CamNews

តារា 

ម៉េង កែវពេជ្ជតា រំឭកដល់អ្នកលេង Facebook គិតពីសីលធម៌សង្គម មុននឹងបង្ហោះរូបអាសអាភាស

ភ្នំពេញ៖ តារាចម្រៀង មានទឹកដមសំនៀងពីរោះផ្អែមស្រទន់ ដូចរៃកណ្ដឹង មានឈ្មោះល្បីរន្ទឺរាប់ឆ្នាំ អ្នកនាង ម៉េង កែវពេជ្ជតា បានចេញមុខស្នើ ទៅដល់ទស្សនិកជន ក៏ដូចជាអ្នកដែលនិយមលេងបណ្តាញ ទំនាក់ទំនង សង្គមយក្ស Facebook ទាំងអស់ សូមមេត្តាកុំយករូបភាព អាសអាភាសមកបង្ហោះ នៅលើបណ្តាញមួយនេះ ព្រោះថា វាជាទង្វើអសីលធម៌ និងធ្វើឲ្យក្មេងៗ ឃើញរូបភាពបែបនោះ នាំឲ្យមានការភ្លើតភ្លើន។

តាមរយៈសារដ៏វែងអន្លាយ របស់តារាចម្រៀងល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេររៀបរាប់ ឲ្យដឹងថា «មិនមែនសំណូមពរទេ តែជាការរំឭកដល់បងប្អូន ដែលចូលចិត្ត post រូបទាំងឡាយ មានលក្ខណៈ អសីលធម៌ គ្រប់បែបយ៉ាងនេះ ល្មមដល់ពេលបញ្ឈប់បានហើយ ។ ថ្វីត្បិត ប្រព័ន្ធសង្គម Facebook គឺជាបណ្តាញសារព័ត៌ មានសារធារណៈ ប៉ុន្តែអ្នកនិយមលេង Facebook ឬប្រព័ន្ធដទៃទៀតទាំងអស់ ក៏មានអ្នកភាគច្រើន មិនចូល ចិត្តឃើញរូបភាពបែប អានាចារ ដូច្នេះដែរ ព្រោះគាត់មានកូនស្រី ប្អូនស្រី ដែលមានវ័យក្មេងសេចក្តី មិនចង់ ឲ្យប៉ះពាល់ ដល់ការអប់រំ ក្នុងគ្រួសាររបស់ពួកគាត់»។

តារាចម្រៀងវ័យជ្រេ ប៉ុន្តែអាចរក្សាកេរ្តិ៍ឈ្មោះ នៅល្បីដដែលរូបនេះ បានរៀបរាប់ទៀតថា «ការយករូបបែប នេះ(រូបអាសអាភាស) មកបង្ហាញ ប្រៀបបាននឹងការបញ្ជ្រៀប ផ្នត់គំនិតបែបអាវាសែ ពីបរទេសដល់ក្មេងស្រី ប្រុស ឲ្យភ្លើតភ្លើន ធ្វើតាម ព្រោះយល់ច្រឡំថា ជារឿងធម្មតា ក្នុងសម័យជឿនលឿន របស់ពិភពលោក ដែលវាប្រាសចាកឆ្ងាយពីវប្បធម៌ សីលធម៌ ដ៏ថ្លៃថ្នូរបស់ខ្មែរ និងរបស់ប្រទេសជាតិទាំងមូល ។ អ្នកធ្វើ គេមានបំណងរបស់គេ ឯអ្នកមើលខ្វះការពិចារណា យកមកអនុវត្តតាម គឺទទួលគ្រោះថ្នាក់។ ឧទាហរណ៍ជាក់ស្តែង បច្ចុប្បន្ន ដែលចេះតែមានករណី ចាប់រំលោភ និងសកម្មភាព អសីលធម៌ផ្សេងៗ គ្រប់រូបភាពកើតឡើង ដែលភាគីបុរស មិនថាក្មេង ឬចាស់ សូម្បីតាចាស់ជិតស្លាប់ ក៏អាចប្រព្រឹត្តអានាចារលើកុមារ ឬលើស្ត្រីមួយចំនួនបានដែរ ។ នេះគឺមកពីការផ្សព្វផ្សាយ និង យុវតីមួយចំនួនគាត់ចូលចិត្តស្លៀកពាក់ បិទបាំងស្ទើរមិនជិតបូកផ្សំនឹងការ បង្ហោះរូបភាពបញ្ចេញ សាច់កណ្តាលវាលទៀត ..»។

ក្នុងន័យនេះ តារាចម្រៀងសំនៀងរៃកណ្ដឹង ម៉េង កែវពេជ្ជតា បានសង្កត់ធ្ងន់ថា «លោកអ្នកចាប់អារម្មណ៍ទេ ? តាំងពីមានប្រព័ន្ធផ្សព្វផ្សាយ បែបទំនើប ជាសាធារណៈមក បទឧក្រិដ្ឋប្លែកៗ កើតឡើង ក្មេងទំនើងក៏ច្រើន ហើយភាសានិយាយក៏មិនសម ពាក្យលេងយកធ្វើមែន ពាក្យមែនយកធ្វើលេង ច្របល់អស់ហើយ ។ និយាយឲ្យចំខ្មែរមួយចំនួន លែងចង់ស្គាល់ អត្តសញ្ញាណរបស់ខ្លួនអស់ហើយ ជាហេតុធ្វើឲ្យបរទេសហ៊ានមាក់ងាយ ជនជាតិខ្មែរត្រង់ៗតែម្តង ។ ដូចពាក្យចាស់ពោលថា "វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កាន"..»៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh