CamNews

ព័ត៌មានជាតិ 

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ប្រឡងបាក់ឌុបលើកទី២ សិស្សធ្វើបានច្រើន

ភ្នំពេញ ៖ ក្នុងឱកាសប្រឡង សញ្ញាបត្រទូតិយភូមិលើកទី២ បេក្ខជន-បេក្ខនារី អាចធ្វើបានច្រើន ដោយ សារតែពួកគេបាន ខិតខំប្រឹងប្រែងរៀនសូត្រ នេះជាការលើកឡើង របស់រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និង កីឡា លោក ហង់ ជួនណារ៉ុន ។

គេហទំព័រ របស់ក្រសួងអប់រំបានឲ្យដឹងថា លោក ហង់ ជួន ណារ៉ុន និង លោកហ្សង់ហ្វ្រង់ស្វ័រ កូតាំង ឯកអគ្គរដ្ឋទូតសហគមន៍ អឺរ៉ុបប្រចាំកម្ពុជា បានចុះពិនិត្យដំណើរការសំណេរ នៅមណ្ឌលវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ។

ក្នុងឱកាសនោះ លោក ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ថា ការប្រឡងលើកទី២នេះ មិនមានការ បែកធ្លាយវិញ្ញាសា ហើយកម្រិតស្តង់ដារ ការប្រឡងដូចគ្នា នឹងការប្រឡងលើកទី១ដែរ ហើយលោកបាន សង្កេតឃើញថា កូនសិស្សបានខិតខំរៀនសូត្រ ច្រើនជាងមុន ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែតុលា គឺ សិស្សអាចធ្វើបានច្រើន ។

ប៉ុន្តែ ទោះបីជាយ៉ាងណា លោកនៅតែមិនអាចប៉ាន់ស្មានបានថា អត្រាសិស្សប្រឡងជាប់ អាចមាន ប៉ុន្មានភាគរយនោះទេ ដោយសារសិស្សបានខិតខំរៀនច្រើន ទើបធ្វើឲ្យពួកគាត់គិតថា ការប្រឡងលើក ទី២នេះ មានភាពងាយស្រួលជាងលើកទី១ ។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា ប្រសិនបើសិស្ស នៅតែប្រឡងធ្លាក់នៅលើកទី២នេះ ក្រសួងនឹងលើកទឹក ចិត្តឲ្យគាត់រៀនត្រួតថ្នាក់ មួយឆ្នាំទៀត ដើម្បីពង្រឹងនូវមូលដ្ឋានគ្រឹះ សម្រាប់ការប្រឡងឆ្នាំក្រោយទៀត។

ដោយឡែក ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមនុស្សពីរនាក់ កាលពីព្រឹកថ្ងៃទី១៣ ខែ តុលា នោះ ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា បានដោះលែងវិញហើយ ព្រោះករណីនេះ មិនមានភាពធ្ងន់ ធ្ងរទេ ។

លោក ហ្សង់ហ្វ្រង់ស្វ័រ កូតាំង បានមានប្រសាសន៍ ឲ្យដឹងដែរថា ការប្រឡងលើកទី២ មិនមានលក្ខណៈ ខុសប្លែកពីការប្រឡងលើកទី១ នោះទេ គឺមានការរៀបចំបានល្អត្រឹមត្រូវ និងអាចជឿជាក់បាន ព្រមទាំង មានការសហការល្អ រវាងក្រសួង និងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងគោលដៅលើកកម្ពស់គុណភាព អប់រំនៅកម្ពុជា ។

សូមបញ្ជាក់ថា បេក្ខជនដែល ប្រឡងលើកទី២នេះ មានចំនួនជិត ៧ ម៉ឺននាក់ និងមណ្ឌល១១៧ ក្នុង នោះមានបន្ទប់ ចំនួន ២៧៥២ បន្ទប់ គ្រប់រាជធានី ខេត្ត។ លទ្ធផលនៃការប្រឡងនឹង ប្រកាសនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខ។ ក្នុងនោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ មានចំនួនជាង ៣០០០ នាក់ ។ គួររម្លឹកឡើងវិញបន្តិចថា កាលពីប្រឡងបាក់ ឌុបលើទី១ នៅថ្ងៃ ទី៤-៥ ខែសីហា មានបេក្ខជន ប្រឡងជាប់ សរុប ចំនួន ២៣១២៦នាក់ ត្រូវជា២៥,៧២ ភាគរយក្នុងចំណោម សិស្សសរុប ៨៩៩៣៧ នាក់ ៕




ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia