CamNews

តារា 

ម៉ៅ ហាជី ចូលខ្លួនដោះស្រាយបណ្ដឹងស្ងាត់ៗ ជាមួយកម្មវិធី«Cambodian Idol»

(ភ្នំពេញ)៖ អតីតបេក្ខជន ម៉ៅ ហាជី ថ្វីដ្បិតប្រឡងធ្លាក់ កម្មវិធី Cambodian Idol រដូវកាលទី១ ក៏​ពិតមែន តែគេកត់សម្គាល់ឃើញថា បេក្ខជនមកពីខេត្តបាត់បងរូបនេះ នៅតែបន្តទទួល​បា​នការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនស្ទើរគ្រប់មជ្ឈដ្ឋាន ទាំងអ្នកនៅក្នុងប្រទេស​ និង​អ្នក​រស់នៅក្រៅប្រទេស។ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យ មហាជនចាប់អារម្មណ៍័នោះ គឺបន្ទាប់ពីមានរឿងរ៉ាវក្ដីក្ដាំជាមួយនឹងស្ថានីយទូរទស្សន៍ហង្សមាស ក្នុងកម្មវិធី«Cambodian Idol » ខណៈតារារូបនេះ បានទៅចុះកិច្ចសន្យាច្រៀងជាមួយផលិតកម្ម ថោន ទាំងមិនទាន់ដាច់ស្រេចជាមួយកម្មវិធីប្រឡងរបស់ខ្លួន ។

ប៉ុន្តែបន្ទាប់ពីរឿងរ៉ាវនេះ បានពុះកញ្ជ្រោលឡើងកាន់តែខ្លាំង ម៉ៅ ហាជី បានចេញមុខប្រតិកម្ម និងស្វែងរកដំណោះស្រាយយ៉ាងស្ងៀមស្ងាត់ ជាមួយនឹងកម្មវិធី Cambodian Idol ដើម្បីបន្ធូបន្ថយស្ថានការណ៍កុំឲ្យកាន់តែតានតឹង ហើយបានបញ្ជាក់ថា លោកមិនបានទៅលូចចុះកិច្ចសន្យាជាមួយផលិតកម្ម ថោន ដូចអ្វីដែលបានលេចឮនោះទេ ពោលលោកបែរជាចោទទូរទស្សន៍ហង្សមាស ថាបានបង្ខូចកេរ្តិ៍ឈ្មោះលោកទៅវិញ ។ យ៉ាងណាក្ដីភាពចម្រូងចម្រាស់នេះ ត្រូវបានដោះស្រាយ ខណៈ មៅ ហាជី ចូលខ្លួនតាមអ្វី ដែលស្ថានីយទូរទស្សន៍ស្នើសុំ ជៀសបញ្ហាកាន់ជ្រុលទុំជោរឡើង ។

តាមរយៈសន្ទុះនៃការគាំទ្រនេះ ទើបធ្វើឲ្យជីវិតសិល្បៈរបស់ ម៉ៅ ហាជី កាន់តែមានសង្ឃឹមជោ​គជ័យ សម្រាប់ថ្ងៃអនាគត់បើទោះបីជាលោក បានធ្លាក់ការ​ប្រឡង​នៅក្នុងកម្មវិធីនោះហើយក៏ពិ​តមែន តែទីផ្សារសិល្បៈអតីតបេក្ខជនរូបនេះ នៅតែបន្តហក់ឡើងខ្ពស់ត្រដែត។ ខណៈកំពុងមានផលិត​កម្មធំៗចំនួន២ជ្រែងគ្នាចង់បាន លោក ម៉ៅ ហាជី ធ្វើជាតារារបស់ខ្លួន​។

ភាពលេចធ្លោ ដែលបានមកពីការគាំទ្រពីសំណាក់ទស្សនិជន ស្ទើរគ្រប់ស្រទាប់វ័យនេះហើយ ដែលជាកំលាំងចិត្តយ៉ាងធំធេងសម្រាប់ ម៉ៅ ហាជី ដើម្បីសម្រេចបំណងប្រាថ្នានាថ្ងៃអនាគត់របស់ខ្លួន ដោយការប្រើប្រាស់ខ្សែជីវិតលើវិថីសិល្បៈមួយនេះ។ ស្របពេលគ្នានេះលោក ម៉ៅ ហាជី ក៏បានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានភ្ជាប់ជាមួយរូបភាពរថយន្តស៊េរីទំនើប១គ្រឿង នឹងការសរសេរសាខ្លីថា «បើខ្ញុំមានឡានមួយនេះមែន មិនដឹងជាល្អប៉ុនណាទេ ?អ្នកណាអាចទាយបានទេថា ខ្ញុំនឹងទៅកន្លែងណាមុនគេ ? »។

បើសង្កេតមើលតាមរយៈអត្ថន័យខ្លឹមសារខាងលើ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមពេលនេះ មានទស្សនិកជនខ្លះ បានបញ្ចេញមតិ​ថា ហាជី ហាក់បង្ហាញពីបំណងប្រាថ្នាខ្ពស់ ដោយស្រវ៉ាចង់បានរថយន្តស៊េរីទំនើប បន្ទាប់ពីមានឈ្មោះល្បី នៅក្នុងវិស័យសិល្បៈ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Cambodian Idol HMHDTV Live Show Mao ha Chi