CamNews

កំសាន្ត 

អត់ដឹងសោះថា ឌុច លីដា ក្រៅពីមានអាជីពជាតារាសម្ដែងដ៏ល្បី នៅមានមុខរបរលក់ពោតក្រហម នាំមកពីប៉ៃលិនទៀត!

(ភ្នំពេញ)៖ ស្រីស្រស់សិចស៊ី មានមុខមាត់កាត់បែបអឺរ៉ុប កញ្ញា ឌុច លីដា មិនត្រឹមតែមមាញឹកនឹងការងារសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែតារារូបនេះ បានងាកមកចាប់អារម្មណ៍ លើការងារកសិកម្ម ដោយនាងចង់ធ្វើជំនួញពោត នៅក្នុងខេត្តប៉ៃលិន ​យកមកលក់នៅក្នុងក្រុងភ្នំពេញ ប៉ុន្តែក៏អំពាវនាវឲ្យបងប្អូនខ្មែរ ជួយគាំទ្រឲ្យបានច្រើន។ បន្ទាប់ពី​មានបំណងបែបនេះ ឌុច លីដា ​កំពុងតែខ្វាយខ្វល់ចំពោះទីផ្សារ លក់ផលិតផលកសិកម្ម​ ព្រោះទីផ្សារនៅក្នុងប្រទេសជិតខាង (ប្រទេសថៃ) បានទម្លាក់ថ្លៃយ៉ាងខ្លាំង ធ្វើឲ្យនាងចង់បង្វែទីផ្សារមកលក់ នៅក្នុងទីក្រុងភ្នំពេញ និងបានអំពាវនាវឲ្យបងប្អូនខ្មែរ គាំទ្រនូវផលិតផលកសិកម្មខ្មែរ ទៀតផង។

តារាសម្ដែងស្រីដ៏ស្រស់សោភា ហ៊ានថតស្រាត កញ្ញា ឌុច លីដា ​ត្រូវបានហៅថា តួឯកស្រី៧០ម៉ឺនដុល្លារ ព្រោះ​ក្នុងរឿង «ស្បែកគង់» ដែលនាងបានចូលរួមសម្ដែង គឺចំណាយលុយផលិត អស់ប្រមាណ៧០ម៉ឺនដុល្លា ហើយនាងក៏បានលះបង់ យ៉ាងខ្ពស់សម្រាប់ភាពយន្តមួយនេះ ទាំងភាពសិចស៊ី ក្នុងឈុតស្រើបស្រាល​ ហ៊ានសម្ដែងមិនញញើតឡើយ​។

ឌុច លីដា ក្រៅពីមានប្រជាប្រិយភាព ក្នុងការសម្ដែងឲ្យ ក្រុមឡូយ៩ហើយនោះ នាងក៏ជាតារាបង្ហាញម៉ូដ និងថតម៉ូដលេចធ្លោម្នាក់ បើទោះបីនាងមាន​កំ​ពស់ មិនចូល​ស្ដង់​ដាម៉ូឌែលក៏ដោយ តែ​ពូកែលេងទឹកមុខ ​ដូចនេះគេតែងតែឃើញនាង ឡើងបង្ហាញមុខក្នុងកម្មវិធីតូចធំញឹកញាប់។ អាជីពសិល្បៈ ដំណើរការយ៉ាង​រលូន ស្ទើរមិនគួរឲ្យជឿ ​តារាស្រីរូបនេះ បែរជាប្រកាសត្រៀមយកផលិតផលកសិកម្ម គឺពោតក្រហម ពីប៉ៃលិនមកលក់ទៅវិញ ខណៈដែលទីផ្សារប្រទេសជិតខាង មានតម្លៃថោកពេក។

តារាស្រីសម្បុរស្រអែម ឌុច លីដា បាននិយាយក្នុងបណ្ដាញសង្គមថា «ខ្ញុំមានពោតផ្អែម (ពោតក្រហម) ដែលដាំនៅប៉ៃលិន សាច់​ខ្ចីល្អ មិនប្រើគីមីដូចប្រទេសជិតខាងទេ។ ប៉ុន្តែគ្មានទីផ្សារ នៅក្នុងស្រុកទេ ស្រុកថៃឲ្យតម្លៃថោកពេក ។ បើខ្ញុំយកមកលក់នៅភ្នំពេញ តើបងប្អូនជួយគាំទ្រ កសិផលខ្មែរដែរទេ? សូមជួយ(គាំទ្រ)កសិករខ្មែរយើងផង បើមិនចឹងទេ ពួកយើងគ្មានកម្លាំងដើរ​ទៅមុខទៀតទេ។ សង្ឃឹមថា កម្ពុជាយើងនឹងមានទីផ្សារកសិកម្មល្អ ដូចគេដែរ ព្រោះយើងជាប្រទេស ដែលពឹងផ្អែកលើកសិកម្ម។ សូមអរគុណ បងប្អូនទាំងអស់គ្នា !»។

ក្រោយពី ឌុច លីដា បានបង្ហាញអារម្មណ៍ចង់លក់ពោត មានអ្នកគាំទ្រនាងជាច្រើន បានសាទរចង់ឲ្យជួយលើកស្ទួយវិស័យនេះ​។ អ្នកគាំទ្រ ឌុច លីដា បាននិយាយថា​« ធ្វើយ៉ាងណាកសាងឈ្មោះ ឲ្យល្បីខ្លាំងទាំងនៅឆាកជាតិ និងអត្តរជាតិ ហើយធ្វើតំណាងឲ្យកសិករ ស្នើសុំទីផ្សាកសិកម្ម ទៅដល់រដ្ឋាភិបាលទៅ​បងស្រី បងស្រី មានថាមពលជាងពួកយើង !»។

កញ្ញ ឌុច លីដា ហាក់មានចេតនាស្មោះត្រង់ ចង់ជួយវិស័យកសិកម្មនេះ យ៉ាងពិតប្រាកដ តែគេមិន​ដឹងថា នាងនឹងគ្រោងបើកហាង​លក់ពោត ឬប្រុងបោះដុំតាមហាងនានា យ៉ាងណានៅឡើយទេ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង