CamNews

ព័ត៌មានជាតិ 

ព្រះអង្គម្ចាស់ អាល់ប៊ឺតទី២ បំពេញដំណើរកម្សាន្ត ពេញមួយថ្ងៃលើទឹកដី ខេត្តព្រះសីហនុ

ព្រះសីហនុ៖ ព្រះអង្គម្ចាស់ អាល់ប៊ឺតទី២ នៃព្រះរាជា ណាចក្រម៉ូណាកូ បានយាងបំពេញទស្សនកិច្ចពេញមួយថ្ងៃ ជាមួយទឹកព្រះទ័យសប្បាយរីករាយ និងជាប់ចិត្តយ៉ាងខ្លាំងលើដែនកោះ និងតំបន់ឆ្នេរសមុទ្រកម្ពុជា នាខេត្តព្រះសី ហនុ។ ព្រះអង្គម្ចាស់ អាល់ប៊ឺតទី២ បានបំពេញទស្សនកិច្ចនាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ជាមួយព្រះទីនាំងយន្តហោះពិសេសរបស់ព្រះអង្គ ដោយមានការអមព្រះរាជដំណើរពីមន្រ្តីរាជរដ្ឋាភិបាល និង អាជ្ញាធរខេត្តព្រះសីហនុជាច្រើននាក់។

ព្រះទីនាំងពិសេសរបស់របស់ព្រះអង្គ អាល់ប៊ឺតទី២ បានចុះចតប្រកបដោយសុវត្ថិភាព នៅព្រលានយន្តហោះអន្តរ ជាតិកងកេង ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង ០៩ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤។

បន្ទាប់ពីការចុះចតមន្រ្តីជាន់ខ្ពស់ព្រះបរមរាជវាំង, លោក យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, លោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយករដ្ឋបាលជលផល, លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងមន្រ្តី មន្ទីរអង្គភាព ពាក់ព័ន្ធសរុបជាង២០រូប បានចេញទទួលព្រះរាជដំណើរ យ៉ាងរ៉ាក់ទាក់ និងកក់ក្តីជាទីបំផុត។

មន្រ្តីព័ត៌មានជាន់ខ្ពស់សាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ដោយអនុ វត្តតាមគោលនយោបាយបើកចំហរជើងមេឃ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំនោះ កម្ពុជាពិតជាមានមោទនភាពក្នុងការទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសនានា ចូលកម្សាន្តតាមតំ បន់ទេសចរណ៍។ មិនត្រឹមតែអ្នកទេសចរជាសាមញ្ញជនប៉ុណ្ណោះទេ សូម្បីព្រះមហាក្សត្រ សែរាជវង្ស នៃបណ្តា ប្រទេសនៅលើសកលលោក មានចំណាប់អារម្មណ៍ ព្រមទាំងបានយាង និងអញ្ជើញមកបំពេញ ទស្សនកិច្ច និង កម្សាន្តជាបន្តបន្ទាប់។ 

មន្រ្តីជាន់ខ្ពស់សាលាខេត្តរូបនេះ បានបន្តថា អាស្រ័យដោយប្រទេសមានសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសភាពទាក់ ទាញ នៃសម្រស់ដ៏ស្រស់ស្អាតរបស់តំបន់ឆ្នេរ និងបណ្តាប្រជុំកោះ ផ្កាថ្មរបាតសមុទ្រជាដើម ទើបចំនួនអ្នកទេស ចរណ៍ទៅកាន់តំបន់ឆ្នេរព្រះសីហនុ បានកើនឡើងជារៀងរាល់ឆ្នាំ។

រយៈពេលពេញមួយថ្ងៃនេះ ព្រះអង្គម្ចាស់ អាល់ប៊ឺតទី២ នៃព្រះរាជាណាចក្រម៉ូណាកូ បានយាងទត សម្រាក និង កម្សាន្ត នៅប្រជុំកោះរ៉ុង សណ្ឋាគារកោះសង្សារ ព្រមទាំងហែលទឹកសមុទ្រ និងជ្រមុជទឹកមើលផ្កាថ្មរ ដ៏ស្រស់ ស្អាតនៅតំបន់នោះផងដែរ។ បន្ទាប់មកព្រះអង្គ បានយាងទតដោយថ្មើរជើង នូវការរស់នៅរបស់ប្រជាជនលើកោះ នៅភូមិព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង រួចទើបយាងត្រលប់ទៅកំពង់ផែវិញ ដោយឧទ្ធម្ភាគចក្រ។

នៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃដដែល បន្ទាប់ពីបញ្ចប់ការកម្សាន្ត និងដំណើរទស្សនកិច្ច ព្រះអង្គម្ចាស់ អាល់ប៊ឺត ទី២ បានធ្វើដំណើរតាមអូប័រល្បឿនលឿន ចាកចេញពីកោះរ៉ុង មកដីគោកវិញ រួចបន្តដំណើរតាមព្រះទីនាំងយន្ត ហោះពិសេសផ្ទាល់របស់ព្រះអង្គចាកចេញពីខេត្តព្រះសីហនុ៕



ផ្ដល់សិទ្ធិដោយ៖​ដើមអម្ពិល


Tags: social News Cambodia Sihaknu vile Albert II Monaco