(ភ្នំពេញ)៖ តារាសម្តែង និងជាប្រធានមូលនិធិ «កុមារសាវិនកម្ពុជា» ដ៏មានប្រជាប្រិយភាពលេចធ្លោ តាមរយៈសកម្មភាពមនុស្សធម៌ លោក សាវិន ហ្វីលីព កាលពីល្ងាចម្សិលមិញ បានជួបហេតុការណ៍គ្រោះថ្នាក់ គាំងបេះដូងដួលសន្លប់ នៅកន្លែងហាត់ប្រាណមួយកន្លែង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែរហូតមកទល់ពេលនេះ ស្ថានភាពជំងឺរបស់លោក បានធូស្បើយខ្លះហើយ។
អ្នកនាង សែម ឆវី ត្រូវជាប្រពន្ធរបស់តារាសម្តែងលោក សាវិន ហ្វីលីព បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក ឲ្យដឹងថា« ស្វាមីខ្ញុំគាំងបេះដូង នៅកន្លែងហាត់ប្រាណ ហើយតាំងពីយប់មិញរហូតមកទល់ពេលនេះគាត់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត (ICU) សូមទេវតា ជួយតាមថែរក្សាគាត់ផង ព្រោះកូនខ្ញុំនៅតូចៗណាស់!»។
ប្រពន្ធលោក សាវិន ហ្វីលីព អ្នកនាង សែម ឆវី បានបញ្ជាក់ប្រាប់ Khmertalking បន្ថែមមុននេះបន្តិចថា« ស្វាមីខ្ញុំឆ្លងផុត ពីគ្រោះថ្នាក់ដល់ជីវិតហើយ។ សំពាធឈាមដែលបុកខ្លាំងដល់១៩ កាលពីយប់មិញ ចាប់ផ្តើមធ្លាក់ចុះ ហើយសូមអរគុណចំពោះ ការបារម្ភ របស់អ្នកទាំងអស់គ្នា!»។
យ៉ាងណាមិញ Khmertalking នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ មិនទាន់អាចទំនាក់ទំនង ដើម្បីសួរនាំបន្ថែមពីតារាប្រុសលោក សាវិន ហ្វីលីព ពីស្ថានភាពជំងឺនេះ បាននៅឡើយទេ ខណៈលេខទូរស័ព្ទលោកធ្លាប់ប្រើ ត្រូវបានបិទ។ ដូច្នេះKhmertalking នឹងបន្តតាមដានផ្សាយ ពីស្ថានភាពជំងឺ របស់លោក សាវិន ហ្វីលីព បន្តទៀត ប្រសិនបើមានអ្វីប្រែប្រួលប្លែក ទៀតនោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង