CamNews

តារា 

ចន ច័ន្ទលក្ខិណា នៅ​តែ​អល់​អែក​ចិត្ត មិន​ទាន់​ចង់​រៀប​ការ

ភ្នំពេញ)៖ចំណងស្នេហ៍របស់តារាសម្ដែង មានសកម្មភាពខ្លាំងក្នុងរឿងតវ៉ា ការដាក់បញ្ចាំងរឿងភាគខ្មែរ ក្នុងកញ្ចក់ទូរទេស្សន៍ អ្នកនាង ចន ច័ន្ទលក្ខិណា និងគូស្នេហ៍វ័យ៣៦ឆ្នាំ លោក ហេង ឡុង ដែលបានវេញត្របាញ់​ ជាប់ចិត្តជាមួយគ្នា អស់រយៈពេលប្រមាណ ជាង២ឆ្នាំមកនេះ ត្រូវបានទស្សនិកជនមើលឃើញថា អ្នកទាំងពីរតែងតែបង្ហាញ ភាពស្និទ្ធស្នាលគ្នា គ្រប់ពេល​មានវត្តមានចូលរួម ក្នុងកម្មវិធីរបស់មិត្តភក្តិ ឬដើរលេងកម្សាន្តជាដើម ហើយមហាជនក៏ចង់ឃើញពួកគេដឹកដៃគ្នា ចូលរោងការតាមប្រពៃណីខ្មែរក្នុងពេលឆាប់ៗនេះដែរ ព្រោះអ្នកសិល្បៈក្មេងៗ ស្រករក្រោយមួយចំនួន បានចូលរោងការជាបន្តបន្ទាប់ អស់ទៅហើយ។ ប៉ុន្តែពេលចោទសួរដល់រឿងរៀបការ ចន ច័ន្ទលក្ខិណា បែរជាអល់អែកចិត្ត មិនទាន់ចង់គិតដល់ទៅវិញ ហើយអះអាងថា ជាប់រវល់ការងាររកស៊ី មុខជំនួញផ្សេងៗ។

​​ចន ច័ន្ទលក្ខិណា បានបញ្ជាក់ បើនិយាយពីរឿងរៀបមង្គលការ​ ជាមួយគូស្នេហ៍ថ្មីសព្វថ្ងៃនេះ គឺនាងមិនទាន់គិតដល់នោះទេ ណាមួយចង់ទុកពេលវេលា ស្វែងយល់ចិត្តគ្នាបន្ថែម និងការជាប់រវល់កិច្ច​ការងារជំនួញរកស៊ី ពោលរាល់ថ្ងៃនេះ មិនមានគម្រោងគិតដល់រឿងហ្នឹងទេ ។ ទោះបីជាយ៉ាងណា បើតាមប្រភពព័ត៌មាន ពីក្នុងចង្កោមសិល្បៈបានឲ្យដឹងថា ចន ច័ន្ទលក្ខិណា កំពុងតែរួមគ្នាជាមួយគូស្នេហ៍ សង់វិឡាមួយយ៉ាង ស្កឹមស្កៃ ហើយពេលសាងសង់រួចរាល់ ត្រូវបានគេដឹងថា នាងនឹងចូលរោងការ ផ្គួបជាមួយនឹងការឡើងវីឡាថ្មីនោះ ជាមួយគ្នាផងដែរ ។

យ៉ាងណាមិញ វីឡាថ្មីដ៏ធំ ជាចំណងដៃសម្រាប់ ចន ច័ន្ទលក្ខិណា និងគូស្នេហ៍ថ្មី ត្រូវបានគេដឹងថា សាងសងជិតរួចរាល់ហើយ ដោយនៅសល់តែកន្លែងមួយចំនួនប៉ុណ្ណោះ ។ ពេលនោះ មិត្តរួមអាជីព ក៏ដូចជាមហាជន នឹងបានឮសំឡេងភ្លេងការ បន្លឺឡើងយ៉ាងទ្រហឹងអឺងអាប់ ក្នុងវីឡាថ្មីនោះ ហើយជាសំឡេងភ្លេងការ តារាសម្ដែងដ៏ល្បី ក្នុងប្រទេសកម្ពុជា គឺ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ជាគូស្នេហ៍ថ្មីរបស់នាង បន្ទាប់ពីលែងលះដាច់ស្រេច ជាមួយនឹងលោក យុត្ថារ៉ា ឆានី ជាអតីតស្វាមី អស់រយៈពេលជាង២ឆ្នាំមកនោះ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chhorn chanleakena Star news local news