ភ្នំពេញ៖ ពិធីមង្គលការ តារាសម្ដែងល្បីឈ្មោះ នាង សារាយ សក្ខណា និងលោក កែវ ប៊ុនមេត្រី បាន ប្រព្រឹត្តិទៅដោយរលូន និងមានភាពអធឹកអធម កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៣ នេះ ដោយមាន ញាតិមិត្ត បងប្អូន ទាំងខាងប្រុស ទាំងខាងស្រីអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។ ថ្វីដ្បិតតែ នាង សារាយ សក្ខណា ជាតារាសម្ដែងធម្មតាៗ ដែលមិនមានឋានៈអ្វីធំដុំ ក៏ពិតមែន តែពិធីមង្គលការ របស់នាង ត្រូវបានគេមើលឃើញថា មានការរៀបចំតុបតែង លំអយ៉ាងប្រណិត មានរោងពិធីវែងធំ អមដោយផ្កាភ្ញីចម្រុះពណ៌ ទាំងក្នុងគេហដ្ឋាន និងក្រៅគេហដ្ឋាន ប្រៀបបីដូចជា មង្គលការកូនអ្នក ជំនួញល្បី ឬមន្ត្រីមានបុណ្យស័ក្តិធំទៅហើយ។
តាំងពីព្រឹកព្រហាម ថ្ងៃទី១២ នេះ គេសង្កេតឃើញថា មានរៀបចំពិធីផ្សេងៗតាមបែបប្រពៃណីខ្មែរ ដូចជាហែជំនូន ពិសារស្លាដក់ស្លាកន្សែង រាប់ផ្លែឈើ ពិធីកាត់សក់បង្កក់ សិរី ចងដៃ និងពិធីសំពះផ្ទឹម ជាដើម ខណៈដែលអ្នកចូលរួម បានលាន់មាត់សរសើថា គូស្វាមីភរិយាថ្មីនេះ ពិតជាសមគ្នាឥតខ្ចោះ តែម្ដង។ ពិធីមង្គលការនេះ ត្រូវបានប្រារព្ធឡើង នៅគេហដ្ឋានរបស់នាង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ខាងជើងវត្តអង្គតាមិញ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល