CamNews

តារា 

យាយខ្លី​ទទួលបាន​អំណោយ​ ពី​សប្បុរសជន​ តាមរយៈ​អ្នកសិល្បៈ

ភ្នំពេញៈ ក្រុមអ្នកសិល្បៈ បាននាំអំណោយមនុស្សធម៌ កើតចេញពីទឹកចិត្តយក ទៅជូនយាយខ្លី តារាកំប្លែងដែលធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាក ព្យាបាល នៅបន្ទប់ សង្គ្រោះ បន្ទាន់មន្ទីពេទ្យកាល់ម៉ែត្រ ។ អំណោយដែល កើតចេញ ពីទឹកចិត្តបានប្រគល់ឱ្យ ទៅកូនស្រីគាត់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ទោះជាតិច ឬច្រើនក្តី ។

អ្នកសិល្បៈមួយក្រុម ដែលមានលោក អ៊ឹម ជីវ៉ា អ្នកនាង ចាន់ តារាទី យាយប្រជ្រុយ និងលោក សាន់ វីហ្សា នាំគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយ ដល់មិត្តរួមអាជីព ដោយសារតែស្ថានភាពជំងឺរបស់យាយខ្លី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែដុនដាមទៅៗ ហើយក្រុមគ្រួសារ ក៏បានត្អូញត្អែរ ដង្ហោយរក ជំនួយជាបន្ទាន់ ព្រោះថាពេលនេះ គាត់កំពុង តែសម្រាក ព្យាបាលជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។

ជាមួយគ្នានោះអ្នកសិល្បៈខាងលើ បានធ្វើការអំពាវនាវថា អ្នកសិល្បៈទាំងអស់ គួរ តែចេះជួយគ្នានៅពេលមានទុក្ខលំបាក កុំស្គាល់គ្នាតែពេល មានកម្មវិធីសប្បាយ នោះទេ ។ នេះក៏មិនមែនជាលើកទី១ ដែលបាននាំថវិកា មកជួយដល់មិត្តសិល្បករ ដែលជួបការលំបាក និងបញ្ហាឈឺ របស់ក្រុមមួយនេះដែលដឹកនាំដោយ លោកអ៊ឹម ជីវ៉ា ។ មិនថានៅទីណាទេ ឲ្យតែមានឮថា សិល្បករណាមួយជួបការលំបាក ក្រុមលោកតែងតែ ប្រមូលថវិកា ទោះជាតិច ក្តីច្រើនក្តី យកមកជួយជានិច្ច ។

តារាកំប្លែងធ្លាប់តែសម្តែង ប្រើពាក្យកំប្លុកកំប្លែងនៅក្នុងក្រុមកំប្លែង របស់នាយកុយ គឺយាយខ្លី បានបាត់វត្តមានពីវិថីសិល្បៈអស់មួយរយៈពេលធំ ដោយសារធ្លាក់ខ្លួន ឈឺធ្ងន់ ។ សូមឲ្យបងប្អូនអ្នកសិល្បៈទាំងអស់ បរិច្ចាគអ្វីក៏បាន ដើម្បីជួយយាយខ្លី ដែលកំពុងត្រូវការ ជំនួយជាចាំបាច់ ។

បើតាមកូនស្រីទី៤ របស់យាយខ្លី ឈ្មោះ ញ៉ែម សារ៉ុម បានប្រាប់ឲ្យដឹងថា ស្ថានភាព ជំងឺម្តាយរបស់នាងពេលនេះ មានអាការកាន់តែធ្ងន់ធ្ងរជាងមុន ។ បើគិតរហូត មកដល់ពេលនេះ ប្រមាណ៦ថ្ងៃមកហើយ ដែលម្តាយរបស់នាង សម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។ កន្លងមកជំងឺរបស់គាត់ មានតែត្រឹម ៣-៤ មុខទេ តែដល់ ពេលថ្មីៗនេះ គ្រូពេទ្យបានប្រាប់ថា ម្តាយរបស់នាង មានជំងឺមួយទៀត ដែលគ្រូពេទ្យនៅក្នុង មន្ទីពេទ្យកាល់ម៉ែត្រ ទើបតែរកឃើញ គឺជំងឺរបេងឆ្អឹង ។

អ្នកស្រី សារ៉ុម បានបន្តទៀតថា «ខ្ញុំនិងគ្រួសារពិតជាមានការលំបាកណាស់ គ្មានលុយគ្រប់គ្រាន់ក្នុងការទិញថ្នាំ ចំណាយលើការមើលថែ ទាំជំងឺគាត់ទេ កន្លងមកដោយ សារតែមានខាងអ្នកសិល្បៈ និងសប្បុរសជនខ្លះគាត់ផ្តល់ជំនួយមក ទើបអាចបន្ត ព្យាបាលគាត់ រហូតដល់ពេលនេះ។ តែសម្រាប់ថ្ងៃ បន្ទាប់ទៀត ខ្ញុំមិនដឹងថាយ៉ាង ម៉េចទេ ព្រោះកូនៗគ្មានលុយមើលទេ ។ ដូច្នេះឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សុំធ្វើការអំពាវនាវ ស្វែងរកជំនួយ ពីសប្បុរសជន ជួយឧបត្ថម្ភ ដល់ម្តាយខ្ញុំផង»។

យាយខ្លីមិនអាចកំរើកខ្លួនបានទេ ដោយសារតែស្ថានភាពជំងឺគាត់ មានទាំងទឹកនោមផ្អែម ជំងឺថ្លើម ពុកឆ្អឹង និងរបេងឆ្អឹង បើគាត់កំរើកខ្លួន ស្រួលមិនស្រួល អាចបាក់ ឆ្អឹង និងធ្វើឲ្យគាត់ឈឺចាប់ពេញខ្លួនរាល់ថ្ងៃ គាត់អាចសម្ងំគេងមិនសូវឈឺ គឺទាល់តែចាក់ ថ្នាំលេបថ្នាំ តែដល់ពេល អស់ជាតិថ្នាំ គាត់ត្អូញឈឺគ្រប់កន្លែង ។ ពេលនេះ យាយខ្លី ក៏មិនអាចបរិភោគអាហារអ្វីបានទេ គ្រូពេទ្យបានដាក់ទុយោ តាមច្រមុះ ដើម្បីបង្ហូរ ទឹកបបរ និងទឹកឲ្យគាត់ មានកម្លាំងខ្លះ ។

កូនស្រីរបស់យាយខ្លី ក្នុងស្ថានភាពកាន់តែធ្ងន់ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះគាត់សុំទទូចទៅដល់សប្បុរសជន ទាំងក្នុងនិងក្រៅស្រុក សុំមេត្តាផ្តល់ ជាជំនួយ (ថវិកា) ដល់គាត់ផងចុះ ដើម្បីយកមកព្យាបាលបន្ត ។ ប្រសិនបើមានបងប្អូន ប្រជាពលរដ្ឋណា ចង់ផ្តល់ជាអំណោយ ឬថវិកា ជួយយាយខ្លី អាចទាក់ទង មកបន្ទប់សង្គ្រោះ បន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត ឬក៏ទាក់ទងមកលេខ ទូរស័ព្ទ ០១២ ៦៥ ៤៤ ៥៧ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news