CamNews

ព័ត៌មានជាតិ 

អធិការខណ្ឌចំការមន បដិសេធការចង់ ស៊ីដាច់ម៉ូតូក្រុម ក្មេងស្ទាវ ក្រោយឃាត់ទុក នៅប៉ុស្តិ៍ទួលទំពូងទី២

ភ្នំពេញ ៖ អធិការនគរបាលខណ្ឌចំការមន លោក យិន សាន បានឆ្លើយបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីរាយការណ៍ និងព័ត៌មានដែលថា មន្ត្រីនគរបាលរបស់លោក នៅប៉ុស្តិ៍នគរបាលទួលទំពូងទី២ ចង់ ស៊ីដាច់ម៉ូតូក្រុមក្មេងស្ទាវមួយគ្រឿង ដែលត្រូវបានក្រុមនគរបាលល្បាតរបស់លោក ឃាត់ទុកកាលពីយប់រំលង អធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នេះ លោក យិន សាន បានអះអាងថា តាមពិតទៅម៉ូតូក្រុមក្មេងស្ទាវមួយគ្រឿង ដែលមន្ត្រីនគរបាលរបស់លោក នៅប៉ុស្តិ៍ទួល ទំពូងទី២ ឃាត់បាន ពេលកំពុងចុះល្បាតពេលយប់នោះ គឺពួកគេទាំង៣នាក់ មិនបានប្រព្រឹត្តបទល្មើសអ្វីនោះ ឡើយ ដូច្នេះមន្ត្រីនគរបាលក៏អនុញ្ញាតឲ្យពួកគេត្រឡប់ទៅវិញ ប៉ុន្តែត្រូវទុកម៉ូតូនៅទីស្នាក់ការប៉ុស្តិ៍ ដោយរង់ចាំ ការយកឯកសារពាក់ព័ន្ធមកបង្ហាញជាមុនសិន ។

អធិការនគរបាលរូបនេះ បានបញ្ជាក់ថា នៅពេលនគរបាលរបស់លោកកំពុងចុះល្បាតក្នុងមូលដ្ឋាន ស្រាប់តែ ប្រទះឃើញពួកគេទាំង៣នាក់ កំពុងជិះម៉ូតូគ្រឿង ពាក់ស្លាកលេខនគរបាល ពេលនោះក៏មានការសង្ស័យ ហើយហៅឲ្យឈប់ឃាត់សួរនាំ រួចពួកគេឆ្លើយថា ម៉ូតូនេះជារបស់បងប្រុស។ ក្រោយពេលសួរនាំថា មិនពាក់ ព័ន្ធបទល្មើសអ្វីមួយ លោកក៏បានបញ្ជាឲ្យនគរបាលនៅប៉ុស្តិ៍ដោះលែងពួកគេត្រឡប់ទៅវិញ ប៉ុន្តែបានធ្វើសាវតា ជាតិរួចរាល់អស់ហើយ ដោយឡែកម៉ូតូរបស់ពួកគេ ត្រូវទុកនៅទីស្នាក់ការប៉ុស្តិ៍ជាបណ្តោះអាសន្ន ដើម្បីឲ្យយក ឯកសារពាក់ព័ន្ធមកបង្ហាញជាមុនសិន ទើបប្រគល់តាមក្រោយ ដូច្នេះគ្មានគំនិតណាមួយចង់ស៊ីដាច់ម៉ូតូនោះទេ ។

លោក យិន សាន ក៏បានបង្ហាញការអន់ចិត្តថា ខំចុះល្បាតក្នុងមូលដ្ឋានទាំងយប់ទាំងថ្ងៃ ដោយការនឿយហត់ ប៉ុន្តែបែរជាមានព័ត៌មាន និងរឿងរ៉ាវចោទប្រកាន់បែបនេះទៅវិញ ធ្វើឲ្យមន្ត្រីនគរបាលរបស់លោកបាក់ទឹកចិត្ត លើការល្បាត ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ក្រុមក្មេងស្ទាវ៣នាក់ និងម៉ូតូមួយគ្រឿងម៉ាក ឡែត ពាក់ស្លាកលេខនគរបាល ១-១២២៤ ត្រូវ បាននគរបាលប៉ុស្តិ៍ទួលទំពូងទី២ ចាប់ឃាត់សួរនាំនៅតាមផ្លូវលេខ ១៦៣ កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ប៉ុន្តែក្រោយការសួរនាំ ក្រុមក្មេងស្ទាវទាំង៣នាក់ ត្រូវបានអនុញ្ញាតឲ្យ ត្រឡប់ទៅវិញ ទុកតែម៉ូតូនៅទីស្នាក់ការប៉ុស្តិ៍ ។ រហូតមកដល់ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នេះ មិនទាន់ ឃើញម្ចាស់ម៉ូតូណាម្នាក់ យកឯកសារពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ចនោះទេ ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានបង្ហាញការភ្ញាក់ផ្អើលមួយ តាមរយៈ ការចាប់ខ្លួនអតីតនគរបាលខណ្ឌមានជ័យ លោក ហ៊ី ណារិន ពាក់ព័ន្ធទៅនឹងសកម្មភាពប្រព្រឹត្តពុករលួយ ជាពិសេសការលួចស៊ីដាច់លុយកូនចៅរបស់ខ្លួន តាំងឆ្នាំ២០០៦ សរុបជាង ៦០ម៉ឺនដុល្លារ ដែលការចាប់ខ្លួន នេះ ធ្វើឲ្យមានការពញ្ញាក់ស្មារតី និងសតិអារម្មណ៍ចំពោះមន្ត្រីនគរបាល និងសមត្ថកិច្ចផ្សេងទៀត ឲ្យដកខ្លួន ចេញពីអំពើពុករលួយ ដែលធ្លាប់ជាប់ពាក់ព័ន្ធនាពេលកន្លងទៅ ។ គ្មាននរណានឹងស្មានថា សូម្បីតែលោក ហ៊ី ណារិន ផ្ទាល់ខ្លួនក៏មិនគិតដល់ថា ACU ហ៊ានចាប់ខ្លួនរូបលោកនោះឡើយ ពីព្រោះមានសែស្រឡាយ និងខ្នង បង្អែកយ៉ាងធំនៅក្រសួងមហាផ្ទៃ ប៉ុន្តែទីបំផុតត្រូវជាប់ពន្ធនាគារ និងរលាយអស់បុណ្យស័ក្តិជានគរបាលក្នុង មួយប៉ប្រិចភ្នែក ៕





ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia