CamNews

កំសាន្ត 

ខាត់ សុឃីម នៅតែអន់ចិត្ត នឹងគេនិយាយថាបាន “ប្តីក្មេង”

ភ្នំពេញ៖  ក្រោយពីតារាចម្រៀងយេៗ អ្នកនាង ខាត់ សុឃីម សម្រេចចិត្តចូល រោងការជាមួយស្វាមី  លោក  អ៊ិន សុបញ្ញា ហៅ ផាណូ រួចមកគេសង្កេត ឃើញថាទាំងអ្នកសិល្បៈ និងក្រៅសិល្បៈ ជាច្រើនពោលសរសើរនិង ខ្លះនិយាយ បែប បញ្ចើចបញ្ចើរឲ្យនាងថារៀបការ ជាមួយ “ប្តីក្មេង” ជាដើម ។ ពេលថ្មីៗនេះស្រាប់តែនាងចេញមុខ ទម្លាយអាថ៌ កំបាំង ក្នុងចិត្តថានាងមានអារម្មណ៍អន់ ចិត្តខ្លាំងណាស់ នៅពេលដែលមានគេប្រើពាក្យថា នាងមានប្តីក្មេងជាងខ្លួន ។

អស់រយៈពេលជាង២ឆ្នាំហើយបន្ទាប់ពីតារាចម្រៀង អ្នកនាង ខាត់ សុឃីម រៀបការមានស្វាមីមក ឃើញថានាងរមែង តែងតែរងការរិះគន់ថា នាងយកស្វាមីក្មេងជាងខ្លួន មានវ័យខុសគ្នាជិត១០ឆ្នាំ បើទោះជាពេលវេលាបានដើរ ទៅមុខ ជាបន្តបន្ទាប់ រហូតដល់នាងទទួល បានកូនស្រីមួយជាចំណង អាពាហ៍ពិពាហ៍ក៏ដោយ ប៉ុន្តែសម្រាប់ពាក្យ “ប្តីក្មេង” នេះ គឺនៅតែតាមនាងជាប់មិនស្ងប់ស្ងាត់សោះ ។

ទាក់ទងនឹងបញ្ហាខាងលើនេះ ត្រូវបានតារាសម្បូរសំណើច ច្រៀងបានទាំងបុរាណ និងសម័យ អ្នកនាង ខាត់ សុឃីម បានចេញមុខបកស្រាយ ប្រាប់ពីអារម្មណ៍ពិត របស់នាងនៅលើកញ្ចប់ ទូរទស្សន៍ MYTV កាលពីពេលថ្មីៗនេះថានាង ធ្លាប់ឮរាប់មិនអស់ហើយ ដែលគេនិយាយថា នាងមានប្តីក្មេង ។ ជារឿយៗតែងតែ មានការលើកឡើងថា នាងទិញ ឡាន ,ទិញផ្ទះ ឲ្យប្តីក្មេង នាងពិតជាឆ្ងល់ខ្លាំងណាស់ ថាចាំបាច់និយាយបែបនោះ ធ្វើអី ប្តីក្មេងឬប្តីចាស់ មិនសំខាន់ទេ សំខាន់គឺសុភមង្គល ក្នុងគ្រួសាររបស់នាង ។

តារាស្រីមានភាពក្រមិចក្រមើមរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា “ តាមពិតកុំឃើញខ្ញុំ សើចសប្បាយ ថាខ្ញុំអត់មាន ទុក្ខ អត់មានការអន់ចិត្តណា ? ធាតុពិតទៅខ្ញុំមានអារម្មណ៍ថា អន់ចិត្តណាស់ ពេលមានអ្នកនិយាយថាខ្ញុំមានប្តីក្មេង
ជាងខ្លួន ខ្ញុំធ្វើនេះធ្វើនោះ ផ្គាប់ចិត្តប្តីក្មេង ។ ដូច្នេះខ្ញុំចង់សុំចិត្តដល់បណ្តាញសារព័ត៌មាន ឬក៏ទស្សនិកជនមេត្តាឈប់
ប្រើពាក្យ ជាមួយខ្ញុំបែបនេះទៀតទៅ...! ។ ម្យ៉ាងទៀតស្វាមីខ្ញុំពេលនេះគាត់ មិនក្មេងដូចមុនទេ តាំងពីគាត់មានខ្ញុំគាត់ បាន ធ្វើការកែប្រែមកតុបតែងខ្លួន បែបស្រគត់ស្រគំ បើបណ្តើរគ្នាទៅ គឺសមគ្នាជាមួយខ្ញុំណាស់ ” ។

អ្នកនាង ខាត់ សុឃីម បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ កន្លងមក ខ្ញុំធ្លាប់សួរប្តីខ្ញុំដែរថា គាត់មានអារម្មណ៍តូចចិត្តទេ ពេលមានប្រពន្ធចាស់ជាង (អាយុច្រើន) ពេលនោះ គាត់បាននិយាយប្រាប់ខ្ញុំវិញថា គាត់អត់តូចចិត្តទេ..! ហើយបើ អាចឲ្យពេលវេលា ដើរថយក្រោយបាន គាត់នឹងឲ្យពេលវេលាដើរថយក្រោយវិញ ធ្វើជាបងខ្ញុំដល់ទៅ១០ឆ្នាំវិញដើម្បី បញ្ចប់ពាក្យថា "ប្តីក្មេង" នេះចេញ..! ” ៕


ផ្ដល់សិទ្ធដោយ៖ Lookingtoday


Tags: khmer Star Kat Sokhoem