(ភ្នំពេញ)៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ រស់នៅសាងសុភមង្គលគ្រួសារ រហូតបានចំណងដៃកូនប្រុស-ស្រីភ្លោះ ចំនួនពីរនាក់ រួចមក ភរិយា-ស្វាមីរបស់អតីតពិធីការិនី អ្នកនាង ឈិន សុធារី និងលោក សុវណ្ណ មករា កន្លងមកត្រូវបានទស្សនិកជន កត់សម្គាល់ថា សម្ព័ន្ធភាពស្នេហាជាប្តី-ប្រពន្ធរបស់អ្នកទាំងពីរ តែងបង្ហាញពីភាពល្អូកល្អឺន ស្អិតរល្មួត ប្រៀបដូចសត្វស្រមោច និងស្ករ រហូតមានការលើកសរសើរ មិនដាច់មាត់ពីមជ្ឈដ្ឋានមហាជនទូទៅ។
ដោយឡែក ផ្ទុយស្រឡះពីការលើកសរសើរនេះ ស្របពេលដែលភរិយា អ្នកនាង ឈិន សុធារី ទើបសម្រាលកូនខ្ចី បានរយៈពេលប្រហែលជិត២ខែប៉ុណ្ណោះ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង លើជីវិតសុភមង្គលស្នេហារវាងប្តី-ប្រពន្ធរបស់ពួកគេ ព្រោះនៅសុខៗស្រាប់តែ អ្នកនាង ឈិត សុធារី បានបង្ហាញពីវិបត្តិផ្លូវចិត្ត ហាក់កំពុងកើតមានបញ្ហា នៅក្នុងរង្វង់គ្រួសារ ដោយការរស់នៅគ្មានភាពយល់ចិត្ត ចុះសម្រុងគ្នា រវាងនាងជាមួយស្វាមី លោក សុវណ្ណ មករា។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីអ្នកនាង ឈិន សុធារី ថ្មីៗនេះ បានសរសេរជាសាធារណៈថា «ចង់ប្រាប់ថា ហត់ខ្លាំងណាស់ហត់ទាំងចិត្ត និង កាយស៊ូរហត់តែកាយ តែកុំឲ្យហត់ចិត្ត។ បើនៅតែបែបនេះ តទៅទៀតប្រហែលជាមិនរស់ទេសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំនឹងបានជួបអ្នកដែលយល់ចិត្តខ្ញុំពិតប្រាកដ នៅក្នុងឆាកជីវិតមួយនេះ។ ហត់ណាស់...ទៅមុខលែងរួចហើយ..!»។
ជាមួយគ្នានេះ ឈិន ចាន់សុធារី នៅលើបណ្ដាញសង្គមរបស់នាងដដែលនេះ ត្រូវបានមិត្តភក្តិតែងតែប្រទះឃើញ បង្ហាញសារខូចចិត្ត ជាបន្តបន្ទាប់ ក្នុងមានសារខ្លះបញ្ជាក់ថា «ស្នេហាធ្វើឲ្យមនុស្សទោកទាប» និងមានសារខ្លះទៀត នាងសរសេរឡើង ចង់មានចេតនាឲ្យពេលវេលាត្រឡប់ក្រោយ ដើម្បីសាងជីវិតជាថ្មី កុំឲ្យដូចជាតិនេះជាដើម ។
ទោះបីជាមានការបង្ហោះសារ ហាក់មានវិបត្តិផ្លូវចិត្តពីសំណាក់តារាស្រី អ្នកនាងឈិនសុធារី យ៉ាងនេះក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់មានប្រភពណាមួយបញ្ជាក់ នៅឡើយទេថា តើអ្នកនាង ឈិន សុធារី មានបញ្ហាគ្រួសារអ្វីមួយ ដែលធ្វើឲ្យនាងដោះស្រាយ មិនចេញនោះទេ។ ដោយឡែកលេខទូរស័ព្ទ របស់នាង ឈិន សុធារី ក៏មិនអាចភ្ជាប់ការទាក់ទង ដើម្បីសួរនាំបន្ថែមពីរឿងនេះបានដែរ នៅរសៀលថ្ងៃទី០៥ ខែមេសា នេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី