CamNews

តារា 

កុល ដាវី ថ្ងូរហត់ពេក សម្រេច​ទម្លាក់ចោល....

(ភ្នំពេញ)៖ តារាសម្ដែងសិចស៊ី កញ្ញា កុល ដាវី បន្ទាប់ពីបានសម្រេចចិត្តរួមរស់ ជាមួយនឹងតារាចម្រៀង លោក សុខ រក្សា ក្រោមដំបូលផ្ទះតែមួយ ប្រៀបបីដូចជាប្ដីប្រពន្ធរួចមក តារាទាំងពីរដួងនេះ បានមូលមតិគ្នាបើកជាមុខជំនួញរកស៊ី គឺការបើកហាងផឹកស៊ីមួយ នៅម្ដុំបឹងត្របែក បន្ទាប់ពីទម្លាក់ចោលការងារសិល្បៈ ផ្អាកការសម្ដែងស្ទើរតែទាំងស្រុង។ ប៉ុន្តែក្រោយពីហាងផឹកស៊ី បើកដំណើរការបានមួយខ្យល់ធំ ហើយពុំសូវបានចំណេញអ្វីផងនោះ កុល ដាវី បានសម្រេចចិត្តទម្លាក់ចោល របររកស៊ីមួយនេះ ដោយងារមកពង្រឹងក្រុមតន្រ្តី តាមកម្មវិធីមង្គលការ និងចូលសម្ដែងជាថ្មីវិញ។


ក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ នរណាៗ ក៏គេបានដឹងដែរថា រវាងតារាសម្ដែង កុល ដាវី និង លោក សុខ រក្សា បានក្លាយជាប្ដីប្រពន្ធ​ក្រៅដំបូលប្រពៃណីរួចទៅហើយ ខណៈពួកគេក៏បានសាងសង់ផ្ទះវីឡាមួយដ៏ប្រណិត ដើម្បីត្រៀមរស់នៅជាមួយគ្នា ទៅថ្ងៃអនាគត ពោលគឺបន្ទាប់ពីសាងសងរួច គឺត្រូវរៀបការ និងឡើងវីឡាថ្មី ផ្គួបគ្នាតែម្ដង។ យ៉ាងណាមិញ កុល ដាវី បានលះបង់ពេលវេលា ជាច្រើនដើម្បីនៅកៀកកិតជាមួយនឹងលោក សុខ រក្សា មិនសូវឃ្លាតឆ្ងាយដូចមុនឡើយ។ ខណៈដែលលោក សុខ រក្សា វិញ ក៏មិនបណ្ដែតបណ្ដោយឲ្យ កុល ដាវី នៅឆ្ងាយពីខ្លួនដែរ ព្រោះរាល់ពេលមានកម្មវិធីអ្វីមួយ ដែលអ្នកសិល្បៈបានអញ្ជើញ គឺពួកគេតែងបង្ហាញវត្តមានព្រមគ្នា ប្រៀបបីដូចលលកញីឈ្មោល មិនអាចឃ្លាតគ្នាបាននោះទេ។

ក្រោយពីបានរួមរស់ជាមួយគ្នា ស្គាល់ចិត្តស្គាល់ថ្លើម កាន់តែច្បាស់ ពួកគេក៏បានបោះទុនរកស៊ីរួមគ្នា មានដូចជា ការបង្កើតវង់តន្រ្តី បើកហាងផឹកស៊ី បើកហាងលក់សម្លៀកបំពាក់ និងជំនួញតូចៗមួយចំនួនទៀត ដើម្បីឲ្យ កុល ដាវី ជាអ្នកមើលការខុសត្រូវលើមុខជំនួញ ទាំងអស់នោះ។ ប៉ុន្តែដោយសារតែ កុល ដាវី មានសភាពហត់នឿយខ្លាំង ហើយមិនសូវទទួលបានប្រាក់ចំណេញផងនោះ ទើបសម្រេចចិត្ត ទម្លាក់ជំនួញបើកហាងផឹកស៊ីចោល ងាកមកពង្រឹងជំនួញណា ដែលប្រមូលលុយបានមកដោយងាយៗវិញ។

កុល ដាវី ប្រាប់ Khmertalking ថា «ខ្ញុំបិទហាងហ្នឹងហើយបង! ហត់ពេក..!ណាមួយមិនសូវចំណេញផង ខ្ញុំនិងបងរក្សា សម្រេចបិទតែម្ដង ! ណាមួយកន្លែងខ្ញុំជួលហ្នឹងឡើងថ្លែទៀត បើឲ្យគេមើលជំនួស ក៏មិនដូចចិត្ត ណាមួយការងារខ្ញុំក៏ច្រើនទៀត មានតែបិទចោលខ្លះទៅ..!»

ឈានចូលមកដល់ដើមឆ្នាំ២០១៧នេះ សកម្មភាពសិល្បៈរបស់តារាសម្ដែង កុល ដាវី ហាក់កំពុងតែកក្រើកឡើងវិញ ដូចជាការបង្ហាញវត្តមានក្នុងរឿង «Jailbreak» និងការទទួលថតភាពយន្ត មួយចំនួនទៀតជាដើម ដែលត្រូវបានគេកត់សម្គាល់ឃើញថា នាងកំពុងតែបើកផ្លូវ ចូលទៅក្នុងការងារសិល្បៈ ជាជាងការងារជំនួញ ខណៈដែល លោក សុខ រក្សា ក៏លែងសូវឃាឃាំង ដូចមុនទៀតដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kol davy