CamNews

តារា 

ដួង ហ្សូរីដា ត្រូវ​ព្រ​នង់​រិះ​គន់​ជា​ថ្មី​ថា មិន​ឲ្យ​តម្លៃ​ស្រី​ដូច​គ្នា បន្ទាប់​ពី​បញ្ចេញ​សារ​មួយ

(ភ្នំពេញ)៖ ​​​ពិធីការិនីប្រចាំទូរទស្សន៍ អាស៊ីអាគ្នេយ៍,​ប៉ុស្តិ៍លេខ៥ និងជាប្រធានក្រុមបង្ហាញម៉ូដ «ខេមបូឌា ស៊ូបភើម៉ូ​ឌែល» នាង ដួង ហ្សូរីដា ថ្មីៗនេះ បានទទួលរង់នូវការរិះគន់ យ៉ាងចាស់ដៃថ្មីមួយទៀត ពីសំណាក់អ្នកលេង បណ្ដាញសង្គម​ហ្វេសប៊ុក និងអ្នកគាំទ្រ បន្ទាប់ពីនាងបានបញ្ចេញសារមួយ ត្រូវបានមហាជន​ គិតថា ជាសារចំអកឡកឡឺយ ឲ្យតារាសម្ដែង ភិន សុដាលីស ក្រោយពីនាងសំរាលកូនរួច នាល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ។

ចំពោះពាក្យសម្ដី ដែល ដួង ហ្សូរីដា បាននិយាយក្រោយពី​ សុភិន ដាលីស ​សំរាលកូន​រួច ត្រូវបានគេគិតថា ហាក់ដូចជា មិនឲ្យតម្លៃលើស្រីដូចគ្នា ទាល់តែសោះ។ 
​ដួង ហ្សូរីដា ​បាននិយាយថា «មានអីខាត ចំណេញបានកូនស្រី​ដ៏ស្អាត ហើយឃ្យូត(ស្អាត)ទៀតពី ប៉ែន ចំរ៉ុង​»។ ពាក្យសម្ដី​​តែមួយឃ្លានេះ មានអ្នក Like ដល់ទៅជាង២ពាន់​នាក់ និង Share ចំនួនជាង១០០នាក់។ អ្នករិះគន់ក្នុងបណ្ដាញសង្គមគិតថា ពាក្យសម្ដីនេះស្ដាប់ទៅ​ គួរឲ្យទើសត្រចៀកខ្លាំងណាស់ ព្រោះ ភិន សុដាលីស ហាក់ទទួលអំរែកមួយម្នាក់ឯង យ៉ាងលំបាកទាំងការពពោះ ​គ្មានប្ដីមើលថែ​ រហូតដល់ក្នុងបន្ទប់សម្រាល ឈានទៅរកការវះកាត់ទៀត គឺគ្មានវត្តមានប្ដីទេ នេះឬជាផលចំណេញ?

ប្រិយមិត្តជាច្រើន បានប្រតិកម្មនឹង​សម្ដី ដួង ហ្សូរីដា មួយឃ្លានេះ​ ព្រោះនាង បានរៀនសូត្រច្រើន ចេះភាសាក៏ច្រើន តែគួររៀននិយាយឲ្យបានសមរម្យជាងនេះ​។ យ៉ាងណាមិញ ដួង ហ្សូរីដា បានតបតនឹងអ្នករិះគន់​វិញថា «នេះជាពាក្យតែងតែនិយាយលេង ជាមួយគាត់(ដាលីស) និង​ប៉ា (អ៉ិន សុភិន)គាត់ ហើយសូមជំរាបថា កុំអគតិហើយគិតតែរឿង​ផ្លូវអវិជ្ជមាន ច្រើនពេក។ កន្លែងណាជាពាក្យថា ចំអកនោះ? នេះជាការលើកទឹកចិត្ត ក្នុងនាមជាម្តាយដ៏ក្មេងខ្ចីមួយរូប ដែលប្រឹងរក្សាកូនមួយនេះ រហូតកើតចេញមក។

ដួង ហ្សូរីដា បន្តទៀតថា «ដាលីស ជាម្តាយដ៏ទាន់សម័យ ឆ្លាត និង​ពូកែ គាត់មិនដែលយកខួរក្បាល​គាត់ មកគិតវិភាគដូចអ្វី ដែលមនុស្សអគតិ ចូលចិត្តបញ្ចេញទស្សនៈ ខុសប្រធានបទនោះទេ សូមជ្រាប ហើយពាក្យទាំងនេះ គឺយើងឧស្សាហ៍ នាំគ្នាចំអន់គ្នាលេងឲ្យតែជួបគ្នា!​។ សូមមេត្តាស្វែងយល់ សូមមេត្តាជ្រាបផងណា!»។

កញ្ញា ដួង ហ្សូរីដា មិនអាចសុំការបំភ្លឺបន្ថែមបានទេ នៅពេលនេះ ព្រោះនាងបានឡើងយន្តហោះ ទៅកាន់ប្រទេសថៃ នាពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ បាត់ទៅហើយ៕​

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង