CamNews

ព័ត៌មានជាតិ 

តុលាការ សម្រេចឃុំខ្លួន ជនសង្ស័យ ដែលបាន បាញ់សម្លាប់ បុរសម្នាក់ ប្លន់យករថយន្ត

ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០១៤នេះ បានសម្រេច ឃុំខ្លួនឃាតករម្នាក់ ដែលបានបាញ់សម្លាប់ ប្លន់យករថយន្តពីជនរងគ្រោះ នៅចំណុចដីឡូត៍ ស្ថិតក្នុង ក្រុមទី១១ ផ្លូវ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឫស្សីកែវ កាលពីដើមខែកញ្ញា កន្លងទៅនេះ ។

ជនជាប់ចោទម្នាក់នេះ មានឈ្មោះ អេង សៀង ហៅ៨៥ អាយុ១៩ឆ្នាំ ជាអ្នកបកប្រែភាសាចិន នៅក្រុមហ៊ុនគាន់ឡុង ចាប់ខ្លួន កាលពីថ្ងៃទី៩ ខែតុលា នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលត្រូវបាន កម្លាំងអាវុធហត្ថ ក្រោមការដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីមានការស្រាវជ្រាវ យ៉ាងស្វិតស្វាញ អស់រយៈពេលជាង១ខែ ។ ជនជាប់ចោទ បាន បោកបញ្ឆោត រួចសម្លាប់បុរសម្នាក់ឈ្មោះ នូ គឹមសាន ប្លន់យករថយន្ត HIGHLADER មួយគ្រឿង ។

សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីរៀបចំ គម្រោងការរួច កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ៩ព្រឹក ជនជាប់ចោទ បានទូរស័ព្ទ ទៅលេខជនរងគ្រោះឈ្មោះ នូ គឹមសាន្ត ក្នុងគោលបំណង ឲ្យគាត់មកភ្នំពេញ ធ្វើជាលេស បញ្ជាទិញពីជន រងគ្រោះនូវ ប្រម៉ាត់ខ្លាឃ្មុំចំនួន១២ ក្រពះកាំប្រម៉ា ចំនួន០៤ ចង្កូម ខ្លាមួយគូ និងខ្នាយជ្រូកព្រៃមួយគូ ដោយខ្លួនបានកុហកជន រងគ្រោះថា ជនជាតិចិន ជាអ្នកមានម្នាក់ បានទាក់ទងបញ្ជាទិញ របស់ទាំងនេះ។ លុះដល់ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ជនជាប់ចោទ ក៏បានទូរស័ព្ទ ទៅជនរងគ្រោះចំនួនពីរដងទៀត ដើម្បីសួរបញ្ជាក់គាត់ ពេលនោះជនរងគ្រោះ ប្រាប់ថា មកជិត ដល់ហើយ ។

សមត្ថកិច្ច បានបន្តថា ពេលឈ្មោះ នូ គឹមសាន្ត មកដល់ស្តារម៉ាតមួយកន្លែង ក្បែកាំកូស៊ីធី លើផ្លូវ៥៩៨ គាត់ក៏បានឈប់រថយន្ត តាមការឲ្យសញ្ញាពីជនជាប់ចោទ ពេលនោះឈ្មោះ អេង សៀង ហៅ៨៥ ដែលជាជនជាប់ចោទ បានឡើងជិះរថយន្ត ទៅ ជាមួយជនរងគ្រោះ ដោយនាំជនរងគ្រោះ ទៅដីឡូត៍ (កន្លែងកើតហេតុ) ដែលរូបគេបានរៀបចំទុកជាមុន ។ បន្ទាប់មក ជន សង្ស័យកុហក ជនរងគ្រោះថា ចាំជនជាតិចិនមកយកឥវ៉ាន់ ដែលបញ្ជាទិញ ភ្លាមៗនោះពួកគេ បានចុះពី លើរថយន្ត ជជែកគ្នា លេង អស់រយៈពេល ជាងពីរម៉ោង។

សមត្ថកិច្ច បានបន្តទៀតថា ដោយចាំយូរពេក ជនរងគ្រោះ ឱ្យជនជាប់ចោទ ទូរស័ព្ទទៅជនជាតិចិន តែពេលនោះ ជនជាប់ ចោទ ធ្វើជានិយាយទូរស័ព្ទទៅចិន តែតាមការពិតមិនបានហៅ ទូរស័ព្ទទៅ ជនជាតិចិន នោះទេ ហើយប្រាប់ជនរងគ្រោះថា ជនជាតិចិន ប្រាប់ឲ្យពួកគេ ទៅជួប នៅហាង ស៊ុបនៅចំណុច ក្បែររង្វង់មូលកាំកូស៊ីធីវិញ ។ ប៉ុន្តែបន្ទាប់មកឡើងរថយន្ត ដែល ជនជាប់ចោទ ជិះពីក្រោយ បានឱកាស ជនជាប់ចោទ ក៏បានដកកំាំភ្លើងខ្លីម៉ាក ឡុក សេ អេហ្វ៩៨ (Glock CF98) ចេញពី ក្នុង កាបូបស្ពាយ រួចបាញ់លើឈ្មោះ នូ គឹមសាន្ត ចំនួន៣គ្រាប់ត្រូវចំខ្នង និងបន្តបាញ់ ត្រូវចំលើក្បាល ចំនួន០៣គ្រាប់បន្ថែមទៀត រហូតដល់ជនរងគ្រោះ ដាច់ខ្យល់ស្លាប់តែម្តង ។

ប្រភពដដែលនេះ បានបញ្ជាក់ទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ ជនជាប់ចោទ បានចុះចេញពីលើ រថយន្ត ត្រឡប់ទៅផ្ទះនៅ បុរីឡាយគង់ ដើម្បីផ្លាស់ប្តូរអាវ ព្រោះអាវពណ៌សូកូឡា ដែលរូបគេពាក់ មានប្រឡាក់ឈាម រហូតដល់ម៉ោង ៩យប់ថ្ងៃ ទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ជននេះ បានទៅដល់ កន្លែងកើតហេតុម្តងទៀត ហើយទម្លាក់សាកសពជនរងគ្រោះ ចេញពីរថយន្ត រួចបើក រថយន្ត មកផ្ទះសំណាក់យីហោ “ថ្ងៃល្អ” នៅម្តុំអង់តែនទួលគោក ដោយយក រថយន្តនេះ ទុកក្នុងបន្ទប់ ផ្ទះសំណាក់ ហើយបាំង វាំងននជិត ។ បន្ទាប់ពីលាងសម្អាតឈាម ក្នុងរថយន្តរួច ស្អែកឡើង ជនជាប់ចោទ ក៏បានហៅមិត្តភ័ក្តិម្នាក់ យកទៅបញ្ចាំបាន ៩ពាន់ដុល្លារសហរដ្ឋអាមេរិក ។

សមត្ថកិច្ច បានបន្តថា ក្រោយពីយកបញ្ចាំរួច ជនជាប់ចោទ បានរត់គេចខ្លួន មួយរយៈ រហូតដល់ សមត្ថកិច្ច អាវុធហត្ថ សហការជាមួយសមត្ថកិច្ច មូលដ្ឋាន ស្រាវជ្រាវឃាត់ខ្លួនបាន នៅចំណុចភូមិចេក ឃុំអូរ ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ តែម្តង កាលពីថ្ងៃទី៩ ខែតុលា កន្លងទៅនេះតែម្តង ។ បច្ចុប្បន្នជនជាប់ចោទ កំពុងត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ព្រៃស ៕





ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia