CamNews

ភាពយន្ត 

ខ្សែភាពយន្តឥណ្ឌា ១២រឿង នឹងដាក់បញ្ចាំង ឲ្យទស្សនាដោយសេរី

ភ្នំពេញ ៖ ខ្សែភាពយន្តល្បីៗ ចំនួន ១២រឿង ដែលជាខ្សែភាពយន្ត តំណាងឲ្យសិល្បៈភាពយន្តទាំងមូល របស់ប្រទេសឥណ្ឌា នឹងធ្វើការដាក់បញ្ចាំង ជូនភ្ញៀវចូលរួមទស្សនា ដោយសេរី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ខាងមុននេះ នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។

សន្និសីទសារព័ត៌មាន នៃកម្មវិធី "សប្តាហ៍ភាពយន្តឥណ្ឌា" នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤នេះ ដែលប្រារព្ធឡើងដោយ ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលសោតទស្សន៍ បុផ្ផាណា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងអាជីពថត ភាពយន្តនៅកម្ពុជា នាមជ្ឈមណ្ឌល សោតទស្សន៍បុប្ផាណា ។

លោក Dinesh K. Patnaik អគ្គរាជទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា ដែលបានចូលរួមជា អធិបតីភាព នៅក្នុងកម្មវិធីសន្និសីទ សារព័ត៌មាននេះ បានថ្លែងឲ្យដឹងថា ឥណ្ឌាជាប្រទេសមួយ ផលិតករភាពយន្តច្រើនជាងគេបំផុត នៅលើពិភពលោក ដោយក្នុងមួយឆ្នាំ ផលិតបាន ១ ២៥០រឿង ច្រើនជាងក្រុមហ៊ុន Hollywood របស់សហរដ្ឋអាម៉េរិក ទៅទៀត។

ភាពយន្តឥណ្ឌា បានធ្វើការចាក់បញ្ចាំង នៅទូទាំងពិភពលោក ដោយនៅក្នុងប្រទេសកម្ពុជា កាលពីពេលកន្លងទៅ ភាពយន្តឥណ្ឌា ក៏ធ្លាប់មានប្រជាប្រិយភាពខ្លាំងផងដែរ ប៉ុន្តែមួយរយៈក្រោយនេះ ហាក់មានភាពស្ងប់ស្ងាត់ទៅវិញ ដោយសារមានទីផ្សារ ភាពយន្តច្រើន។

លោក Dinesh K. Patnaik បានបន្តថា "រដ្ឋាភិបាលឥណ្ឌា បាននាំយកខ្សែភាពយន្ត របស់ខ្លួន មកចាក់បញ្ចាំង នៅក្នុងសាលមហាស្រពកម្ពុជា ដើម្បីឲ្យភ្ញៀវទេសចរណ៍ ក៏ដូចជាប្រជាជនកម្ពុជា ទទួលបានការទស្សនា និងយល់ដឹងពីសិល្បៈភាពយន្ត ដ៏រីកចម្រើនរបស់ឥណ្ឌា ដោយការចូលរួមទស្សនា មិនត្រូវបានបង់ប្រាក់អ្វីនោះទេ"។

នេះជាមហោស្រពភាពយន្តឥណ្ឌាទី១ នៅទីក្រុងភ្នំពេញ ជាមួយនឹងរឿងចំនួន១២ ដែលវាតំណាងឲ្យភាពដ៏អស្ចារ្យមួយ ដើម្បីស្វែងយល់ និងប្រារព្ធខួប១០០ឆ្នាំ នៃភាពយន្ត Bollywood ឥណ្ឌា ដែលមានទាំងរឿងកំប្លែង ល្ខោន និងរឿងមនោសញ្ចេតនា។

ជាចុងក្រោយ លោកអគ្គរាជទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា ក៏បានអំពាវនាវដល់ សាធារណៈជន ឲ្យធ្វើការចូលរួមទស្សនាខ្សែភាពយន្ត ដែលធ្វើការចាក់បញ្ចាំងនេះ ឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្ត ហើយប្រសិនបើមានការគាំទ្រច្រើននោះ រដ្ឋាភិបាលឥណ្ឌា នឹងធ្វើការដាក់បញ្ចាំង ឲ្យចូលរួមទស្សនា ជារៀងរាល់ឆ្នាំ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh