CamNews

តារា 

សុះ ម៉ាច សោក​ស្តាយ​ ​ទង្វើ​គេច​ខ្លួន របស់​តារា​ខ្មែរ នាង​យ៉ុង ចាន់​សុធាវី មិន​ចង់​វិល​មក​ស្រុក​ខ្មែរ

(ភ្នំពេញ)៖ ថ្មីៗនេះ មានដំណឹងពីការបាត់ខ្លួន របស់តារាចម្រៀងខ្មែរ នាង យ៉ុង ចាន់សុធាវី ខណៈ​ដែលតារារូបនេះ ត្រូវបានផ្តល់ឱកាសធានាចេញទៅច្រៀង និងសម្តែងលើទឹកដី ប្រទេសមហាអំណាច សហរដ្ឋអាមេរិក ដោយមិនទាន់ដឹងពីមូលហេតុច្បាស់ ពីដំណឹងនៃការបាត់ខ្លួន ខណៈក្រុមគ្រួសារកំពុងជ្រួលច្របល់ក្នុងរឿងនេះយ៉ាងខ្លាំង។ ដំណឹងនៃការបាត់ខ្លួន របស់តារាស្រីខ្មែរនាង យ៉ុង ចាន់សុធារី នេះ ស្របពេលដែលត្រូវដល់វេលាកាលកំណត់ ​វិលត្រឡប់​មក​ស្រុកខ្មែរ។

យ៉ាងណាមិញ ចំពោះការបាត់ខ្លួន របស់កញ្ញា យ៉ុង ចាន់សុធាវី លើទឹកដីប្រទេស​អាមេរិកនេះ ពុំទាន់ត្រូវបានបញ្ជាក់ប្រាប់ ច្បាស់ពីមូលហេតុពិត ពីប្រភពណាមួយនៅឡើយទេ។ ប៉ុន្តែក៏មានប្រភពខ្លះទៀត បានដាក់ការសង្ស័យថា ទំនងជាចេតនា នៃការគេចវេស ដើម្បីរត់គេចខ្លួនក្នុង​គោ​លបំណង​ បានរស់នៅ​ទីនោះ ដោយមិនវិលត្រឡប់មកស្រុកខ្មែរវិញ។

ជុំវិញបញ្ហានេះគេហទំព័រ Khmertalking មិនទាន់ស្វែងរកការបំភ្លឺ ពីក្រុមគ្រួសារនាងបាននៅ​ឡើ​យទេ នារសៀលថ្ងៃទី០៦ ខែមករានេះ។ ដោយឡែកបើតាមការបញ្ជាក់ នៅលើបណ្តាញ​ហ្វេ​ស​ប៊ុករបស់ប្រធានសមាគមន៍សិល្បករខ្មែរ លោក សុះ ម៉ាច បានសរសេរថា «ម្សិលមិញ ក្រោយពីទទួលដំណឹងថា មានសិល្បការិនីម្នាក់ កំពុងបាត់ខ្លួន(រត់គេចនៅទីក្រុងSan Diego )គឺកញ្ញា យ៉ុង ចាន់សុធាវី ខ្ញុំមានអារម្មណ៍សោកស្តាយណាស់..» ។

លោក សុះ ម៉ាច បានបញ្ជាក់ថា«មិនគួរនាងប្រព្រឹតខុស នឹងកិច្ចសន្យាជាមួយសមាគមសិល្បៈ ដែលខ្ញុំចេញលិខិតបញ្ជាក់ស៊ីញ៉េ និងបោះត្រាឲ្យនាង ព្រមទាំងណែនាំថា ត្រូវប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ ជាពិសេសគោរពច្បាប់ទិដ្ឋាការ(visa) ដែលស្ថានទូតអាមេរិកផ្តល់ឲ្យ(US Emb​assy)តែបែរជានាង មិនគោរពហើយរត់គេចដូច្នេះសោះ នាងកំពុងធ្វើឲ្យខ្លួនមានទោស ដែ​លពិបាកក្នុងការរស់នៅ ព្រោះសមាគមនៅទីនោះ បានប្តឹងទៅប៉ូលីសឲ្យតាមចាប់ខ្លួននាង ជាពិសេសទៅទៀតនោះ នាងបាន និងកំពុងតែបង្ក​ផលវិបាកដល់សិល្បករសិល្បការិនីដទៃ ដែលនឹងត្រូវចេញទៅសម្តែងនៅទីនោះ ស្របពេលស្ថានទូតអាមេរិក លោកចាប់ផ្តើមផ្តល់ឱកាសសម្រួល ដល់ការផ្តល់ទិដ្ឋាការ ដល់សិល្បករសិល្បការិនី យើងថ្មីៗនេះផងដែរ »។

ប្រធានសមាគមនសិល្បកររូបនេះ បានបន្ថែមថា «ជាសំណូមពររបស់ខ្ញុំ សូមឲ្យនាងពិចារណា​ឡើងវិញ ឯក្រុមគ្រួសាររបស់នាង មេត្តាជួយពន្យល់ណែនាំនាង ឲ្យត្រឡប់មកវិញកុំខាន ព្រោះថាប៉ូលីសចាប់បាននាង នឹងគ្មានឱកាសបានរស់នៅ និងបានទៅអាមេរិកជារៀងរហូត។ សិល្បការិនីបីរូបហើយ ដែលគេចខ្លួន ដែលខ្ញុំចេញលិខិតបញ្ជាក់ឲ្យក្នុងនោះមាន​ ហង្សពិសី ស៊ិន សុម៉ាលី និងយ៉ុងចាន់សុធាវី​ ពិតជានាំផលវិបាកមែន..»

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: yong chansotheavy Star news local news