CamNews

តារា 

ឆឹម សក្កដា ជានរណា ខណៈផ្ទុះដំណឹងស្នេហ៍ជាមួយ ពេជ្រ សោភា

(ភ្នំពេញ)៖ បន្ទាប់ពីមានការបែបធ្លាយ រហូតមានការចុះផ្សាយយ៉ាងព្រោងព្រាត ពីសំណាក់បណ្តាសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន ដែលបានដាក់ការសង្ស័យ លើសម្ព័ន្ធភាពស្នេហា រវាងតារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា ជាមួយ​តារាសម្តែងប្រុសខ្ពស់ស្រឡះរូបសង្ហា លោក ឆឹម សក្កដា ថា បានលួចលាក់ស្នេហាជាមួយគ្នាមក ភ្លាមៗនេះដែរ តារាស្រីអ្នកនាង ពេជ្រ សោភា បានចេញមុខច្រានចោល ចំពោះដំណឹងនេះថា គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។

ផ្អែកតាមការចុះផ្សាយ របស់បណ្តាសាព័ត៌មានក្នុងស្រុកមួយចំនួន បានលើកឡើងភ្ជាប់ជាមួយរូបភាព នៃការស្និទ្ធស្នាលគ្នា រវាងអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ដោយបានបញ្ជាក់ថា ពេជ្រ សោភា និងតារាប្រុសលោក ឆឹម សក្កដា អំឡុងមួយរយៈពេលចុងក្រោយនេះ ហាក់មានភាពស្និទ្ធស្នាលផ្អែមល្ហែម ជាមួយគ្នាខ្លាំងណាស់។ តាមរយៈរូបភាពនេះ ពួកគេទាំងពីរអាចនឹងកំពុងតែ លេងល្បែងស្នេហ៍លាក់មុខ ជាមួយគ្នាទៀតផង។



ជាមួយគ្នានេះ បើតាមការកត់សម្គាល់ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រី-ប្រុសមួយគូនេះថ្មីៗកន្លងមកនេះ គេតែង​ប្រទះឃើញ​សារឆ្លើយឆ្លងគ្នា ជាបន្តបន្ទាប់ ខណៈថ្មីៗនេះ លោក ឆឹម សក្កដា ក៏បានបង្ហោះ ភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដោយលើកឡើងថា «ទោះជាត្រូវចាំចម្លើយយូរបន្តិច តែក៏មិនអីដែរ គេមើលខ្ញុំសិនក៏បាន មិនអីទេ ពេលខ្លះរឿងពីមុនរបស់គាត់ អាចធ្វើឲ្យគាត់ខ្លាច ខ្ញុំយល់​អារម្មណ៍​របស់គាត់ ធ្លាប់ឈឺចាប់ដូចគ្នា ទើបដឹង !»។ ប៉ុន្តែភ្លាមៗនោះដែរ ស្រាប់តែអ្នកនាង ពេជ្រ សោភា បាន Share នឹងបានសរសេរ នៅលើរូបភាពនោះថា «ធ្លាប់ឈឺចាប់ដូចគ្នា ទើបដឹងថា វាឈឺប៉ុណ្ណា អរគុណណាស់ ដែលតែងធ្វើឲ្យខ្ញុំសើចរហូត នៅពេលដែល​ខ្ញុំកំពុងឈឺចាប់ !»

យ៉ាងណាមិញ ស្របពេលដែលមហាជនជាច្រើន កំពុងដាក់ការសង្ស័យថា អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា អាចមាន​ទំនាក់​ទំនង​ស្នេហា ជាមួយគ្នា ទើបបានជាមានសារឆ្លើយឆ្លងផ្តោះផ្តងបែបនេះ ស្រាប់តែសាមីខ្លួន អ្នកនាង ពេជ្រ សោភា បានចេញមុខបដិសេធ ដោយបញ្ជាក់​ដោយខ្លីថា «ពួកយើងរាប់អានគ្នាត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះ» ខណៈមានទស្សនិកជនជាច្រើន នៅតែសង្ស័យចំពោះរឿងនេះ នៅឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: pich sophea david HM HMHDTV