CamNews

តារា 

ដេននី ​បង្ហាញ​សកម្មភាព​មនុស្សធម៌ ស្រង់​កិត្តិយស​ឡើង​វិញ ក្រោយ​​រង​ការ​រិះ​គន់​លើ​ភាព​សិច​ស៊ី

(ភ្នំពេញ)៖​ ស្រីស្រស់សាច់សខ្ចី ដេននី ខ្វាន់ ​កន្លងមកធ្លាប់តែពើបប្រទះ នឹងរឿងរ៉ាវអាស្រូវផ្ទួនៗ បញ្ហារិះគន់មិនចេះចប់មិនចេះហើយ ជុំវិញការស្លៀកពាក់សិចស៊ី​ បង្ហាញសាច់ខ្ចី ថ្មីៗនេះនាងបានងា​កមកផ្តើម ធ្វើការងារមនុស្ស ​ដើ​ម្បីស្ដារកិត្តិយស និងមុខមាត់របស់ខ្លួនឡើងវិញ ​ដោយបានយកអំណោយ ជាថវិកា និងសម្ភារប្រើប្រាស់មួយចំនួន ចែកជូនដល់ជនក្រីក្រ ចាស់ជរាតាមបណ្ដាខេត្តឆ្ងាយៗ។

តាមរយៈរូបថតជាច្រើនសន្លឹក ដែលត្រូវបានម្ចាស់សាម៉ីខ្លួន តារាសម្តែងសិចស៊ី កញ្ញា ដេន នី បង្ហោះចែករំលែកនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនេះ បានបង្ហាញពី សកម្មភាព​ គ្រាដែលនាង និងក្រុមគ្រួសារ បាននាំយកអំណោយជាសម្ភារៈ និងថវិកាខ្លះៗ ទៅចែកជូនដល់បងប្អូ​ន ប្រជាពលរដ្ឋក្រីក្រចាស់ជរា គ្មានទីពឹងចំនួន២៥នាក់ រស់នៅ ក្នុងទឹកដីខេត្តកំពង់ធំ។

ជាមួយការបង្ហោះរូបថតបង្ហាញ ពីសកម្មភាពមនុស្សធម៌ខាងលើនេះ នាង ដេន នី បានប្រាប់​ឲ្យ​ដឹងថា «នេះជាសកម្មភាព ចុះចែកអំណោយពីម្សិលមិញ ថ្ងៃចន្ទទី០១ខែកុម្ភៈ ឆ្នាំ២០១៦ ជូនដល់យាយតាជរា ដែលលំបាកនៅភូម ស្វាយម្ស៉ៅ ឃុំ​ទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន២៥គ្រួសារ ។ នាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានជួយសម្រាលទុក្ខលំបាក​ ដល់ពួកគា​ត់បានមួយគ្រាដែរ ទោះជាអំណោយនេះ តិចតួចក្តីតែវាក៏ជាទឹកចិត្តរបស់នាងខ្ញុំផ្ទាល់ ដែលចង់ជួយដល់ពួកគាត់..»។

តារាស្រីដែលទើបទទួល បានតំណែងតួឯកលើកដំបូង កញ្ញា ដេននី ខ្វាន់ បានលើកឡើង​ទៀត​ថា​ «រាល់អំពើល្អដែលខ្ញុំបានធ្វើ គឺគ្មានអារម្មណ៍ថា ហត់នឿយឡើយ.. ហើយខ្ញុំនឹងបន្តធ្វើរហូត តាមលទ្ធភាពដែលអាចធ្វើបាន..»។ ជាមួយគ្នានេះ បើតាមការឲ្យដឹងបន្ថែមពីសំណាក់ កញ្ញា ដេន​នី បាននិយាយថា មិនមែនជា​លើ​កទី១ សម្រាប់នាងនោះទេ ចំពោះសកម្មភាពមនុស្សធម៌​លើ​នេះ គឺធ្លាប់មានជាបន្តបន្ទាប់ តាំងពីនាងមិនទាន់ចូលសិល្បៈមកម្ល៉េះ។

គួររំឭកថា តារាស្រីស្រស់សោភា នាង ដេននី ខ្វាន់ កន្លងមកធ្លាប់បានទទួលរងព្រនង់ នៃការរិះគន់ដោយសារតែភាពសិចស៊ី ហ៊ានបញ្ចេញសាច់ដើមទ្រូង ស្ទើរមើលឃើញទាំងស្រុងរបស់នាង​។ ប៉ុន្តែក្រោយពីទទួលរងការរិះគន់ ថ្មីៗនេះនាងក៏បានងាកមកធ្វើសកម្មភាព មនុស្សធម៌តាម​រយៈការផ្តល់សម្ភារ គ្រឿងបរិភោគ និងថវិកាជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលគេសង្ឃឹមថា ថ្ងៃក្រោយ នាងនឹងបន្តសកម្មភាព បែបនេះ ជាថ្មីបន្ថែមទៀត ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Denny Star news local news