា ករណីទី១ ស្ត្រីម្នាក់បានយកសំណៅឯកសារ ទៅលក់មុខសាលាបាក់ទូក និងករណីទី២ យុវជនម្នាក់បន្លំធ្វើអ្នកសង្គេតការណ៍។ លោកថ្លែងថា " អ្នកទាំងពីរត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនភ្លាមៗទៅកាន់អង្គភាព"។

តែទោះយ៉ាងណាក៏ដោយលោក រស់ សាលីន បានវាយតំលៃដំណើរការនៃការប្រឡង សម្រាប់ព្រឹក នេះ ប្រព្រឹត្តទៅល្អជាងការប្រឡង នៅលើកទី១ទៅទៀត។ លោកនិយាយបន្ថែមថា" បើយើងទទួលបានព័ត៌មានពីតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ការប្រឡងគឺស្ងប់ស្ងាត់ល្អ ពោលគឺអនុរក្សគោរពទៅតាមតួនាទីរបស់គាត់ រីឯបេក្ខជនរបស់យើងគាត់ គោរពទៅតាមវិន័យរបស់គាត់។ បើយើងនិយាយមែនទែនទៅទិដ្ឋភាពព្រឹក នេះដំណើរការល្អជាងលើកទី១ទៀត ព្រោះគាត់យល់ដឹងបទពិសោធន៍ កាលពីប្រឡងលើកទី១អស់ហើយ"។

សូមបញ្ជាក់ថា បេក្ខជនដែលប្រឡងលើកទី២នេះ មានចំនួនជិត ៧ម៉ឺននាក់ និងមណ្ឌល១១៧ ក្នុងនោះមានបន្ទប់ ចំនួន ២៧៥២ បន្ទប់ គ្រប់រាជធានី ខេត្ត។ លទ្ធផលនៃការប្រឡងនឹង ប្រកាសនៅថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០១៤ខាងមុខ។ ក្នុងនោះអ្នកសង្គេតការណ៍ជាតិ-អន្តរជាតិ មានចំនួនជាង ៣០០០នាក់។

គួររម្លឹកឡើងវិញបន្តិចថា កាលពីប្រឡងបាក់ឌុបលើទី១ នៅថ្ងៃទី៤-៥ ខែសីហា មានបេក្ខជនប្រឡងជាប់ សរុប ចំនួន២៣១២៦នាក់ ត្រូវជា ២៥,៧២ភាគរយ ក្នុងចំណោមសិស្សសរុប ៨៩៩៣៧នាក់ ៕





ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia