ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនឆ្នោតកីឡាជាតិ កាលពីយប់ថ្ងៃទី១២ ខែតុលា បានរៀបចំពិធីជប់លៀងដ៏ធំមួយ ដើម្បីអបអរសាទរ ការដណ្ដើម បានមេដាយមាស កីឡាអាស៊ីរបស់វីនារី ស៊ន សៀវម៉ី ក្នុងឱកាសនោះ ក្រុមហ៊ុន ក៏បានរៀបចំប្រាក់រង្វាន់ លើកទឹកចិត្ត ប្រគល់ជូនដល់ គ្រប់អត្តពលិកកម្ពុជា ដែលបាន ចំណាយពេល ចូលរួមប្រកួតកីឡា Asian Games លើកទី១៧ នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូងផងដែរ ។
នៅក្នុងកម្មវិធីអបអរសាទរការដណ្ដើម បានមេដាយមាស ប្រវត្តិសាស្ដ្រនេះ គឺទទួលបានអញ្ជើញ ចូលរួមពីលោក ថោន ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា រួមទាំងសមាជិកប្រតិបត្តិ ជាច្រើននាក់ទៀត ដើម្បីធ្វើជាសាក្សី នៃការចុះហត្ថលេខា ផ្ដល់ប្រាក់រង្វាន់ និងបន្ដជួយគាំទ្រដល់កីឡាជាតិ រវាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក ឆាវ អ៊ីនទ័រ ប្រធានក្រុមហ៊ុន ឆ្នោតកីឡាជាតិ ។
សម្រាប់ប្រាក់រង្វាន់ ដែលក្រុមហ៊ុនឆ្នោតកីឡាជាតិ រៀបចំផ្ដល់ជូនដល់ អត្តពលិក-គ្រូបង្វឹក ក្រុមជម្រើសជាតិកម្ពុជានេះ គឺបែងចែកជា ៣ដំណាក់កាល ទី១: ក្រុមហ៊ុនបានផ្ដល់ប្រាក់ រង្វាន់ជាលុយសុទ្ធចំនួន ៧,០០០ដុល្លារអាម៉េរិក ដល់អ្នកដណ្ដើមបានមេដាយមាស គឺកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី, គ្រូបង្វឹកជនជាតិកូរ៉េលោក ឆយ យ៉ុងសុក ចំនួន ៣,០០០ដុល្លារ និងលោក វ៉ាត់ ចំរើន ដែលចុះបំពេញបេសកកម្ម តាំងពីចាប់ផ្ដើមរហូត ចប់ការប្រកួតចំនួន ៣,០០០ដុល្លារដូចគ្នា ។
ដំណាក់កាលទី២: គឺក្រុមហ៊ុនបានផ្ដល់នូវ ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនី ដែលប្រកួតឈ្នះ ខ្លះ-ចាញ់ខ្លះ នូវទឹកប្រាក់ចំនួន ៣០០ដុល្លារ និងដំណាក់កាលទី៣: សម្រាប់កីឡាករ-កីឡាការិនី ដែលប្រកួតមិនស្គាល់ពាក្យឈ្នះសោះ ក្រុមហ៊ុនក៏បានផ្ដល់ប្រាក់ រង្វាន់លើកទឹកចិត្តដូចគ្នា គឺទឹកប្រាក់ចំនួន ១០០ដុល្លារ ខណៈគ្រូបង្វឹកម្នាក់ៗ ក៏ទទួលបាន ១០០ដុល្លារផងដែរ ។
លោក ថោង ខុន បានមានប្រសាសន៍ថា ជោគជ័យរបស់កញ្ញា ស៊ន សៀវម៉ី នាពេលនេះពិតប្រាកដណាស់គឺ បានមកពីការខិតខំប្រឹងប្រែង របស់កញ្ញាផ្ទាល់ និងបានមកពីការជួយជ្រោមជ្រែង ផ្ទាល់ពីគ្រូបង្វឹកលោក ឆយ យ៉ុងសុក និងក្រុមគ្រួសាររបស់កញ្ញា ។ ប៉ុន្តែក្នុងនោះ ក៏មានការរួមចំណែក ពីការរៀបចំគ្រប់គ្រងឧបត្ថម្ភ គំាទ្រពីរាជរដ្ធាភិបាល ក្រសួងអប់ រំយុវជន និងកីឡា ព្រមទាំងសហព័ន្ធ កីឡាជាតិ និងការដាក់ចេញនូវផែនការ យុទ្ធសាស្ត្រ ត្រឹមត្រូវក្នុងសន្នីសីទ កីឡាជាតិលើកទី១ ក្នុងមហាសន្និបាត របស់គណៈកម្មាធិការជាតិ អូឡំាពិកកម្ពុជា ឆ្នំា២០១០ ដែលបានកំណត់ថាកម្ពុជា ត្រូវស្វែងរកមេដាយឲ្យបាន ១គ្រឿងក្នុងការប្រកួតកីឡា អាស៊ីលើកទី១៧ នៅប្រទេសកូរ៉េ ទោះបី មាស ប្រាក់ និងសំរិទ្ធក៏ដោយ ។
លោកបន្ដទៀតថា ជោគជ័យនេះគឺជាគំរូវីរភាព ជាកំលំាងចលករដ៏សំខាន់មួយ សម្រាប់ជំរុញចក្ខុវិស័យ និងមហិច្ឆតារបស់យើងឆ្ពោះទៅរកភាពជោគជ័យលើការប្រកួតកីឡាអូឡំាពិកបន្តទៀត ព្រោះកម្ពុជាមិនទាន់ទទួលបានមេដាយកីឡាអូឡាំពិកនៅឡើយទេ ។ បើតាមអ្នកជំនាញតេក្វាន់ដូ និងព្រឹទ្ធាចារ្យតេក្វាន់ដូកូរ៉េមួយចំនួនបានវាយតម្លៃថា លក្ខណៈសម្បត្តិរបស់កីឡាការិនី ស៊ន សៀវម៉ី អាចឈានទៅរកមេដាយក្នុងការប្រកួតកីឡាអូឡំាពិកបាន ប្រសិនបើមានការហ្វឹកហាត់បន្ដត្រឹមត្រូវ និងមានការផ្គត់ផ្គង់គ្រប់គ្រាន់នោះ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល