CamNews

តារា 

ថន លក្ខិណា ហោះ​​ទៅ​ប្រទេស​សឹង្ហ​បុរី ល្បី​ស៊ី​ថ្លៃ​រាប់​ពាន់​ដុល្លារ

(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីការិនី ដ៏ស្រស់​សោភា កញ្ញា ថន លក្ខិណា ត្រូវបានគេដឹងថា នាងបានចាកចេញពីប្រទេសកម្ពុជា ទៅកាន់សឹង្ហបូរី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ជាមួយនឹងតម្លៃខ្លួនរាប់ពាន់ដុល្លារ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង ចំពោះដំណើរចាកចេញរបស់នាង នៅពេលនេះ។

ការចេញដំណើរទៅកាន់ប្រទេស មានសេដ្ឋកិច្ចជឿនលឿន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពីសំណាក់តារាសម្ដែង ថន លក្ខិណា នៅពេល​នេះ ត្រូវបានគេដឹងថា នាងទៅជាមួយក្រុមការងារ ថតស្ពតពាណិជ្ជកម្ម របស់ក្រុមហ៊ុនប្រេងម៉ាស៊ីនមួយដ៏ល្បីមួយ មានឈ្មោះថា «ភីធីធី» ដើម្បីថតស្ពតពាណិជ្ជកម្ម ឲ្យក្រុមហ៊ុននេះ ហើយតម្លៃវិញក៏ខ្ទង់រាប់ពាន់ដុល្លារដែរ។ ​

ស្រីស្រស់ ថន លក្ខិណា បានក្លាយជាអ្នកបង្ហាញផលិតផល ប្រេងម៉ាស៊ីន​ (Presenter) ដែលត្រូវបានប្រភពមួយបាននិយាយថា នាងទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក ក្នុងការងារថតផ្សព្វផ្សាយ ឲ្យផលិតផលមួយនេះ ព្រោះនាងជាតារាល្បី​មានប្រជាប្រិយភាព ​មានអ្នកគាំទ្រច្រើន ពិសេសរូបភាពនាងក្នុងបណ្ដាញសង្គម ពេលបង្ហោះម្ដងៗ រូបខ្លះមានអ្នកចុច Like ដល់ទៅ ជិត​១ម៉ឺននាក់ក៏មានដែរ ទើបនាងក្លាយជាតារាស្រីទាក់ទាញខ្លាំងជាងគេ​។

តារាសម្ដែង​ ថន លក្ខិណា តែងត្រូវបានគេមើលឃើញថា មិនមែនទៅណាមកណា តែម្នាក់ឯងនោះទេ នាងក៏បាននាំអ្នកម្ដាយសំណប់ចិត្ត ​ទៅជាមួយផងដែរ ព្រោះនាងហាក់មិនមានទំនុកចិត្ត ពេលធ្វើដំណើរផ្លូវឆ្ងាយដោយគ្មានអ្នកម្ដាយទៅជាមួយ ហើយ​ម្ដាយនាង ក៏តែងតែតាម​គ្រប់ពេល ផងដែរ។

​កញ្ញា ថន លក្ខិណា ទើបតែត្រឡប់ពីប្រទេសថៃ ជាមួយម្ដាយ កាលពីពេលថ្មីៗដើម្បីធ្វើ​ខួបកំណើតឲ្យបងស្រី​ គឺអ្នកនាង ថន តារា លើទឹកដីថៃ ដែលមានអ្នកចូលរួមជាច្រើននាក់ ពិសេសមន្ត្រីៗ ក្នុងរដ្ឋាភិបាលថៃ មួយចំនួនក៏បានចូលរួម​ដែរ។ ​ថន លក្ខិណា ជាតារាចម្រៀងស្រីម្នាក់ ដែលមានសមត្ថភាព និងប្រជាប្រិយភាពខ្លាំង ក្នុងចំណោមតារាសម្ដែងស្រី​ល្បីៗ ហើយ​ក៏ជាពិធីការិនីល្បី ខាងផ្នែកភាសាថៃ និង ជាពីធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ ស៊ីធីអីន កម្មវិធី «ផ្ទះលោកតា» និង ស្ថានីយទូរទស្សន៍ហង្សមាស ក្នុងកម្មវិធី «តន្ត្រីលើទឹក» ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង